ដោយ ទីន ហ្សាការីយ៉ា
2013-03-24 RFA
ខ្មែរកម្ពុជាក្រោមពីរនាក់
ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅថ្ងៃព្រឹកថ្ងៃទី២៤ មីនា
ដោយសារពួកគេចូលរួមប្រឆាំងនឹងការប្រកាសដកព្រះចៅអធិការស្ដីទីវត្ត
ព្រៃជាប់ នៅខែត្រឃ្លាំង។ ការប៉ុនប៉ងចាប់ផ្សឹកព្រះចៅអធិការវត្តនេះ
មិនមែនជាលើកទី១ទេដែលអាជ្ញាធរវៀតណាម
សហការនឹងសមាគមព្រះសង្ឃស្នេហាជាតិខ្មែរកម្ពុជាក្រោម
ដើម្បីចង់ចាប់ផ្សឹកព្រះចៅអធិការវត្តនោះ។
សហព័ន្ធខ្មែរកម្ពុជាក្រោមស្វែងរកអន្តរាគមន៍ពីអង្គការសិទ្ធិ
មនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
ដើម្បីសុំឲ្យអន្តរាគមន៍រដ្ឋាភិបាលវៀតណាម បញ្ឈប់ការយាយីលើព្រះសង្ឃ
និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅប្រទេសវៀតណាម។
ការអំពាវនាវនេះ ធ្វើឡើងភ្លាមៗនៅបន្ទាប់ពីអាជ្ញាធរវៀតណាម
បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួនពីរនាក់
នៅព្រឹកថ្ងៃទី២៤ មីនា គឺឈ្មោះ លី មឿន (Ly Moeun) អាយុ ៣០ឆ្នាំ
និងឈ្មោះ តាំង មិញ (Tang Minh) អាយុ ២៨ឆ្នាំ។
ការចាប់ខ្លួនអ្នកពីរនៅខណៈដែលពួកគាត់បានចូលរួមជាមួយ
ប្រជាពលរដ្ឋជាច្រើនទៀត នៅភូមិព្រៃជាប់ ឃុំទឹកសាប ខែត្រឃ្លាំង
តវ៉ារឿងផ្សឹកព្រះសង្ឃ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា
គណៈកម្មការព្រះសង្ឃខែត្រ
និងជាសមាជិកសភាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅទីក្រុងហាណូយ
ព្រះតេជគុណ ថាច់ ហ៊ន សហការនឹងអាជ្ញាធរវៀតណាម
បានចេញសេចក្ដីប្រកាសបណ្ដេញព្រះតេជព្រះគុណ លី ចិន្ដា
ដែលជាព្រះចៅអធិការវត្តព្រៃជាប់ស្ដីទី ចេញពីតួនាទី
និងឲ្យព្រះអង្គវិលមកស្រុកខ្មែរវិញ ដោយគេចោទព្រះអង្គថា
ជាព្រះសង្ឃមកពីកម្ពុជា។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា ព្រះតេជព្រះគុណ លី ចិន្ដា
មានស្រុកកំណើតនៅខែត្រឃ្លាំង
ប៉ុន្តែព្រះអង្គធ្លាប់មករៀននៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១០
មិនមែនព្រះអង្គជាព្រះសង្ឃនៅកម្ពុជានោះទេ
ដូច្នេះហើយបានជាប្រជាពលរដ្ឋមានការប្រតិកម្មចំពោះបញ្ហានេះ។
ឆ្លើយតបទៅនឹងបញ្ហានេះ
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងព្រះតេជព្រះគុណ ថាច់ ហ៊ន
ជាសមាជិកគណៈកម្មការសង្ឃខែត្រ
និងជាតំណាងរាស្ត្រប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៃបក្សកុម្មុយនីស្ថ
វៀតណាម ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី២៤ មីនា
ដោយអ្នកលើកទូរស័ព្ទរបស់ព្រះតេជព្រះគុណថាច្រឡំលេខ។
ដោយឡែកនៅឃុំវិញហាយ (Vinh Hay) ខែត្រឃ្លាំង ប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត អាជ្ញាធរវៀតណាមកំពុងតាមចាប់ខ្លួន។
ព្រះសង្ឃសុំមិនបញ្ចេញព្រះនាមនៅវត្តសិរីតាសេក ខែត្រឃ្លាំង
មានថេរដីកាថា កាលពីថ្ងៃទី២១ មីនា
ប៉ូលិសសម្ងាត់វៀតណាមបានទៅហែកទង់សាសនាចោល
ដែលដាក់នៅជាប់របងវត្តនោះ ហើយឈ្មោះ ថាច់ ភូមរិន្ទ
លួចថតសកម្មភាពនគរបាលវៀតណាម ហែកទង់សាសនាចោលនោះ
តែក្រោយមកអាជ្ញាធរវៀតណាម ដឹងរឿងនេះ។ ហើយកាលពីថ្ងៃទី២៣ មីនា
គេបានកោះហៅឈ្មោះ ថាច់ ភូមរិន្ទ
និងប្រជាពលរដ្ឋមួយចំនួនទៀតទៅសាលាឃុំ
ដោយសួរអំពីមូលហេតុដាក់ទង់ជាតិសាសនានោះ។ ព្រះតេជព្រះគុណឲ្យដឹងថា
ឥឡូវនេះអាជ្ញាធរវៀតណាម ស្វែងរកចាប់ខ្លួនឈ្មោះ ថាច់ ភូមរិន្ទ
និងឈ្មោះ សឺន ណា បន្ទាប់ពីសាកសួរកាលពីថ្ងៃទី២៣ មីនា នោះ។
ទាក់ទងនឹងបញ្ហានេះ លោក ថាច់ ង៉ុកថាច់ បានពន្យល់ថា អាជ្ញាធរវៀតណាម
បានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីគាបសង្កត់ព្រះសង្ឃ
និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ពិសេសគេបានប្រើសមាគមព្រះសង្ឃស្នេហាជាតិ
ដែលជាសមាជិកគណបក្សកុម្មុយនិស្តវៀតណាមនោះ
ដើម្បីធ្វើសេចក្ដីសម្រេចផ្សេងៗ ពិសេសការចាប់ផ្សឹកព្រះសង្ឃ
និងព្រះចៅអធិការវត្ត ដោយគេចោទប្រកាន់ថា
ព្រះសង្ឃទាំងនោះបានធ្វើខុសនឹងវិន័យសង្ឃ
ដូចជាព្រះសង្ឃនៅវត្តសិរីតាសេកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment