ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បញ្ជាក់ជំហរជាថ្មីថា
លោកនឹងបង្ហាញវត្តមាននៅប្រទេសកម្ពុជា យ៉ាងយូរក្នុងរយៈពេល
២ខែខាងមុខទៀតនេះ
ដើម្បីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតជាតិ ឆ្នាំ២០១៣ ខាងមុខ
ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ទាក់ទិនបញ្ហានេះ មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាល
មិនធ្វើអត្ថាធិប្បាយទេ
ដោយចាត់ទុកថាជាការទទួលខុសត្រូវរបស់តុលាការ។
ប្រធានគណបក្សសង្គ្រោះជាតិ (Cambodia National Rescue Party) អះអាងថា
លោកនឹងត្រឡប់មកប្រទេសកម្ពុជា វិញ នៅមុនការបោះឆ្នោតជាតិ
ឆ្នាំ២០១៣ ខាងមុខ ខណៈតុលាការក្រុងភ្នំពេញផ្ដន្ទាទោសលោក សម រង្ស៊ី
ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ក្រោមបទបរិហារកេរ្តិ៍
និងដកតម្រុយបង្គោលព្រំដែន។
លោក សម រង្ស៊ី បញ្ជាក់ជំហរប្រាប់ក្រុមអ្នករត់ម៉ូតូឌុប
និងរ៉ឺម៉កកង់បី នៅទីស្នាក់ការកណ្ដាលគណបក្ស សិទ្ធិមនុស្ស
ក្នុងរាជធានីភ្នំពេញថា លោកនៅតែអាចមកកម្ពុជាវិញ
និងចូលរួមក្នុងឆាកនយោបាយឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក
សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅប្រទេសបារាំង
បានហៅសាលក្រមដែលសម្រេចឲ្យលោកមានទោសរបស់តុលាការក្រុងភ្នំពេញ
ក្នុងពេលកន្លងទៅនេះថា
ពុំមានឥទ្ធិពលអ្វីចំពោះការវិលត្រឡប់មកចូលឆាកនយោបាយឡើងវិញនៅ
ប្រទេសកម្ពុជា នោះទេ។
ថ្លែងតាមវីដេអូខនហ្វើរ៉ែន (Video Conference) លោក សម រង្ស៊ី
ចាត់ទុកការរកឃើញថា លោកមានទោសនេះថា គឺជារឿងនយោបាយ
និងជាសេចក្ដីសម្រេចស្ថិតក្រោមសម្ពាធរបស់អ្នកមានអំណាច៖ «ខ្ញុំ
នឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញ
មករួមចំណែកក្នុងការដឹកនាំប្រទេស ហើយមុនដឹកនាំប្រទេស
ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣។
មានចរន្តខ្លាំងណាស់បងប្អូន ចរន្តខ្លាំងណាស់មិនយូរទេ
ព្រឹត្តិការណ៍ដើរលឿនណាស់បង។ បងប្អូនចាំមើល តែប៉ុន្មានសប្ដាហ៍ទៀត
យ៉ាងយូរប៉ុន្មានខែទៀត នឹងមានការប្រែប្រួលល្អ
ពីព្រោះពិភពលោកទាំងមូលយល់ច្បាស់អំពីស្ថានការណ៍ប្រទេសកម្ពុជា
វានាំមកនូវគ្រោះថ្នាក់»។
ការបញ្ជាក់ជំហរជាថ្មីទៀតរបស់លោក សម រង្ស៊ី នៅពេលនេះ
ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ
កើតចេញពីការរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះបញ្ជី
និងទទួលស្គាល់ជាផ្លូវការថា
ជាគណបក្សនយោបាយដែលមានសិទ្ធិក្នុងការប្រកួតប្រជែងដណ្ដើមកៅអីនៅ
ក្នុងរដ្ឋសភា សម្រាប់អាណត្តិនាយករដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា
អ្វីដែលក្រសួងមហាផ្ទៃផ្តល់ភ្លើងខៀវជាផ្លូវការ
សម្រាប់ដំណើរការបោះឆ្នោតសកលឆ្នាំ២០១៣ នេះ
ក៏ព្រោះតែគណបក្សសង្គ្រោះជាតិ មានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់
និងឆន្ទៈរបស់ពលរដ្ឋ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មិនធ្វើអត្ថាធិប្បាយជុំវិញចំណាត់ការរបស់រដ្ឋាភិបាល
ក្នុងការផ្ដន្ទាទោសលោក សម រង្ស៊ី ឬយ៉ាងណានោះទេ។ លោកបញ្ជាក់ថា
នេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់តុលាការ៖ «ខ្ញុំ
អាហ្នឹងមើលនៅក្នុងសម្រេចរបស់តុលាការទៅ
សេចក្ដីសម្រេចរបស់តុលាការហ្នឹង
ជាទិសដៅមួយដែលយើងត្រូវអនុវត្តនោះ។ តែចាត់វិធានការយ៉ាងណា
ខ្ញុំអត់ដឹង ពីព្រោះអានេះជាការងាររបស់តុលាការ»។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ
និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
និកហ្វិក (NECFECT) លោកគិតថា
ប្រសិនបើរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក សម រង្ស៊ី
ដូចការរកឃើញរបស់តុលាការមែននោះ មានន័យថា
ជាបរិបទនយោបាយថ្មីមួយសម្រាប់កម្ពុជា ចំពោះឆាកអន្តរជាតិ
បន្ទាប់ពីប្រធានសមាគមអ្នកប្រជាធិបតេយ្យ គឺលោក ម៉ម សូណង់ដូ
ត្រូវបានផ្ដន្ទាទោសចំនួន ២០ឆ្នាំ។
ក្រសួងមហាផ្ទៃទទួលស្គាល់លោក សម រង្ស៊ី ជាប្រធានបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងនៅថ្ងៃទី២
តុលា ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ សប្ដាហ៍មុន យល់ព្រមទទួលស្គាល់លោក
សម រង្ស៊ី ជាប្រធានគណបក្សថ្មីនេះហើយ។
កាលពីខែកក្កដា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
សុខចិត្តបញ្ចូលគ្នាបង្កើតជាគណបក្សថ្មី
ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកល
ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣។
លោក សម រង្ស៊ី ដែលកំពុងនិរទេសនៅប្រទេសបារាំង បានថ្លែងតាមវីដេអូ
នៅថ្ងៃអង្គារ នេះថា លោកនឹងវិលត្រឡប់មកកម្ពុជា
មុនការបោះឆ្នោតសកល។ លោក សម រង្ស៊ី
សម្ដែងក្តីសុទិដ្ឋិនិយមថានឹងមានដំណោះស្រាយនយោបាយ
ក្នុងការអនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ។
តាមប្រភពព័ត៌មានអេ.ភី (AP) អ្នកនាំពាក្យរដ្ឋាភិបាល លោក កែវ រ៉េមី
ថ្លែងប្រតិកម្មថា ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ
លោកនឹងត្រូវចាប់ឃាត់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស៕
2 comments:
if he said so, it is good for him.,
however, it mission impossible.,
good luck
why and who posted this picture? look at his face do you see something? so scary.
Post a Comment