ភ្នំពេញ:
អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ចំនួន ៩ រូប
បានចុះហត្ថលេខារួមគ្នាលើលិខិត ៤ ច្បាប់
ដើម្បីសួរនាំរដ្ឋមន្ត្រីក្នុងរឿងអាជ្ញាធរខេត្តកំពត លក់
ក្រោមរូបភាពដោះដូរ ពហុកីឡដ្ឋានខេត្ត រោងកុន ៧ មករា
និងព្រលានយន្តហោះខេត្តកំពត។
លិខិតទាំង ៤
ច្បាប់ដាច់ដោយឡែកពីគ្នារបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី
តាមរយៈសម្តេចប្រធានរដ្ឋសភា បានដាក់ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងទៅកាន់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម
និងសំណង់។
ក្នុងខ្លឹមសារលិខិតទាំង ៤ ច្បាប់ ចុះថ្ងៃទី២៨
ខែមករា ឆ្នាំ២០១៣ គឺមានអត្ថន័យដូចគ្នា
ពាក់ព័ន្ធនឹងការស្នើសុំចុះស្រាវជ្រាវករណីអាជ្ញាធរបាន
ដោះដូរពហុកីឡដ្ឋានខេត្ត រោងកុន ៧ មករា និងព្រលានយន្តហោះខេត្តកំពត
ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅឲ្យឈ្មួញជាអ្នកគ្រប់គ្រង។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងថា
"ការដោះដូរទ្រព្យសម្បត្តិរបស់រដ្ឋទាំងនោះ
យើងខ្ញុំមិនឃើញដាក់ចំណូលថវិកានៃការដោះដូរពហុកីឡដ្ឋានខេត្ត
ព្រលានយន្តហោះ និងរោងកុនទាំងនោះមកអនុម័តកញ្ចប់ថវិកាជាតិ ឆ្នាំ២០១៣
នោះឡើយ។ ក្រៅពីនេះ ក៏មានអាជ្ញាធរ
និងមន្ត្រីធំៗមួយចំនួនបានឃុបឃិតគ្នាយកដីព្រលានយន្តហោះ
ជាដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅបែងចែកតាមទំនើងចិត្ត
ដែលមានទំហំប្រមាណជិត ៤០ ហិកតា"។
ក្នុងលិខិតដដែលនោះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
មិនទាន់ចុះហត្ថលេខាបញ្ជូនទៅកាន់ឧបនាយករដ្ឋមន្ត្រី
និងទេសរដ្ឋមន្ត្រីទាំង ៤ រូប នៅឡើយទេ៕ S
No comments:
Post a Comment