(ថ្ងៃទី 16 តុលា 2012) | ដោយ: លី សិលា
ភ្នំពេញ:
មហាជនប្រមាណ ១០ ម៉ឺននាក់
នឹងចូលរួមទទួលព្រះបរមសពសម្តេចឪ សម្តេចតា សម្តេចតាទួត
ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ
ដែលនឹងដង្ហែមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ នេះបើតាមលោក ជា គាន
អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ
និងអន្តរជាតិ។
លោក ជា គាន បានមានប្រសាសន៍ថា
"យើងរៀបចំកម្លាំងមហាជនប្រហែលជា ១០ ម៉ឺននាក់
ដែលត្រូវរៀបទទួលព្រះបរមសពសម្តេចព្រះ នរោត្តម សីហនុ
ចាប់ពីព្រលានយន្តហោះ មកដល់មុខព្រះបរមរាជវាំង។ ក្នុងនោះ
យើងមាននិមន្តព្រះសង្ឃ ៩០ អង្គ សម្រាប់បង្សុកូលនៅក្នុងព្រលានផង
ហើយពេលមកដល់វិមានឯករាជ្យ យើងឈប់បង្សុកូលម្តងទៀត។
យើងរៀបចំទាំងកម្លាំងមន្ត្រីរាជការ ប៉ូលិសទាហាន សិស្សនិស្សិត
ពុទ្ធបរិស័ទ ប្រជារាស្ត្រ ដែលយើងគ្រោងទុកថា ១០ ម៉ឺននាក់"។
លោក ជា គាន ក៏បានបន្ថែមថា "នៅតាមក្រសួងស្ថាប័ននានា
កំពុងរៀបចំតាំងព្រះឆាយាលក្ខណ៍ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ
ក្នុងរូបភាពជារបៀបកាន់ទុក្ខ ដោយដាក់បូខ្មៅមួយ
និងគ្រឿងសក្ការបូជាថ្វាយព្រះអង្គ។ នៅខេត្តខ្លះ គេមានធ្វើពិធីធំ
ដោយជ្រើសយកទីតាំងណាមួយទៅ ហើយជួបជុំ
គោរពវិញ្ញាណក្ខ័ន្ធព្រះបរមសពព្រះអង្គ។
តាមវត្តអារាមក៏មានរៀបចំពិធីបុណ្យតាមប្រពៃណី
ឧទ្ទិសថ្វាយព្រះករុណាផងដែរ ពិសេសនៅថ្ងៃភ្ជុំបិណ្ឌ
ថ្ងៃទី១៥តុលាម្សិលមិញ យើងក៏បានសំណូមពរឲ្យវត្តនិមួយៗ
ឧទ្ទិសថ្វាយព្រះរាជពរដល់ព្រះបរមសពរបស់ព្រះអង្គផងដែរ"។
ជាមួយគ្នានោះ លោក ជា គាន ក៏បានបន្ថែមថា
រាជរដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យកាន់ទុក្ខរយៈពេល ៧ ថ្ងៃ
គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១២។ តែរយៈពេលកាន់ទុក្ខនេះ
មិនត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកទេ។
តែយើងត្រូវកាន់ទុក្ខដោយស្ងប់ស្ងៀម។
តាមគម្រោង
ព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ នឹងត្រូវព្រះមហាក្សត្រ
សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្រមទាំងព្រះរាជវង្សានុវង្ស ដង្ហែតាមយន្តហោះ មកពីទីក្រុងប៉េកាំង
ប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
រហូតដល់រសៀលថ្ងៃទី១៦ ខែតុលា
ឆ្នាំ២០១២ គេឃើញនៅតាមផ្ទះ និងតាមដងផ្លូវនានា ពិសេសនៅរាជធានីភ្នំពេញ
ទង់ជាតិ
ត្រូវបានតាំង ដោយបង្ហូតនៅត្រឹមពាក់កណ្តាលដង
ដើម្បីចូលរួមកាន់ព្រះរាជមរណទុក្ខរបស់សម្តេចឪ។
ព្រះឆាយាលក្ខណ៍របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ក៏ត្រូវបានដាក់តាំង
នៅមុខសណ្ឋាគារ ទីសាធារណៈ និងនៅមុខក្រសួងស្ថាប័នរដ្ឋាភិបាលផងដែរ។
សូមរម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ
បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១
និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ
ទីក្រុងប៉េកាំង ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយ
ទិវង្គតរបស់សម្តេចឪ នៅកម្ពុជា បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង
ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសរាចរណែនាំ
ដោយប្រកាសឲ្យមានការកាន់ទុក្ខសម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ
គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១២។
រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជា
ទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម
សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ
នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា
តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ទូរទស្សន៍ក្នុងស្រុក
នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការដង្ហែព្រះបរមសពរបស់សម្តេចឪ
នរោត្តម សីហនុ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង
៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា
ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨
ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច
ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម
សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន
ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣
ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ
ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ
រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ
នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ
ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា
ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣
ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា
លើកទី២ នាឆ្នាំ១៩៩៣៕
1 comment:
To All Khmer Yeurng (all of Khmer citizens):
Please don't talk nonsense. You don't know what you are talking about. Stop being manipulated by other Anonymous mentioned. You need to be quiet and let's focus on Unity. We want CNRP and CPP to reunite as one without fight each others in order to change the leaders. We wish all Khmer/Cambodian citizens or members of major parties CNRP and CPP to merge after the merger of SRP and HRP including other small parties like Khmer Democratic, KPPM, etc.
So, stop fighting each others. We need to work together to save our Khmer nation.
It is timing. Khmer folks both at home and abroad (USA, Australia, NZ, France, Canada, S. Korea, Japan, and so on), please stop fighting each others and please take the positive outlooks and stop hating other because of the Vietnamese/Yuon manipulation and don't let our neighbors Yuon/Viet and Siam/Thai to see our weakness.
So, watch out on each others no matter what happen. Please think and be careful.
Thanks for listening.
Khmer Yeurng.
Post a Comment