រឿងរ៉ាវប្ដឹងផ្ដល់ទៅតុលាការ ចោទប្រកាន់ថាចៅអធិការព្រះនាម
ស្រួយ គីមហ៊ង នៅវត្តប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម
ថាបានធ្វើទារុណកម្មព្រះសង្ឃក្នុងវត្តមួយអង្គព្រះនាម ម៉ាន់ សុខហេង
រហូតដល់សុគតនោះ នៅស្មុកស្មាញនៅឡើយ។
ប្រភពបានអះអាងថា មកទល់ពេលនេះ
ឥទ្ធិពលតុលាការដែលបានចោទនោះមិនអាចយកឈ្នះលើឥទ្ធិពលជំនឿសាសនា
អ្នកគោរពគាំទ្ររបស់ព្រះចៅអធិការវត្តព្រះនាម ស្រួយ គីមហ៊ង
បានឡើយនៅពេលនេះ។
លោក គា អ៊ាវ ជាមេធាវីការពារក្ដីឲ្យដើមបណ្ដឹងអះអាងនៅថ្ងៃទី២
ខែមករា ឆ្នាំ២០១២ ថាព្រះមេគណ អនុគណ និងមន្ត្រីជំនាញខេត្តកំពង់ចាម
កំពុងអន្តរាគមន៍ប្រឆាំងនឹងបទចោទរបស់តុលាការ
ដើម្បីឲ្យជនសង្ស័យរួចផុតពីសំណាញ់ច្បាប់
ខណៈរបាយការណ៍នានាបង្ហាញថាចៅអធិការវត្តប៉ើស២ ព្រះនាម ស្រួយ គីមហ៊ង
គឺជាអ្នកដែលស្ថិតនៅពីក្រោយការសុគតសាមណេរ ម៉ាន់ សុខហេង។
លោក គា អ៊ាវ៖ «និយាយថាឥឡូវស្ថិតសង្ស័យចុះ
ប៉ុន្តែចង់មិនចង់គាត់មានការពាក់ព័ន្ធក្នុងរឿងហ្នឹង
ហើយអ៊ីចឹងត្រូវផ្សឹកគាត់សិន ដើម្បីស្រាវជ្រាវអង្កេតច្បាប់គេ
គាត់គឺជាឧក្រិដ្ឋជន ជនជាប់សង្ស័យក្នុងរឿងបទឧក្រិដ្ឋ។
អ៊ីចឹងបើជាប់សង្ស័យក្នុងបទឧក្រិដ្ឋ
ត្រូវតែផ្សឹកគាត់ដើម្បីស៊ើបអង្កេត ហើយបើយើងមិនផ្សឹកគាត់ហ្នឹង
ពិបាករកភស្តុតាងនោះ»។
ការបញ្ជាក់របស់លោក គា អ៊ាវ
ដែលជាមេធាវីការពារក្ដីឲ្យដើមបណ្ដឹងនៃជនរងគ្រោះរបស់ការិយាល័យ
មេធាវីឯកជនខេត្តកំពង់ចាម នេះ
ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំដ៏ស្វិតស្វាញមួយនៅចំពោះមុខដើម
បណ្ដឹង និងចុងចោទរបស់ថេរសភាសង្ឃ កាលពីចុងខែធ្នូ ឆ្នាំ២០១២។
នៅក្នុងកិច្ចប្រជុំនោះ ព្រះមេគណខេត្តកំពង់ចាម
និងមន្ត្រីសង្ឃមួយចំនួនទៀត សម្រេចមិនឲ្យផ្សឹកចៅអធិការវត្តប៉ើស២
ព្រះនាម ស្រួយ គីមហ៊ង ទេ ដោយចាត់ទុកថាលោកមានភាពស្អាតស្អំ
និងតែងតាំងជាចៅអធិការវត្តប៉ើស២ នេះជាថ្មីឡើងវិញ
ក្រោយពីត្រូវភៀសខ្លួនអស់ជាច្រើនខែមកនោះ។
ទាក់ទិនបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម លោក
រៀល សុភិន លោកបានសម្រេចចោទប្រកាន់រួចហើយទៅលើចៅអធិការវត្តប៉ើស២
ពីបទថាបានប្រើប្រាស់ហិង្សាដោយមានស្ថានទម្ងន់ទោស
បណ្ដាលឲ្យមរណភាពក្រោយពីហេតុការណ៍កើតឡើង។ ក៏ប៉ុន្តែ
សំណុំរឿងបទឧក្រិដ្ឋមួយនេះ ត្រូវបានបញ្ជូនដល់ដៃចៅក្រមស៊ើបសួរ
គឺលោក សែប វិសិដ្ឋមុន្នី រួចហើយ
ក្រោយពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម
សម្រេចចោទប្រកាន់ចៅអធិការវត្តពីបទប្រើប្រាស់ហិង្សាបណ្ដាលឲ្យ
សាមណេរសុគត កាលពីខែមេសា ឆ្នាំ២០១២។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេលើសំណុំរឿងនេះ
ពីលោក សែប វិសិដ្ឋមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ដោយទូរស័ព្ទចូលជាច្រើនលើក
តែពុំមានអ្នកទទួល។
ព្រះមេគណខេត្តកំពង់ចាម ព្រះនាម ខៀម ហម បដិសេធថា នៅថ្ងៃកើតហេតុ
ចៅអធិការវត្តប៉ើស២ ពុំមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះទេ។
លោកមានថេរដីកាបន្តថា
បើសិនរកឃើញថាចៅអធិការវត្តបានប្រព្រឹត្តដូចការចោទប្រកាន់ពិត
ប្រាកដនោះ ថេរសភាសង្ឃនឹងអនុវត្តតាមគោលការណ៍ច្បាប់។ បើតាមព្រះមេគណ
ខៀវ ហម នេះ គឺជាគំនុំបុគ្គល និងទំនាស់ផលប្រយោជន៍
ដែលឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធតុលាការ
ដើម្បីជាឈ្នាន់ក្នុងការចោទប្រកាន់៖ «រឿងហ្នឹងវាស្រពិចស្រពិល
មែនហ្នឹង ពីព្រោះវារកអ្នកដើមចោទរកអត់ឃើញ។
ឥឡូវសាកសពដែលថាលោកសម្លាប់ហ្នឹង វារកអត់ឃើញទៀត
ម្ដងថាយកមកដុតនៅវត្តបឹងកុក ម្ដងថាយកទៅកប់ចោល
ដូចវារកអត់ឃើញខ្មោចហ្នឹង។
វាអត់ច្បាស់អាតឹងណឹងហើយបានវានៅអល់អែកហ្នឹង
វាអត់មានភស្តុតាងអីសោះពរ»។
ក៏ប៉ុន្តែ មេធាវីការពារក្ដីឲ្យដើមបណ្ដឹងលោក គា អ៊ាវ បញ្ជាក់ថា
នេះពុំមែនជាការចោទប្រកាន់ដើម្បីកេងចំណេញផលប្រយោជន៍
ឬជាវិវាទនោះទេ។ លោកបន្តថា តែមានសាក្សី
និងភស្តុតាងរកឃើញថាចៅអធិការវត្តព្រះនាម ស្រួយ គីមហ៊ង
បានប្រើប្រាស់ហិង្សារហូតធ្វើឲ្យសាមណេរសុគតយ៉ាងពិតប្រាក៖ «ពេល
អ្នកដែលដាំស្លឡើងទៅជួបគាត់នោះ
គាត់ថាឲ្យលាក់កុំឲ្យនិយាយកុំឲ្យអី។
អ៊ីចឹងសម្ដីសំដៅទាំងអស់របស់អ្នកដាំស្លដែលនិយាយ
ដឹងថាលោកឲ្យលាក់លោកថាកុំឲ្យបែកការរហូតដល់លោកឲ្យលុយយកទៅ
ចាត់ការរឿងសពរឿងអីហ្នឹងទៀត សួរថានេះជារឿងប្រឌិតម៉េចបាន
មានរឿងហេតុផលទៅប្រឌិតរឿងអ៊ីចឹង។ មួយទៀត យើងសួរទៀតថា
ពេលដែលនេនហ្នឹងគាត់របួសធ្ងន់ ហើយដែលដេកស្ដូកស្ដឹង
ហើយដែលនិយាយអត់ចេញតិចៗហ្នឹង គ្រាដាក់ឡានហ្នឹង
ពេលឡានពេទ្យទៅយកលោកហ្នឹង សួរថាជារឿងប្រឌិតយ៉ាងម៉េច»។
ចំណែកលោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម
បញ្ជាក់ថា លោកមិនទាន់ទទួលបានបណ្ដឹងនេះនៅឡើយទេ។ ក៏ប៉ុន្តែ
លោកបញ្ជាក់ថា ទោះជាយ៉ាងណាការសម្រេចដាក់ឲ្យចៅអធិការវត្តមានទោស
គឺការសម្រេចរបស់ថេរសភាសង្ឃ។ ចំណែកមន្ទីរធម្មការ និងសាសនា
ពុំមានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងណាមួយរបស់ព្រះសង្ឃនោះ
ទេ៕
No comments:
Post a Comment