A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 23 May 2013

A Vietnamese company in Mondulkiri accused of using weapons to threaten villagers ក្រុមហ៊ុន​វៀតណាម​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប្រើ​អាវុធ​គំរាម​អ្នក​ភូមិ

ដោយ រដ្ឋា វិសាល RFA
2013-05-22
ប្រជាពលរដ្ឋ​ជា​សហគមន៍​ប្រមូល​អនុផល​ព្រៃ​ឈើ​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ​ឈ្មោះ បិញភឿក១ (Bin Phoeurk Kraatie Rubber I) មាន​ដី​សម្បទាន​ត្រួត​ស៊ី​គ្នា​ជាមួយ​ព្រៃ​សហគមន៍ បាន​ប្រើប្រាស់​កង​កម្លាំង​រាជ​អាវុធហត្ថ​បាញ់​គំរាម​ប្រជាពលរដ្ឋ និង​បាន​ចាប់​រណា​យន្ត​ពី​កម្មករ​ក្រុមហ៊ុន​ចូល​មក​អារ​រំលំ​ដើម​ឈើ​ផលិត​ ទឹក​ជ័រ ឬ​ដើម​ច្បោះ​អ្នក​ភូមិ​អស់​រាប់​ពាន់​ដើម។
ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ពុធ ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣ កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជួយ​ការពារ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​រំលោភ​បំពាន​ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​អ្នក​ការពារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម។
តំណាង​សហគមន៍ លោក វណ្ណា ខើច មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា កន្លង​ទៅ កង​រាជ​អាវុធហត្ថ​ឯក​សណ្ឋាន​មាន​គ្នា ១០​នាក់ ដឹកនាំ​ដោយ​ឧកញ៉ា ឈ្មោះ អុល ប្រដាប់​ដោយ​អាវុធ​វែង ៤​ដើម និង​អាវុធ​ខ្លី ២​ដើម បាន​បាញ់​គំរាម​ចំនួន​បី​គ្រាប់ ខណៈ​ពេល​ពួក​គេ​ចូល​មក​ភូមិ​ដើម្បី​ទាមទារ​ម៉ាស៊ីន​កាត់​ឈើ​ដែល​ប្រជាពលរដ្ឋ ​រឹប​អូស​ពី​អ្នក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។
លោក​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​នោះ ជា​ក្រុម​ការពារ​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ បិញភឿក១៖ «ពេល ​ចូល​ភូមិ​ការពារ​ឧកញ៉ា​ហ្នឹង កាំភ្លើង​ខ្លី ២​ដើម កាំភ្លើង​អាកា ៤​ដើម។ វា​ដូច​គំរាម​អ៊ីចឹង សុទ្ធ​តែ​ប៉េអិម ឮ​បាញ់​ពី​ព្រៃ​តាម​ផ្លូវ ២​គ្រាប់ មក​ដល់​ក្នុង​ភូមិ​វា​បាញ់ ១​គ្រាប់​ថែម​ទៀត វា​មក​ចូល​យក​ម៉ាស៊ីន»

សេចក្តី​រាយការណ៍​របស់​ក្រុម​សហគមន៍ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា អ្នក​ភូមិ​បាន​ចុះ​ត្រួត​ពិនិត្យ​ព្រៃ​សហគមន៍ ហើយ​បាន​ប្រទះ​ឃើញ​កម្មករ​ច្រើន​នាក់​កំពុង​អារ​រំលំ​ដើម​ឈើ​ផលិត​ទឹក​ជ័រ​ របស់​អ្នក​ភូមិ ទើប​ក្រុម​សហគមន៍​បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ៥​គ្រឿង មក​រក្សា​ទុក​នៅ​ស្នាក់​ការ​គណៈកម្មការ​សហគមន៍ និង​បាន​រាយការណ៍​ជូន​មន្ត្រី​ភូមិ​ឃុំ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ ប្រជាពលរដ្ឋ ហើយ​បាន​ចូលរួម​ជាមួយ​ក្រុម​ឧកញ៉ា​ឈ្មោះ អុល អ្នក​ម៉ៅការ​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន ជំរុញ​ឲ្យ​អ្នក​ភូមិ​ប្រគល់​ម៉ាស៊ីន​កាត់​ឈើ​ជា​ថ្នូរ​នឹង​បង់​ប្រាក់ ៨០​ម៉ឺន​រៀល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន បិញភឿក១ ដើម្បី​បំភ្លឺ​ចំពោះ​សេចក្តី​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី២២ ឧសភា។
ក៏ប៉ុន្តែ មេ​ឃុំ​ស្រែព្រះ លោក ព្យើប ប៉េ មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ដែល​ក្រុមហ៊ុន​អារ​រំលំ គឺ​ជា​ដើម​ច្បោះ​របស់​អ្នក​ភូមិ​ដែល​បាន​លក់​មក​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ។ លោក​ទទួល​ស្គាល់​ថា បាន​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​ទទួល​ប្រាក់ និង​ប្រគល់​ម៉ាស៊ីន​កាត់​ឈើ​ឲ្យ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា​តើ​កង​កម្លាំង​អាវុធហត្ថ​ដែល​រួម​ដំណើរ​មក​ ដោះស្រាយ​បញ្ហា​មាន​ផ្ទុះ​អាវុធ ឬ​យ៉ាង​ណា​ទេ៖ «ដឹង​បាញ់​សត្វ​បាញ់​អ្វី ​ទេ ម៉ាស៊ីន​ហ្នឹង​ក្រុមហ៊ុន​គេ​អារ​នៅ​ក្នុង​ផែនទី​របស់​គេ​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ទៅ​ទប់ស្កាត់។ កន្លែង​ប្រជាពលរដ្ឋ​ទៅ​ចាប់​ម៉ាស៊ីន​ហ្នឹង មិន​មែន​ដើម​ជ័រ​ប្រជាពលរដ្ឋ​ភូមិ​គង់​ដែរ ដើម​ជ័រ​ប្រជាពលរដ្ឋ​ពី​ស្រែ​ឈូក ហើយ​ប្រជាពលរដ្ឋ​គេ​លក់​ដើម​ជ័រ​ហ្នឹង»
មន្ត្រី​សម្រប​សម្រួល​អង្គការ​អភិវឌ្ឍន៍​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព ឌី.ភី.អេ (Development and partnership in Action = DPA) លោក ហុក សុច័ន្ទដា មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​នេះ​មាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពី​ក្រសួង​កសិកម្ម ចំណែក​អ្នក​ភូមិ​បាន​មក​ការិយាល័យ​របស់​លោក​នៅ​ថ្ងៃ​ពុធ ទី២២ ខែ​ឧសភា និង​បាន​រាយការណ៍​ករណី​នេះ​មក​អង្គការ​លោក​ជួយ​អន្តរាគមន៍។ លោក​អះអាង​ថា នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ពាក់ព័ន្ធ ដើម្បី​ផ្ទៀងផ្ទាត់​សេចក្តី​រាយការណ៍៖ «សហគមន៍​គាត់​មក​ជួប​ខាង​យើង ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​គាត់ៗ​ចង់​ឲ្យ​អង្គការ​ជួយ។ ជាក់ស្តែង គាត់​មក​រាយការណ៍​រឿង​ហ្នឹង»
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​ទេ។ លោក​បន្ត​ថា ប្រសិន​សហគមន៍​ចាប់​បាន​វត្ថុ​តាង​បទ​ល្មើស​ព្រៃ​ឈើ ត្រូវ​ប្រគល់​មក​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ ដើម្បី​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ៖ «ខ្ញុំ​អត់​បាន​ដឹង​រឿង ដល់​ពេល​គាត់​ស្ងាត់ៗ​តែ​គ្នា​គាត់​ទៅ ខ្ញុំ​អត់​បាន​ដឹង ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​មើល»
យ៉ាង​នេះ​ក្តី តំណាង​អ្នក​ភូមិ ឲ្យ​ដឹង​ថា ដើម​ច្បោះ​អ្នក​ភូមិ​ប្រមាណ ៤​ពាន់ ទៅ ៥​ពាន់​ដើម ត្រូវ​គេ​អារ​រំលំ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​កន្លង​ទៅ​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: