Monday, 25 February 2013 ដោយៈដើមអម្ពិល ID:037 DAP News
ភ្នំពេញៈ ក្រុមហ៊ុន Avic Internatioal របស់ចិន បានប្រកាស ពីការនាំចេញ ដំឡូងមីគ្រៀម តាមផ្លូវទឹក ទ្រង់ទ្រាយធំ
លើកដំបូង ពីកម្ពុជា ទៅកាន់ប្រទេសចិន តាមកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ
ចំនួន ៨ពាន់តោន ដែលការនាំចេញថ្មីនេះ ត្រូវទទួលការគាំទ្រយ៉ាងខ្លាំង
ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ។
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍
វិស័យកសិកម្ម និងជនបទកម្ពុជា បានចាត់ទុកថា ព្រឹត្តការណ៍នេះ
ជាសកម្មភាពដ៏ប្រសើរមួយ ក្នុងការជួយរក ប្រភពចំណូល ជូនដល់ ប្រជា កសិករកម្ពុជា
ប្រយោជន៍កាត់បន្ថយ ភាពក្រីក្រ របស់ប្រជាជនផង និងជាឱកាសផ្លាស់ប្តូរ
ពាណិជ្ជកម្ម រវាង ប្រទេសទាំង២ ផង ។
លោកបានមានប្រសាសន៍ ក្នុងពិធីសម្ពោធ បើកការនាំចេញ ដំឡូងមីតាមផ្លូវទឹក
ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅ នៅឯសណ្ឋាគារ
សូហ្វីតែល ភ្នំពេញផូគីត្រា ថា “ដំឡូងមី ជាដំណាំមួយ ដែលកសិករកម្ពុជា
បានដាំដុះនៅលើផ្ទៃដី ជាច្រើនពាន់ហិកតា និងត្រូវបាននាំចេញជាង ៨លានតោន ក្នុង
១ឆ្នាំៗ ទៅកាន់បណ្តាប្រទេសនានា ក្នុងនោះប្រទេសចិន ជាអ្នកនាំមុខគេ
ក្នុងការនាំដំឡូងមី ពីកម្ពុជា ដូច្នេះ នេះជាឱកាសមួយ ដ៏ល្អ នៃការផ្លាស់ប្តូរ
ពាណិជ្ជកម្មកម្ពុជា-ចិន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលទៅអនាគត
លើវិស័យដំឡូងមី” ។
លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
បានមានប្រសាសន៍ថា មានក្រុមហ៊ុនចំនួន ៣១ហើយ ដែលបានចុះបញ្ជី
នាំដំឡូងទៅកាន់ប្រទេសចិន ក្នុងនោះមាន១៧ ក្រុមហ៊ុន ត្រូវបានទទួលស្គាល់
ជាផ្លូវការពី អគ្គរដ្ឋបាលត្រួតពិនិត្យ គុណភាព អធិការកិច្ច និង ចត្តាឡីស័ក
នៃសាធារណរដ្ឋប្រជាមានិតចិន (AQSIQ) ។ ប៉ុន្តែរហូតដល់ពេលនេះ មានតែក្រុមហ៊ុន
៧ប៉ុណ្ណោះ បានធ្វើការនាំចេញ ដំឡូងមី ទៅកាន់ ប្រទេសចិនជាផ្លូវការ
ដែលមានចំនួន ២៩,៧៨៧តោន ។
លោក លីវ រ៉ុងជុន អនុប្រធានក្រុមហ៊ុន Avic Internatioal បានឱ្យដឹងថា
ដំឡូងមីគ្រៀម ជាវត្ថុធាតុដើម ដ៏សំខាន់មួយ សម្រាប់ចម្រាញ់អាល់កុល ហើយអាល់កុល
ជាសមាសធាតុ ដ៏សំខាន់ សម្រាប់ការផលិត ប្រេងឥន្ធនៈមេតាណុល។ លោកថា
បច្ចុប្បន្ន ខណៈដែលការបំពុលផ្សែង ចេញពីរថយន្ត ឬម៉ាស៊ីន កាន់តែ ធ្ងន់ធ្ងរឡើង
ប្រេងឥន្ធនៈ មេតាណុល ប្រភេទការពារបរិស្ថាន មានអនាគតទីផ្សារ ដ៏ធំទូលំទូលាយ ។
លោកបញ្ជាក់ថា “Avic Internatioal ស្ម័គ្រចិត្តពេញទំហឹង
លើគម្រោងដំឡុងមីក្រៀមនៅកម្ពុជា ដើម្បីនាំមកនូវ បណ្តាញអាជីវកម្ម ដ៏ល្អប្រសើរ
សម្រាប់កសិករដាំដំឡូងមីកម្ពុជា ព្រមទាំងលើកកម្ពស់ការដាំដុះដំឡូងមី របស់
ប្រជាកសិករកម្ពុជា ឱ្យកាន់តែមានភាពសកម្ម បង្កើនប្រាក់ចំណូល និងឱកាសការងារ
ថែមទាំង បង្កើនប្រាក់ ចំណូលពន្ធ ជូនដល់រាជរដ្ឋាភិបាលកម្ពុជាទៀតផង” ៕
No comments:
Post a Comment