![Photo by DAP-NEWS](http://111.92.240.170:81/dap-news/dap-images/2013/January/id-009/ST-196.jpg)
ខេត្តប៉ៃលិន-ច្រកព្រំដែនព្រំ៖ ផ្លែស្វាយរបស់ខ្មែរចំនួនជាង
២០០តោនក្នុងមួយថ្ងៃៗ ត្រូវបានលក់ទៅឲ្យថៃ តាម ច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ជាប់ព្រំដែនខេត្តប៉ៃលិន នៃប្រទេសកម្ពុជា និងខេត្តច័ន្ទបូរី នៃប្រទេសថៃ។
ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងនៅផ្សារផាត់កាត ក្នុងទឹកដីថៃជាយដែន
ដែលជាអាជីវករ និងកម្មករ
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ
២០១៣ថា ផ្លែស្វាយកែវរមៀត ខ្មែរ ដែលឈ្មួញទិញប្រមូលយកមកលក់ឲ្យឈ្មួញថៃ
តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនេះ មានចំនួនជាង ២០០ តោនក្នុងមួយថ្ងៃៗ
និងអាចលើសពីចំនួននេះទៀត បើសិនចំរដូវស្វាយមែនទែន។
កម្មករខ្មែរម្នាក់សុំមិនបញ្ចេញឈ្មោះ ជាអ្នកលើកដាក់ផ្លែស្វាយ
បាននិយាយដោយមោទនភាពថា «ផ្លែស្វាយថៃ មិនអាចយកឈ្នះលើផ្លែស្វាយខ្មែរបានទេ។
ខ្ញុំគិតថា ចំណុចឈ្នះ គឺនៅត្រង់ រសជាតិផ្លែស្វាយខ្មែរឆ្ងាញ់ជាង និង
ការដាំដុះមិនប្រើជាតិគីមី»។
មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានឲ្យដឹងថា ចំពោះបន្លែ ផ្លែឈើ
ក្រៅពីផ្លែ ស្វាយ និងដំឡូងមីនេះ ខាងភាគីខ្មែរ ជាអ្នកនាំចូលពីភាគីថៃវិញ
ដូចជា ផ្លែឈើផ្សេងៗ និងបន្លែស្ទើរគ្រប់មុខ។
គួរជម្រាបថា អ្នកលក់ដូរ និងពលករ-កម្មករ
នៅផ្សារជាយដែនក្នុងទឹកដីថៃខាងលើនេះ ភាគច្រើនជាប្រជាពលរដ្ឋ ខ្មែរ
ដូចផ្សារនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃនានាទៀតដែរ ហើយពេលព្រលប់
ពួកគេត្រូវត្រឡប់មកស្នាក់នៅ ក្នុងទឹកដីខ្មែរវិញ៕
![Photo by DAP-NEWS](http://111.92.240.170:81/dap-news/dap-images/2013/January/id-009/ST-197.jpg)
![Photo by DAP-NEWS](http://111.92.240.170:81/dap-news/dap-images/2013/January/id-009/ST-198.jpg)
No comments:
Post a Comment