A Phnom Penh Post reporter appeared before Military Court regarding his report about Gen. Kun Kim's land grabbing.
ដោយ ឡេង ម៉ាលី 2012-12-24 RFA
http://youtu.be/NDX2VCKlywQ
អ្នកយកព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍ ម្នាក់ បានចូលទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការយោធាហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នេះ ទាក់ទងនឹងអត្ថបទរបស់លោកដែលសរសេរអំពីការឈូសឆាយយកដីរបបយោធា ចំនួន ៥ពាន់ហិកតារ លក់ឱ្យក្រុមហ៊ុន នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អ្នកយកព័ត៌មានឱ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post)
គឺលោក ប៊ុត រស្មីគង្គា ថ្លែងថា នៅក្នុងបន្ទប់តុលាការរយៈពេលជាង
១ម៉ោងថា លោកត្រូវបានសាកសួរដោយអនុប្រធានតុលាការយោធា
និងជាចៅក្រមស៊ើបសួរ គឺលោក ប៉ោក ប៉ន
ជុំវិញប្រភពព័ត៌មានដែលចោទលោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម
ថាយកដីទាហានលក់ឱ្យក្រុមហ៊ុននោះ។
ថ្វីបើកាលពីម្សិលមិញលោកមានការព្រួយបារម្ភខ្លះក្ដី លោក ប៊ុត
រស្មីគង្គា បញ្ជាក់ថា នៅក្នុងពេលជួបជាមួយចៅក្រមស៊ើបសួរ
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ
ការសន្ទនាមិនមានការគាបសង្កត់អ្វីទេ
ហើយលោកក៏មិនជាប់ចោទអ្វីដែរ៖ «ខ្ញុំអត់មានការចោទប្រកាន់ទេ
សួរតុលាការហើយថា ខ្ញុំអត់មានការចោទប្រកាន់អ្វីទាំងអស់
គ្រាន់តែមកបញ្ជាក់ថា
តើខ្ញុំហ្នឹងបានអ្នកណារាយការណ៍ព័ត៌មានមកខ្ញុំពីការឈូសឆាយដី
ពីការតវ៉ារបស់ប្រជាជន របស់ពលទាហាននៅត្រពាំងប្រាសាទនោះ
បានពីណា?»។
លោក ប៊ុត រស្មីគង្គា មានប្រសាសន៍បន្តថា
ហេតុការណ៍ដែលតុលាការកោះហៅលោកនោះ គឺចង់ដឹងការពិត
ដើម្បីរកយុត្តិធម៌ដល់នាយទាហានមួយរូបដែលត្រូវគេប្ដឹងថា
ជាអ្នកផ្ដល់ព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍
ហើយការពិតអ្នករាយការណ៍មកលោក គឺមិនមែនជានាយទាហានរូបនោះទេ។
លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន ថ្លែងថា តាមក្រឹត្យច្បាប់លេខ ០៤
ករណីបណ្ដឹងរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ ៦
ដែលលោកកំពុងស៊ើបអង្កេតនេះ
គឺជាបញ្ហាទាក់ទងនឹងការបង្កឱ្យប៉ះពាល់ដល់កងទ័ពនៅសមរភូមិមុខ
ជាពិសេសធ្វើឱ្យមានការបែកបាក់
និងការមិនទុកចិត្តគ្នារវាងកូនទាហាន និងមេបញ្ជាការ។
លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន បញ្ជាក់ទៀតថា
បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់លោក ប៊ុត រស្មីគង្គា មក
លោករកឃើញថា អ្នកដែលផ្ដល់ព័ត៌មានដល់កាសែតភ្នំពេញ ប៉ុស្តិ៍
ចោទលោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម
ថាយកដីរបបទាហានលក់ឱ្យក្រុមហ៊ុននោះ មិនមែនជាជន
ដែលខាងអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ ប្ដឹងទេ។
ទោះជាដូច្នេះក្ដី ក្រៅពីអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦
លោកចៅក្រមស៊ើបសួរមិនបានបញ្ជាក់ពីឈ្មោះដើមបណ្ដឹងទេ
ហើយលោកបន្តថា នៅពេលនេះ លោកនៅមិនទាន់ប្រាកដថា
អ្នកថ្មីនឹងត្រូវជាប់ចោទ ឬយ៉ាងណាដែរ
ពីព្រោះមនុស្សដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦
ប្ដឹងចោទប្រកាន់នៅពេលនេះ គឺមានតែមនុស្សម្នាក់
ហើយត្រូវសាក្សីបញ្ជាក់ថា មិនមែនជាបុគ្គលនោះទៅវិញ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ កាសែត ភ្នំពេញ ប៉ុស្តិ៍
បានចុះផ្សាយអត្ថបទមួយ ដោយចោទថា លោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម
ពាក់ព័ន្ធនឹងការកាត់យកដីរបបយោធា ៥ពាន់ហិកតារ
លក់ឲ្យក្រុមហ៊ុនវៀតណាម ពីរ គឺក្រុមហ៊ុនតៃនិញ សៀមរាប និងក្រុមហ៊ុន បេស
រ៉ូយ៉ាល់ (Best Royal) ធ្វើឱ្យប៉ះពាល់ជីវភាពរបស់គ្រួសារកងទ័ព។
បញ្ហានេះ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២
ត្រូវបានមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ ចំនួន ១៣រូប
ផ្ញើលិខិតបំភ្លឺថា មិនត្រឹមត្រូវទេ ហើយកាសែតភ្នំពេញ ប៉ុស្តិ៍
បានចុះផ្សាយលិខិតបំភ្លឺនោះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។
ឥឡូវនេះ នាយទាហានមួយរូបឈ្មោះ ជួប មេត្តា
កំពុងជាប់បណ្ដឹងដោយអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦
ក្នុងករណីចោទប្រកាន់នេះ៕
3 comments:
a careless/useless reporter by PP post.
always exaggerated the news, it good to summone him by court
Kun Kim must be jailed for grabbing public land and for corruption.
To 7:35 AM,
You're stupid.
Post a Comment