ដោយ ម៉ម មុនីរតន៍ 2012-12-26 RFA
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់ទៅលើសកម្មជនការពារដីធ្លីម្នាក់នៅ បុរីកីឡា ឲ្យមានសេរីភាពឡើងវិញ ខណៈអ្នកតស៊ូមតិក្នុងរឿងដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ត្រូវតុលាការសម្រេចលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។
អ្នកគាំទ្រសកម្មជនការពារដីធ្លីតំបន់
បឹងកក់ និងបុរីកីឡា សាទរចំពោះតុលាការដោះលែង អ្នកស្រី ទឹម សាក់មុន្នី
នាមុខសាលាដំបូងរាជធានីភ្នំពេញ កាលល្ងាចថ្ងៃទី២៦ ខែធ្នូ
ឆ្នាំ២០១២។
ចៅក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី គឹម ដានី
បានសម្រេចការចោទប្រកាន់អ្នកស្រី ទឹម សាក់មុន្នី
សកម្មជនការពារដីធ្លីនៅបុរីកីឡា ឲ្យមានទោស ៦ខែ
គិតចាប់ពីថ្ងៃឃុំខ្លួន ដោយឡែកទោសដែលនៅសល់ ៣ខែ និង១២ថ្ងៃ
ត្រូវព្យួរ។ ក្នុងន័យនេះ អ្នកស្រី ទឹម សាក់មុន្នី
នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ
ក្រោយពីមានសេចក្ដីសម្រេចនេះរួច។ ការចោទប្រកាន់នេះ
ធ្វើឡើងតាមក្រមព្រហ្មទណ្ឌមាត្រា៦៣៣
ពីបទថាបានផ្ដល់សេចក្ដីប្រកាសជាសាធារណៈ
ដោយភូតកុហកក្នុងរឿងផ្ដល់អគារដោយក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix)។
យ៉ាងណាក៏ដោយ
អ្នកឃ្លាំមើលការជំនុំជម្រះក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ សាទរចំពោះសេចក្ដីសម្រេចនេះ។ ក៏ប៉ុន្តែ
ពួកគេចាត់ទុកថា អ្វីដែលជាការសោកស្ដាយនោះ
គឺការឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដោយពុំមានកំហុស
និងមានរយៈពេលដ៏យូរ។ ចំណែកអ្នកស្រី យ៉ោម បុប្ផា
សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់
ត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត
សម្រេចលើកពេលប្រកាសក្រមនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
បន្ទាប់ពីប្រើពេលនៃការជំនុំជម្រះជាង ៦ម៉ោងមកនោះ៕
No comments:
Post a Comment