ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី៧ ខែមីនា
បានព្រមានចំពោះមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល
និងមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
មិនឲ្យនិយាយទម្លាយការសម្ងាត់នានាប្រាប់អ្នកកាសែត
បើសិនណាមន្ត្រីអ្នកនាំពាក្យនោះមិនបានដឹង យល់មិនច្បាស់លាស់។
ប៉ុន្តែលោកក៏មិនបានប្រកាសដាក់ទណ្ឌកម្មយ៉ាងណានោះទេ
បើសិនណាមន្ត្រីនោះធ្វើល្មើសនឹងការព្រមាននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជាចំហថា
អ្នកនាំពាក្យនានាសូមកុំតាំងខ្លួននិយាយគ្រប់រឿងនាំឲ្យមាន
កំហុស។
ការព្រមាននេះធ្វើឡើងជាសាធារណៈនៅក្នុងពិធីប្រគល់សញ្ញាបត្រជូន
និស្សិតមន្ត្រីជាន់ខ្ពស់ជាច្រើនរយនាក់នៅរាជធានីភ្នំពេញ
នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា
ប៉ុន្តែលោកមិនបានបញ្ជាក់ចំឈ្មោះលើមន្ត្រីអ្នកនាំពាក្យណាមួយ
ទេ។
លោក ហ៊ុន សែន៖ «មានអ្នកខ្លះគេសួរទៅមិនទាន់ដឹងរឿងស្អីផង
មិនថានៅក្នុងគណបក្សប្រជាជន ឬខាងរាជរដ្ឋាភិបាល
ឬខាងបក្សប្រឆាំងទេ។ ...ដូចជារឿងខ្លះអត់ទាន់ស្ដាប់ខ្ញុំនិយាយ
ពីព្រោះទូរទស្សន៍ និងវិទ្យុអត់ទាន់ចាក់ផ្សាយ
ធ្វើអត្ថាធិប្បាយអ៊ីចឹងទៅ លេងទៅ... រួចហើយអ្នកសរសេរនោះទៀត
ខ្ញុំមើលសារព័ត៌មាន...។ អញនិយាយដាក់ទូរទស្សន៍
គេចាក់ផ្សាយគ្រប់ទូរទស្សន៍ កោតតែវាសរសេរខុសកើត។
អ៊ីចឹងបានជាខ្ញុំគ្រាន់តែផ្ដល់មតិទេ
សារព័ត៌មានបែបហ្នឹងលែងមានតម្លៃ»។
ទោះយ៉ាងនេះក្ដី ការប្រកាសហាមឃាត់នេះ ទំនងជាសំដៅទៅលើលោក ជាម
យៀប ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
និងអ្នកនាំពាក្យសភាជាតិ
ព្រមទាំងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ
និងសេដ្ឋកិច្ចរបស់សភាជាតិ។
លោកធ្លាប់បានប្រាប់អ្នកកាសែតអំពីកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក
ហ៊ុន ម៉ានី
បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ស្ពឺ
សម្រាប់ការបោះឆ្នោតសកលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
លោក ហ៊ុន សែន បានសំដែងការមិនសប្បាយចិត្តចំពោះរឿងនេះថា
ជាទម្លាយការសម្ងាត់ទៅខាងក្រៅ
ធ្វើឲ្យមានការធ្វើអត្ថាធិប្បាយច្រើនជុំវិញរឿងនេះ
ថាជាការដឹកនាំបែបសន្តតិវង្ស ឬការដឹកនាំតពូជ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ជាម យៀប បានទេ នៅថ្ងៃទី៧
ខែមីនា ដើម្បីសុំការបំភ្លឺ
ដោយសារលោកបានបិទទូរស័ព្ទមិនអាចទាក់ទងបាន។
លោក ហ៊ុន ម៉ានី ជាកូនប្រុសលោក ហ៊ុន សែន អាយុប្រមាណ ៣០ឆ្នាំ
បានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែកយោធានៅសាកលវិទ្យាល័យយោធានា
ទីក្រុងវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កន្លងមក។
បច្ចុប្បន្នលោកជាប្រធាននៃចលនាយុវជនគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងការព្រមាននេះដែរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី
មូរ សុខហួរ បានមានប្រសាសន៍ថា នេះជាការបិទមាត់
និងបិទសេរីភាពសារព័ត៌មាននៅមុនពេលបោះឆ្នោតសកលឈានមកដល់ខាងមុខ
នេះ៖ «នាយករដ្ឋមន្ត្រីមិនអាចមានសិទ្ធិអ្វីរារាំងឲ្យគេនិយាយ
ឬមិននិយាយទេ សិទ្ធិក្នុងការបញ្ចេញមតិជាសិទ្ធិរបស់គេហើយ
គេនិយាយខុស ឬនិយាយត្រូវជាការទទួលខុសត្រូវរបស់គេ។
សញ្ញាទាំងអស់នេះ
មិនមែនជាសញ្ញាវិជ្ជមាននៅពេលដែលយើងឈានចូលការបោះឆ្នោតខាងមុខ
នេះទេ»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ
និងជាចាងហ្វាងកាសែតរស្មីកម្ពុជា បានមានប្រសាសន៍ថា
ការព្រមាននេះមិនប៉ះពាល់ដល់សេរីភាពក្នុងការផ្ដល់ព័ត៌មាន
ឬទទួលព័ត៌មានទេ ពីព្រោះវាជាវិន័យក្នុងការងារ៖ «ខាងមន្ត្រី
រាជរដ្ឋាភិបាល មន្ត្រីគណបក្សក៏ដោយ ធ្វើការត្រូវមានវិន័យមួយថា
ខ្លួនមានសមត្ថកិច្ចក្នុងការនិយាយឬក៏អត់?
បើខ្លួនមានសមត្ថកិច្ចនិយាយ អាហ្នឹងនិយាយទៅ ប៉ុន្តែបើអត់ទេ
យើងបែរជានិយាយ វាមិនមានប្រយោជន៍អ្វី»។
កន្លងមកសកម្មជនការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
ព្រមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិ
មនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
ធ្លាប់បានរិះគន់ថា សេរីភាពនៃការបញ្ចេញមតិ សេរីភាពប្រមូលផ្ដុំតវ៉ា
និងសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែរួមតូចចង្អៀត
និងរងការគំរាមកំហែង។
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនដែលបានចេញផ្សាយ
សម្រាប់ឆ្នាំ២០១១ និងឆ្នាំ២០១២
ស្ដីពីស្ថានការណ៍សេរីភាពសារព័ត៌មាននៅកម្ពុជា កន្លងមកនេះ
បានចាត់ចំណាត់ថ្នាក់កម្ពុជា ស្ថិតនៅលំដាប់លេខរៀង ១១៧
នៅក្នុងចំណោមប្រទេស ១៧៩ គឺមានន័យថា សេរីភាពសារព័ត៌មាននៅកម្ពុជា
ស្ថិតក្នុងសភាពយ៉ាប់យ៉ឺននៅឡើយ។
លោក ហ៊ុន សែន រំឭកមន្ត្រីឲ្យប្រព្រឹត្តអំពើល្អ
នៅថ្ងៃដដែលនេះដែរ លោក ហ៊ុន សែន
ក៏បានក្រើនរំលឹកឲ្យមន្ត្រីរដ្ឋាភិបាល
និងមន្ត្រីគណបក្សប្រជាជនកម្ពុជានានា
ប្រព្រឹត្តនូវអំពើល្អចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន
ដើម្បីឲ្យពួកគាត់ស្រឡាញ់ និងចូលចិត្ត
ហើយនៅពេលដែលមន្ត្រីនោះបញ្ចប់ពីការងារ
គឺធ្វើឲ្យប្រជាពលរដ្ឋសោកស្ដាយ និងអាឡោះអាល័យ។
លោកបានបញ្ជាក់ថា មន្ត្រីរាជការមិនមែនជាអ្នកត្រួតត្រាលើប្រជាពលរដ្ឋទេ ផ្ទុយទៅវិញ គឺជាខ្ញុំបម្រើប្រជាពលរដ្ឋ៖ «ជា
អ្នកផ្ដល់សេវាជូនប្រជាជន ត្រូវចាំឲ្យច្បាស់ទៅលើចំណុចនេះ។
បើតែងតាំងជាមន្ត្រី
ហើយបែរជាថាខ្លួនជាម្ចាស់របស់ប្រជាជនជាចៅហ្វាយរបស់ប្រជាជន
នេះគឺជាការខុសឆ្គងដ៏ធ្ងន់ធ្ងរនៃសីលធម៌របស់មន្ត្រី»។
ទាក់ទងនឹងការលើកឡើងនេះ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម
រង្ស៊ី បានមានប្រសាសន៍ប្រតិកម្មថា ការណែនាំរបស់ប្រមុខរដ្ឋាភិបាល
លោក ហ៊ុន សែន នោះ ប្រៀបបានជាខ្យល់
ពីព្រោះគាត់មិនបានធ្វើជាគំរូល្អសម្រាប់ឲ្យប្រជាពលរដ្ឋអនុវត្ត
តាមឡើយ។
អ្នកស្រីបន្តថា មានមន្ត្រីគណបក្សប្រជាជនកម្ពុជា
មួយចំនួនបានរំលោភយកដីធ្លីពីប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានដោយ
គ្មានទោសពៃរ៍អ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
stop fooling around RFA,
i had read news / radio, it not like u said,, on ur articles...
i don't believe RFA any more,
big boss RFA needs to look into this matter asap.
stop, stop,, exaggerated
What secret Hun Sen has to hide? As a government and as the PM Hun Sen must be upfront and tell voters and the citizens everything his government or he has been doing. If he has some secrets inside the government, then the people need to know. After all, like he said, the PM is not the boss, but the servant of the people.
Ah Kwak Hun Sen last year made a 4 hour speech on why he gave Khmer land to Youn. During that 4 hours speech, he also reveal his secret, removing all border post and replace it with Casinos.
Post a Comment