ដោយ ខែ សុណង RFA
2013-05-23
2013-05-23
ប្រជាពលរដ្ឋរស់នៅភូមិអង្គរជ័យ ឃុំស្រឡប់
ស្រុកត្បូងឃ្មុំ
បានប្រតិកម្មចំពោះសមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន
កម្ពុជា ម្នាក់ ដែលបានប្រកាសដកគណៈកម្មការវត្តចេញពីតួនាទី
ដោយសារតែជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ។
បុរសអ្នកភូមិអង្គរជ័យ លោក អុល ចំណាប់ បានឲ្យដឹងនៅថ្ងៃទី២៣ ឧសភា
ថា លោក ជា សុផារ៉ា បានចុះជួបសំណេះសំណាល
និងចែកអំណោយជូនពលរដ្ឋនៅថ្ងៃទី២២ ឧសភា ដោយប្រកាសតាមមេក្រូថា
ដកលោក កើត សារ៉េត ជាអនុគណៈកម្មការវត្តគូសាលា ហៅវត្តខ្នារ
ស្ថិតនៅភូមិត្រពាំងគូ ចេញពីវត្ត ដោយហេតុផលថា
លោកបានបំផុសបំផុលពលរដ្ឋមាននិន្នាការប្រឆាំង
មិនគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកថា ការប្រកាសនេះ
ត្រូវបានអ្នកភូមិមិនពេញចិត្តនោះទេ
ដោយសារតែអ្នកភូមិបានចាត់ទុកលោក កើត សារ៉េត
ជាចាស់ព្រឹទ្ធាចារ្យម្នាក់ដែលមានគុណធម៌នៅក្នុងសហគមន៍។
នៅម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃដដែល អាជ្ញាធរមូលដ្ឋាន
និងមន្ត្រីធម្មការ និងសាសនា ស្រុកត្បូងឃ្មុំ
បានយកលិខិតដែលជាសេចក្ដីសម្រេចផ្លាស់ប្ដូរសមាសភាពគណៈកម្មការវត្ត
ដាក់ជូនលោក កើត សារ៉េត ចុះហត្ថលេខា។
ប្រធានការិយាល័យធម្មការ និងសាសនា ស្រុកត្បូងឃ្មុំ លោក សុខ សុវណ្ណ
មានប្រសាសន៍ថា ការដកលោកចេញពីតួនាទីនេះ
ការិយាល័យពុំមើលឃើញថាលោក កើត សារ៉េត មានកំហុសអ្វីនោះទេ។
ប៉ុន្តែនេះជាការផ្លាស់ប្ដូរសមាសភាពគណៈកម្មការវត្តប៉ុណ្ណោះ
ហើយតួនាទីជាអនុគណៈកម្មការវត្តដែលលោកបានធ្វើកន្លងមក
ពុំស្របច្បាប់ទេ។
ឆ្លើយតបបញ្ហានេះ អនុគណៈកម្មការវត្តគូសាលា លោក កើត សារ៉េត អាយុ
៧១ឆ្នាំ ដែលរងការបញ្ឈប់ពីតួនាទី បានថ្លែងថា
លោកយល់ថាការសម្រេចបញ្ឈប់លោកពីតួនាទី ជារឿងអយុត្តិធម៌ចំពោះលោក។
លោកថា ការធ្វើសកម្មភាពក្នុងសមាគមអ្នកប្រជាធិបតេយ្យ
ពុំមានបំផុសបំផុលផ្នែកនយោបាយឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ជា សុផារ៉ា
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
និងជាសមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានទេ
នៅថ្ងៃទី២៣ ឧសភា។
អ្នកភូមិបានឲ្យដឹងថា ពួកគេនឹងផ្ដិតមេដៃគាំទ្រសុំឲ្យលោក កើត សារ៉េត បន្តធ្វើជាអនុគណៈកម្មការវត្តគូសាលា ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment