មន្ត្រីនគរបាលវៀតណាម បានចាប់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ២នាក់ ដោយគ្មានដីកាពីតុលាការ បន្ទាប់ពីគណៈកម្មការអចិន្ត្រៃយ៍គណៈសង្ឃខែត្រឃ្លាំង នៅប្រទេសវៀតណាម ចុះទៅចាប់ផ្សឹកព្រះសង្ឃគង់នៅវត្ត សិរីតាសេក មិនបានសម្រេច។
អតីតមន្ត្រីសង្ឃចំនួនពីររូប នៅវត្តសិរីតាសេក ខែត្រឃ្លាំង
ត្រូវបានអាជ្ញាធរវៀតណាម ឃុំវិញហៃ (Vinh Hai)
ចាប់ខ្លួនពីបទថតរូបនៅក្នុងវត្ត។
ប៉ុន្តែបុរសម្នាក់ក្នុងចំណោមពីរនាក់
ត្រូវបានគេដោះលែងវិញនៅក្រោយពេលសាកសួរនៅរសៀលថ្ងៃទី១៦ ខែកញ្ញា។
ព្រះចៅអធិការវត្តសិរីតាសេក ព្រះតេជគុណ លីវ នី មានថេរដីកាថា
កាលពីថ្ងៃទី១៥ កញ្ញា មន្រ្តីនគរបាលឃុំវិញហៃ
បានស្ទាក់ចាប់ខ្លួនបុរសម្នាក់ឈ្មោះ ថាច់ ភូមិរិន្ទ តាមផ្លូវ
ខណៈគាត់កំពុងធ្វើដំណើរទៅសាលាស្រុកជ្រោយញ
ប៉ុន្តែអាជ្ញាធរស្រុកបានដោះលែងវិញ កាលពីម៉ោង ១២អធ្រាត្រ
ឈានចូលថ្ងៃទី១៦ កញ្ញា។
ព្រះតេជគុណ លីវ នី អះអាងថា នៅព្រឹកថ្ងៃទី១៦កញ្ញា
សមត្ថកិច្ចបានមកចាប់ខ្លួនបុរសឈ្មោះ ថាច់ ភូមិរិន្ទ ម្ដងទៀត
និងបានកោះហៅបុរសមួយរូបទៀត ឈ្មោះ លី ស ឲ្យទៅសាលាស្រុកដូចគ្នា
ដោយចោទប្រកាន់ថា អ្នកទាំងពីរបានថតរូបនគរបាល
និងមន្ត្រីសង្ឃខែត្រ កាលពីខែកក្កដា នៅក្នុងវត្តសិរីតាសេក
នៅពេលអាជ្ញាធរវៀតណាម ចុះទៅវត្តសិរីតាសេក ចង់ចាប់ផ្សឹកព្រះសង្ឃ
ថាច់ ធឿន ដោយគេចោទប្រកាន់ថា
ព្រះតេជគុណបានធ្វើខុសនឹងវិន័យសាសនាព្រះពុទ្ធ។
តែនៅល្ងាចថ្ងៃទី១៦ កញ្ញា នេះ បន្ទាប់ពីអាជ្ញាធរស្រុកជ្រោយញ
សាកសួរ គេដោះលែងលោក លី ស វិញ ដោយឡែកលោក ថាច់ ភូមិរិន្ទ អាជ្ញាធរវៀតណាម
មិនដោះលែងទេ៖ «អាណិតអន្ទិតទាំងពីរហ្នឹង ព្រោះញាតិញោមអន្ទិត
ថាច់ ភូមិរិន្ទ ហ្នឹង ភិតភ័យណាស់ ព្រោះមិនដឹងថា
គេចាប់ខ្លួននៅមិនដឹងយកទៅណា មិនដឹងគេវាយដំ ឬយ៉ាងណា?»។
ព្រះតេជគុណ លីវ នី មានថេរដីកាទៀតថា កាលពីខែកក្កដា
មន្ត្រីគណៈសង្ឃខែត្រឃ្លាំង ដែលធ្វើការឲ្យវៀតណាម នោះ
មានគោលបំណងចុះទៅចាប់ផ្សឹកព្រះតេជគុណ ថាច់ ធឿន
នៅចំថ្ងៃបុណ្យចូលព្រះវស្សា ដែលមានពុទ្ធបរិស័ទច្រើនទៅវត្ត
ប៉ុន្តែការចាប់ផ្សឹកនោះ មិនបានសម្រេចទេ។ នៅពេលនោះ ឈ្មោះ ថាច់
ភូមិរិន្ទ និង លី ស បានថតរូបពុទ្ធបរិស័ទទាំងអស់ទុកជាអនុស្សាវរីយ៍
ស្រាប់តែថតជាប់មន្ត្រីនគរបាលចូលទៅក្នុងបរិវេណវត្តនោះដែរ
កាលពីខែកក្កដា ឆ្នាំ២០១២។ នៅពេលនេះ ស្រាប់តែអាជ្ញាធរវៀតណាម
បានចាប់ខ្លួនលោក ថាច់ ភូមិរិន្ទ ទៅវិញ។
ព្រះតេជគុណ លីវ នី៖ «រដ្ឋាភិបាលវៀតណាម ដោះលែងខ្លួនអន្ទិត ថាច់
ភូមិរិន្ទ វិញទៅ ព្រោះគាត់មិនបានធ្វើអីខុសទេ
គ្រាន់តែថតរូបនៅក្នុងពិធីបុណ្យសាសនា មិនមានអីខុសទេ
អាត្មាសូមអំពាវនាវឲ្យពិភពលោកជួយដឹងឮផងបញ្ហានេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនគរបាលវៀតណាម ឃុំវិញហៃ
ដើម្បីសុំបំភ្លឺចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៦
ខែកញ្ញា។
ទាក់ទងទៅនឹងករណីនេះ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅកម្ពុជា
លោក តាំង សារៈ បានលើកឡើងថា ការចាប់ខ្លួននេះ
ជារឿងរំលោភសិទ្ធិមនុស្ស ហើយថា ករណីដូចនេះអាជ្ញាធរវៀតណាម
តែងតែធ្វើបាបមកលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម៖ «មិនគួរគេ
ធ្វើដូច្នោះទេ ពីព្រោះថតនៅក្នុងពិធីបុណ្យទាន បើវៀតណាម ចង់ដឹង
ហៅសួរទៅ ថតហ្នឹងក្នុងគោលបំណងអី? ប៉ុន្តែរឿងរសើបនោះ
គឺរឿងថតជាប់មន្ត្រីនគរបាលវៀតណាមហ្នឹង តែវាមិនត្រូវទេ
ការចាប់ខ្លួននោះ»។
ព្រះចៅអធិការវត្តសិរីតាសេក ព្រះតេជគុណ លីវ នី មានថេរដីកាថា លោក
ថាច់ ភូមិរិន្ទ និងលោក លី ស អតីតជាព្រះសង្ឃគង់នៅវត្តសិរីតាសេក
ប៉ុន្តែកាលពីឆ្នាំ២០១១ លោក លី ស ត្រូវបានគណៈសង្ឃខែត្រឃ្លាំង
ចាប់ផ្សឹក រីឯលោក ថាច់ ភូមិរិន្ទ សឹកដោយខ្លួនឯងនៅឆ្នាំ២០១០៕
1 comment:
Yuon arrested khmers krom while Khmer Cpp allowed Yuon to lives free and given them voting I.D even if they were illegal migrants also protect them let them steal khmer's fishing spots.Fxxxk U all Cpp.
Post a Comment