A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Friday, 21 December 2012

The Cambodia National Rescue Party urges the government to reform the judicial system បក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បច្ចុប្បន្ន

ដោយ ម៉ម មុនីរតន៍ 2012-12-21 RFA
គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ចេញ។
ការ​ទាម​ទារ​របស់​គណបក្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដីកា​ដំណោះស្រាយ​មួយ​របស់​សាលា​ដំបូង​ខេត្ត​ ស្វាយរៀង ឲ្យ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្នុង​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​បាញ់​កម្មករ​ពេល​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ។
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង​ថ្មី ជំរុញ​ឲ្យ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ និង​កែ​ទម្រង់​ឡើង​វិញ​ជា​បន្ទាន់​លើ​ប្រព័ន្ធ​យុត្តិធម៌ ដោយ​សារ​តែ​គេ​រក​ឃើញ​ថា ស្ថាប័ន​នេះ​មិន​បាន​ផ្ដល់​ការ​ជំនុំ​ជម្រះ​ក្ដី​ប្រកប​ដោយ​ភាព​សុក្រឹត និង​សច្ចភាព​សម្រាប់​ជន​រងគ្រោះ​ពិត​ប្រាកដ​នោះ​ទេ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ហើយ​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី២១ ឲ្យ​ដឹង​ថា ការ​ជំនុំ​ជម្រះ​ក្ដី​ក្នុង​ពេល​កន្លង​ទៅ​របស់​តុលាការ​កម្ពុជា ពុំ​បាន​ផ្ដល់​យុត្តិធម៌​ស្មើភាព​រវាង​ពលរដ្ឋ​ក្រីក្រ និង​មន្ត្រី​មាន​អំណាច ឬ​បុណ្យសក្តិ​នោះ​ទេ។
ការ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បក្ស​សង្គ្រោះ​ជាតិ នេះ គឺ​សំដៅ​ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែល​ចេញ​ដីកា​ដំណោះស្រាយ​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ ករណី​លោក ឈូក បណ្ឌិត នេះ មាន​សាក្សី និង​ភស្តុតាង​បញ្ជាក់​ថា អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។
ចំណែក​លោក ប៉ុល ហំម អនុប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​ការ​អោប​ក្រសោប​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា។ លោក ប៉ុល ហំម បន្ត​ថា ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​របស់​ចៅក្រម បាន​ប្រាស​ចាក​​នូវ​ឆន្ទានុសិទ្ធិ​ពី​ក្របខ័ណ្ឌ​ច្បាប់​យ៉ាង​ពិត​ប្រាកដ៖ «ទាក់ ​ទង​ទៅ​នឹង​ប្រព័ន្ធ​យុត្តិធម៌​នេះ ខ្ញុំ​មើល​ឃើញ​ថា តុលាការ​នៅ​ស្រុក​ខ្មែរ​ហ្នឹង គឺ​មិន​ទាន់​មាន​ឯករាជ​ភាព​ទេ។ យើង​ឃើញ​គ្រប់​គ្នា​ហើយ​ថា ចៅក្រម​ហ្នឹង​ទំនង​ជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​អ្នក​កាន់​អំណាច​ នីតិប្រតិបត្តិ។ ដូច្នេះ​ហើយ បាន​យើង​យល់​ថា​វា​គួរ​តែ​មាន​ការ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ»
ទោះ​យ៉ាង​នេះ​ក្តី នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ និង​ជា​លេខាធិការ​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​លោក សំ ប្រជាមានិត បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​បក្ស​សង្គ្រោះ​ជាតិ នេះ។ លោក​មាន​ប្រសាសន៍​ថា ទាំង​ចៅក្រម និង​ព្រះរាជ​អាជ្ញា​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​តាម​កាតព្វកិច្ច​ ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន ដែល​ពុំ​ចាំ​បាច់​ទាម​ទារ​ការ​កែទម្រង់​ណា​មួយ​នោះ​ទេ៖ «ខ្ញុំ​មិន​មាន​ អី​អត្ថាធិប្បាយ​ចំពោះ​ខាង​គាត់​នោះ​ទេ។ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ តុលាការ​គឺ​ធ្វើ​ការ​ដោយ​យុត្តិធម៌​ហើយ និង​ទៅ​តាម​ច្បាប់​នីតិវិធី​ត្រឹមត្រូវ​ណាស់ មិន​មាន​អី​ប្រាស​ចាក​ច្បាប់​ទម្លាប់​អី​ទេ​បាទ ហើយ​ការ​លើក​ឡើង​របស់​គាត់​យ៉ាង​ណា គឺ​ខ្ញុំ​មិន​ដឹង​ទេ។ រាល់​ថ្ងៃ​គេ​ខំ​ប្រឹង​ណាស់​ណា​ធ្វើ​ការ​រាល់​ថ្ងៃ​ឃើញ​ទេ ចៅក្រម​តស៊ូ​ធ្វើ​ការ​មិន​ថា​លំបាក​ម៉េច គាត់ ហើយ​ការងារ​ជម្រះ​ក្ដី​មួយៗ គឺ​ត្រូវ​ការ​ស៊ើប​អង្កេត​ណាស់»
ចំណែក​លោក សុខ សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ពន្យល់​ថា ដើម្បី​ធានា​ពី​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ទៅ​បាន ដរាប​ណា​តុលាការ​មិន​ស្ថិត​ក្រោម​គណបក្ស​នយោបាយ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​មាន​វិន័យ​ច្បាស់​សាល់ និង​ចៅក្រម​ត្រូវ​ប្រាកដ​ថា​រដ្ឋ​ឧបត្ថម្ភ​គ្រប់គ្រាន់​ទាំង​ផ្នែក​ថវិកា និង​សម្ភារ​បំពេញ​បេសកកម្ម​ជាដើម៖ «ទី​មួយ គឺ​ប្រហែល​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឧត្ដម​ក្រុម​ប្រឹក្សា​​អង្គ​ចៅក្រម​ ហ្នឹង​ឯករាជ ហើយ​អាច​ធ្វើ​ការងារ​គ្រប់គ្រង​ចៅក្រម​បាន។ ទីពីរ ប្រហែល​ត្រូវ​ធ្វើ​ច្បាប់​លក្ខន្តិកៈ​ចៅក្រម​ហ្នឹង​ឲ្យ​មាន​សីលធម៌​ទៅ ហើយ​ទន្ទឹម​នឹង​អើ​ខ្ញុំ​ថា​ត្រូវ​តែ​ធ្វើ​ច្បាប់​មួយ​ចង ធ្វើ​ម៉េច​ចៅក្រម​កុំ​ឲ្យ​ចូល​បក្ស ហើយ​ក្រៅ​ពី​នោះ​គឺ​ប្រហែល​ជា​ត្រូវ​ការ​កែលំអ​កម្មវិធី​ហ្វឹកហ្វឺន​ចៅក្រម។ ទន្ទឹម​នឹង ខ្ញុំ​គិត​ថា​ប្រហែល​ជា​រដ្ឋ​ត្រូវ​ដំឡើង​ប្រាក់​ខែ ហើយ​សង់​ផ្ទះ​ឲ្យ​ចៅក្រម ព្រោះ​ចៅក្រម​គាត់​ផ្លាស់​ទៅ​ខេត្ត​ផ្សេងៗ​បួន​ឆ្នាំ​ម្ដង​នោះ​ណា ហើយ​ផ្លាស់​ហ្នឹង​ក៏​ត្រូវ​ធ្វើ​ឲ្យ​ម៉ិតប្រាយ​ដែរ កុំ​ឲ្យ​ផ្លាស់​ចុះ​ផ្លាស់​ឡើង​មក​ដដែល»
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​ផ្នែក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) រក​ឃើញ​ថា ការ​ទទួល​បាន​យុត្តិធម៌​តាម​រយៈ​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ​ទេ។ បញ្ហា​នេះ​លោក​ថា​រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត៕

No comments: