ដោយ វណ្ណ វិចារ
2012-09-11 RFA
គណបក្សសង្គ្រោះជាតិ បើកសម្ពោធទីស្នាក់ការជាផ្លូវការ
នៅថ្ងៃទី១១ ខែកញ្ញា ដោយមានសមាជិកមកពីគណបក្ស សម រង្ស៉ី និងគណបក្ស
សិទ្ធិមនុស្ស ចូលរួមជាង២ពាន់នាក់។
លោក សម រង្ស៉ី
នៅក្នុងពិធីសម្ពោធស្នាក់ការគណបក្សសង្គ្រោះជាតិ
តាមវីដេអូខនហ្វើររែន (Video Conference) នៅភូមិពោងពាយ
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០១២។
តាមរយៈវីដេអូខនហ្វើរែន (Video Conference) ពីប្រទេសហ្វីលីពីន
ប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី
មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ
បានទទួលការគាំទ្រយ៉ាងច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេស។
លោកបន្តថា លោកនឹងវិលចូលមកប្រទេសកម្ពុជា វិញ នៅពេលឆាប់ៗខាងមុខ
ដើម្បីចូលរួមប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ
២០១៣ ខាងមុខ។
លោក សម រង្ស៉ី បញ្ជាក់ថា
សហគមន៍អន្តរជាតិគាំទ្រការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅ
កម្ពុជា ហើយគណបក្សសង្គ្រោះជាតិ មិនអាចប្រេះឆាគ្នាជាដាច់ខាត៖
«នយោបាយ
អន្តរជាតិទាមទារឲ្យផ្លាស់ប្ដូរ គ.ជ.ប ឲ្យមានវត្តមានប្រធាន សម
រង្ស៉ី ជាគូប្រជែងនឹងនាយករដ្ឋមន្ត្រីសព្វថ្ងៃហ្នឹង
ហើយយើងមានជំនឿ ការបោះឆ្នោតខាងមុខនឹងទទួលជោគជ័យ»។
ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា
នៅពេលឆាប់ៗខាងមុខ លោកនឹងចូលដឹកនាំគណបក្សសង្គ្រោះជាតិ
ក្នុងនាមជាអនុប្រធានគណបក្ស។ លោកបន្តថា
មូលហេតុដែលបច្ចុប្បន្ននេះលោកមិនទាន់ចូលក្នុងបក្សសង្គ្រោះជាតិ
មកពីលោកទុកតំណែងជាតំណាងរាស្ត្រ
ដើម្បីងាយស្រួលចេញទៅផ្សព្វផ្សាយគោលនយោបាយថ្មីរបស់គណបក្សសង្គ្រោះ
ជាតិ នៅបរទេស។ លោក កឹម សុខា បញ្ជាក់ថា សម្ព័ន្ធភាពរបស់លោក និងលោក សម
រង្ស៉ី នឹងស្ថិតស្ថេរគង់វង្សជាអមតៈ។
ស្នាក់ការថ្មីគណបក្សសង្គ្រោះជាតិ មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ
បានទទួលប្រាក់ឧបត្ថម្ភពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស
សរុបជាង៦ម៉ឺនដុល្លារអាមេរិក។ គណបក្សសង្គ្រោះជាតិ
នឹងបញ្ជូនសំណុំឯកសារចុងក្រោយទៅកាន់ក្រសួងមហាផ្ទៃ នៅសប្ដាហ៍នេះ
ដើម្បីឲ្យគ្រប់តាមការកំណត់របស់អាជ្ញាធរ
និងឲ្យគណបក្សមានសុពលភាពតាមផ្លូវច្បាប់៕
No comments:
Post a Comment