ពលរដ្ឋមានលំនៅឋានតាមខេត្តជាប់មាត់សមុទ្រ
បានលើកឡើងពីផលវិបាកក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ
ដោយសារមានជាតិសាសន៍ដទៃចូលមកដណ្ដើមទីផ្សារការងារដោយខុសច្បាប់
ក្នុងប្រទេសកម្ពុជា យ៉ាងអនាធិបតេយ្យ។
ពលរដ្ឋរស់នៅឃុំត្រើយកោះ ក្រុងកំពត ខេត្តកំពត
ចំនួន៩០%ក្នុងចំណោមពលរដ្ឋជាង៥០០គ្រួសារ
មានរបរជាអ្នកនេសាទសមុទ្រ បានអះអាងដូចៗគ្នាថា
ការធ្វើរបរនេសាទរបស់គាត់ ត្រូវគំរាមកំហែងដោយទូកគូ
ឬទូកឆក់របស់អ្នកនេសាទជនជាតិវៀតណាម
ឆ្លងដែនខុសច្បាប់ចូលដែនសមុទ្រខ្មែរ។
បុរសអ្នកនេសាទឈ្មោះ សេន សារី រស់នៅសង្កាត់ត្រើយកោះ ខេត្តកំពត
បានឲ្យដឹងថា ទូកនេសាទជនជាតិវៀតណាម
ប្រើឧបករណ៍នេសាទខុសច្បាប់រាប់សិបគ្រឿង
បានឆ្លងចូលដែនសមុទ្រខ្មែរ ក្នុងខេត្តកំពត រាល់រាត្រី។ លោកថា
របរធ្វើនេសាទសមុទ្ររបស់ពួកគាត់មិនអាចរកត្រី បង្កង ក្ដាម ឬបង្គា
ដើម្បីលក់ចិញ្ចឹមជីវិតដូចពេលមុនទៀតទេ ព្រោះសព្វថ្ងៃនេះ
មានទូកគូ ឬមានកម្លាំងម៉ាស៊ីនធំៗ និងទូកឆក់ជនជាតិវៀតណាម
ចូលមកចាប់ត្រី និងផលសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យ
និងគ្មានការទប់ស្កាត់ពីសមត្ថកិច្ចទេ។
លោក សេន សារី៖ «នៅពីខាងលិចកោះត្រងោល ឬកោះការាំង
ទូកគូជនជាតិវៀតណាម វាអូសមកដល់មាត់ព្រែកកំពត។
ខ្ញុំធ្លាប់ទូរស័ព្ទប្រាប់ជលផលខេត្ត ឲ្យគេជួយទប់ស្កាត់
ដើម្បីឲ្យប្រជាជនក្នុងភូមិងាយស្រួលក្នុងរបរធ្វើនេសាទ
យកមកដោះស្រាយជីវភាពក្នុងគ្រួសារ។ តែដល់ពេលប្រាប់ជលផល
ជួនកាលជលផលថា ពេលគេចេញល្បាតអត់ឃើញ និងពេលខ្លះគេថា
ខ្វះកម្លាំងចុះល្បាតជាដើម»។
ប្រជាពលរដ្ឋបានចោទសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកំពត
មានមន្ត្រីជលផល និងមន្ត្រីយោធាការពារព្រំដែនសមុទ្រជាដើម
ជាអ្នកបើកដៃឲ្យឈ្មួញនេសាទវៀតណាម
ចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ ជាថ្នូរបានប្រាក់សំណូក
ទើបគ្មានវិធានការបង្ក្រាប។
លោកបន្តថា សកម្មភាពទូកនេសាទវៀតណាម
ចូលមករំលោភក្នុងដែនសមុទ្រខ្មែរ
លោកធ្លាប់បានផ្ដល់ព័ត៌មានជូនសមត្ថកិច្ចជំនាញជាប្រចាំ
ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនបានទប់ស្កាត់ទេ ដោយថ្លែងថា
គ្មានកម្លាំងគ្រប់គ្រាន់
ឬក៏ចុះធ្វើសកម្មភាពបង្ក្រាបមិនជួបទូកនេសាទវៀតណាម ជាដើម។
ស្ត្រីវ័យចំណាស់ ឈ្មោះ កែវ សូម រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ
ក្រុងកំពត ដែលមានស្វាមី
និងកូនៗប្រកបរបរនេសាទសមុទ្រតាំងពីដូនតាមកនោះ
លោកស្រីក៏បានរៀបរាប់ពីផលវិបាកបណ្ដាលមកពីទូកនេសាទជនជាតិវៀតណាម
ចូលមកនេសាទក្នុងដែនសមុទ្រខ្មែរនេះដែរ។
លោកស្រីឲ្យដឹងថា ទូកនេសាទវៀតណាម មិនខ្លាចរអែងសមត្ថកិច្ចកម្ពុជា
ទេ និងបន្តចូលនេសាទ
ដោយប្រើឧបករណ៍ខុសច្បាប់ក្នុងសមុទ្រខ្មែររាល់រាត្រី៖ «កាលពី
យប់ថ្ងៃសុក្រ ទូកវៀតណាម អូសគូហ្នឹងអូសចូលៗ ហើយកាត់ផ្ដាច់មងខ្ញុំ
រួចអូសទូកខ្ញុំទៅដល់ជិតប្រទេសវៀតណាម។
ទាល់តែខ្ញុំស្រែកឲ្យគេជួយ ទើបទូកនេសាទវៀតណាម ឈប់
និងបានសម្លុតគំរាមកំហែងពួកខ្ញុំ។ ដល់ពេលយើងមកប្ដឹងរដ្ឋអំណាច
ដូចជា ជលផល ឬខាងជើងទឹក គេដោះស្រាយឲ្យដែរ តែដោះហើយស្ងាត់ៗ
មិនមានឃើញផលប្រយោជន៍ ឬបានកាន់ជើងយើងបន្តិច គឺអត់សោះ»។
ស្ត្រីរូបនេះមានចម្ងល់ថា
ហេតុអ្វីបានជាសមត្ថកិច្ចខ្មែរមិនហ៊ានបង្ក្រាបទូកនេសាទវៀតណាម
ដែលរំលោភចូលក្នុងដែនសមុទ្ររបស់ខ្លួន ឬមួយក៏សមត្ថកិច្ចទាំងនោះ
ត្រូវដងត្រូវផ្លែជាមួយឈ្មួញនេសាទវៀតណាម
ទើបបទល្មើសនេសាទបន្តកើតមាន។
ផ្ដើមពីភាពអនាធិបតេយ្យនេះ
ស្ត្រីអ្នកនេសាទបានស្នើឲ្យរដ្ឋាភិបាល
ឆាប់វាស់កំណត់ព្រំដែនសមុទ្រជាមួយប្រទេសវៀតណាម ឲ្យបានឆាប់
ដើម្បីទប់ស្កាត់ការរំលោភដែនសមុទ្រពីប្រទេសជិតខាង
ចូលក្នុងសមុទ្រកម្ពុជា នាថ្ងៃអនាគត។
រដ្ឋាភិបាលមានផែនការបោះកំណត់ព្រំដែនគោកជាមួយប្រទេសវៀតណាម
ឲ្យចប់ជាស្ថាពរត្រឹមឆ្នាំ២០១២។ បន្ទាប់ពីនោះ
នឹងពិនិត្យលើការកំណត់ព្រំដែនទឹកជាមួយប្រទេសវៀតណាម
ឬព្រំដែនគោកជាមួយប្រទេសថៃ ជាបន្តទៀត។
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋខ្លះទៀតបញ្ចេញទស្សនៈថា
ការដែលរដ្ឋាភិបាលមិនទាន់កំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាង
ឲ្យបានច្បាស់លាស់
អាចជាដើមហេតុនាំឲ្យមានសកម្មភាពរំលោភដែនសមុទ្រ
ចូលមកក្នុងសមុទ្រកម្ពុជា។
ទោះជាបែបនេះក្ដី ប្រជានេសាទមួយចំនួនបានថ្លែងថា
ការចូលរំលោភដែនសមុទ្រកម្ពុជា ពីសំណាក់ប្រទេសជិតខាង មានវៀតណាម
ឬថៃ ជាដើម អាចបណ្ដាលមកពីភាពកម្សោយ
និងអំពើពុករលួយរបស់សមត្ថកិច្ចពាក់ព័ន្ធតាមខេត្តជាប់មាត់សមុទ្រ
ទៅវិញទេ។
អ្នកនេសាទម្នាក់ទៀត លោក ហាត ការីម មានលំនៅឋានក្នុងខេត្តកំពត
បានរៀបរាប់ពីសកម្មភាព នៃបទល្មើសនេសាទរបស់ជនជាតិវៀតណាម
ចូលមករំលោភដែនសមុទ្រកម្ពុជា បង្កការលំបាក
និងគំរាមកំហែងដល់ប្រជានេសាទខ្មែរ ដែលប្រើឧបករណ៍ស្របច្បាប់
និងមានកម្លាំងទូកតូចៗ។
លោក ហាត ការីម៖ «ទូកគូបើនៅទន្លេគេហៅអូសអួន។
ទូកពីរវាអូសមងមួយ តែមុខមងប្រហែលជា២០០ម៉ែត្រ
ជម្រៅមងប្រហែលទឹក១០ម៉ែត្រ អណ្ដែតកំសួលខាងលើផ្ទៃទឹក
គឺអូសយកទាំងត្រីតូចត្រីធំ បង្គាតូច បង្គាធំ ក្ដាម ខ្ចងតូចធំ
គឺអូសយកទាំងអស់។ បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក
ព្រោះថាការធ្វើនេសាទទូកយើងតូចៗ វាអូសយកទាំងទូក ឬមង
ហើយខ្លះទៀតកំពុងតែលើកមងអូសដាច់មងទៅតាមទូកគូវាអស់ហើយ»។
អ្នកនេសាទរូបនេះស្ទើរអស់ជំនឿលើសមត្ថកិច្ចពាក់ព័ន្ធខេត្តកំពត
ក្នុងការបង្ក្រាបទូកនេសាទវៀតណាម ឆ្លងដែនចូលក្នុងសមុទ្រខ្មែរ
ព្រោះថាកន្លងមក
ពួកគាត់ធ្លាប់បានប្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធខេត្តឲ្យមានវិធានការ
ទប់ស្កាត់ ប៉ុន្តែជាការអត់ប្រយោជន៍។
ក្រៅពីចោទសមត្ថកិច្ចខេត្តកំពតថា
ជាអ្នកនៅពីក្រោយបទល្មើសទូកនេសាទឆ្លងដែនវៀតណាម
អ្នកនេសាទខ្មែរក៏ជំរុញឲ្យរដ្ឋាភិបាលពន្លឿនការកំណត់ព្រំដែនសមុទ្រ
ជាមួយប្រទេសជិតខាង ឲ្យបានឆាប់
ដើម្បីកំណត់អធិបតេយ្យដែនសមុទ្រកម្ពុជា ឲ្យបានច្បាស់លាស់។
ទោះយ៉ាងណា មន្ត្រីជលផលខេត្តកំពត
មិនបានធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់ដែលថា
មានទូកនេសាទវៀតណាម ចូលមកនេសាទក្នុងឆ្លងដែនសមុទ្រកម្ពុជា នេះទេ។
ប៉ុន្តែ មន្ត្រីខេត្តកំពត មិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា
សកម្មភាពបង្ក្រាបបទល្មើសនេសាទឆ្លងដែនរបស់មន្ត្រីជលផលខេត្តកន្លង
មក
បានបណ្ដាលឲ្យមន្ត្រីជលផលស្លាប់បាត់បង់ជីវិតមិនតិចជាង២នាក់ទេ។
មន្ត្រីរូបនេះទទួលស្គាល់ថា
ពិតជាមានបទល្មើសទូកនេសាទជនជាតិវៀតណាម
ប្រើឧបករណ៍ល្មើសច្បាប់ចូលនេសាទ ក្នុងដែនសមុទ្រកម្ពុជា
រាល់រាត្រីដូចប្រជានេសាទខ្មែរអះអាងពិតមែន។
ក្រៅពីខេត្តកំពត នៅខេត្តព្រះសីហនុ ក៏មានទូកនេសាទបរទេសចូលមកចាប់ត្រី ក្នុងដែនសមុទ្រខ្មែរដែរ។
លោក ហោ ហេង រស់នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ
មានរបរជាអ្នកនេសាទជិត៣០ឆ្នាំលើផ្ទៃសមុទ្រ ក៏បានអះអាងថា
សព្វថ្ងៃនេះឃើញមានទូកនេសាទជនជាតិថៃ ប្រើឧបករណ៍ខុសច្បាប់
បានចូលមកនេសាទក្នុងដែនសមុទ្រខ្មែរនៅខេត្តព្រះសីហនុ។
លោកថា ទូកនេសាទថៃ ចូលនេសាទក្នុងដែនសមុទ្រខ្មែរ
បានប្រើឧបករណ៍ចាប់ត្រី ដែលច្បាប់កម្ពុជា ហាមឃាត់
ប៉ុន្តែសមត្ថកិច្ចមិនបានបង្ក្រាប ឬហាមឃាត់ទេ។
លោក ហោ ហេង៖ «ទូកពីរកំពុងចតក្នុងសមុទ្រហ្នឹង ជារបស់ថៃ។
ទូកហ្នឹងវាបើកភ្លើង រួចហើយយកអួនព័ទ្ធចាប់ ឬវាងយកតែម្ដង។
តែបើវាបើកភ្លើង ត្រីមកលេងភ្លើងនៅពេលម៉ោង៦ល្ងាច វារត់ពីកោះ
ទៅក្រៅបើកភ្លើងហើយ។ នៅខ្មែរយើង អត់មានអ្នកការពារព្រំដែនទឹកថា
ចម្ងាយពីកោះប៉ុន្មានគីឡូម៉ែត្រឲ្យវាង ឬនេសាទនោះទេ។
តែបើនៅប្រទេសគេៗកំណត់ បើ៥ម៉ាយពីកោះ គឺ៥ម៉ាយពីកោះ។
បើមកដែនសមុទ្រខ្មែររាល់ថ្ងៃនេះ
អត់មានអ្នកការពារព្រំដែនទឹកមើលការខុសត្រូវសមុទ្រទេ។
ទោះទូកនេសាទជនជាតិដទៃមកនេសាទក្បែរកោះ ក៏មិនហ៊ានធ្វើអីគេដែរ»។
លោកថ្លែងថា ទោះកម្ពុជាមានកម្លាំងប្រដាប់អាវុធចម្រុះ
ដាក់ពង្រាយតាមប្រជុំកោះមួយចំនួន
ដើម្បីការពារបូរណភាពដែនសមុទ្រក្ដី
ក៏ប៉ុន្តែបទល្មើសទូកនេសាទពីប្រទេសជិតខាងមានថៃ និងវៀតណាម ជាដើម
បានបន្តរំលោភចូលមកដែនសមុទ្រកម្ពុជា យ៉ាងអនាធិបតេយ្យ។
អ្នកនេសាទរូបនេះមានចម្ងល់ថា តើទូកនេសាទវៀតណាម
ឬថៃចូលរំលោភមកក្នុងដែនសមុទ្រកម្ពុជា
ដោយសារតែកម្ពុជាមិនទាន់បានបោះកំណត់ព្រំដែនទឹកត្រឹមត្រូវ
ឬមួយក៏មានការឃុបឃិតរវាងសមត្ថកិច្ចជាមួយឈ្មួញបរទេស
ទើបបទល្មើសរំលោភដែនសមុទ្រអាចធ្វើសកម្មភាពបាន។
ទោះយ៉ាងណា លោក សុខ នី ជាប្រជានេសាទនៅខេត្តកំពត បានថ្លែងថា
ប្រជានេសាទពួកគាត់មិនចង់ឃើញបទល្មើសនៃទូកនេសាទប្រទេសជិតខាង
ចូលរំលោភក្នុងដែនសមុទ្រកម្ពុជា ទៀតទេ។ លោកបានស្នើឲ្យរដ្ឋាភិបាល
ជួយបោះកំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាងឲ្យបានឆាប់
ដើម្បីទប់ស្កាត់បទល្មើសរំលោភដែនសមុទ្រពីប្រទេសជិតខាង។
លោក សុខ នី៖ «បើសិនរាជរដ្ឋាភិបាលគាត់បានបោះបង្គោលព្រំដែនឲ្យ
ប្រជាពលរដ្ឋបានដឹងយល់ថា កន្លែងណាព្រំដែនវៀតណាម
និងកន្លែងណាព្រំដែនខ្មែរ ប្រជាពលរដ្ឋខ្មែរអរណាស់។ ព្រោះថា
យើងដឹងទីតាំង យើងអាចចូលនេសាទបាន យើងចូល
ឬកន្លែងណាយើងមិនអាចចូលបាន គឺយើងមិនចូលទេ។
តែដល់ពេលយើងឡើងទៅដល់ចៅហ្វាយខេត្ត គាត់បែរជានិយាយថា
ដែននេសាទនៅខេត្តកំពត នេះគឺតូចណាស់ គឺងាយទៅឃើញ
ហើយមិនអាចកំណត់ព្រំដែនបានទេ។ យើងចេញចូលទៅគេ គេចូលមកយើង»។
យ៉ាងណាក៏ដោយ លោក ហ៊ីង សុធារ៉ា នាយសេនាធិការជើងទឹក
ប្រចាំខេត្តព្រះសីហនុ បានទទួលស្គាល់ថា
ពិតជាមានទូកនេសាទចូលមកនេសាទក្នុងដែនសមុទ្រខ្មែរពិតមែន
ប៉ុន្តែទូកទាំងនោះមានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ៖ «ទូក
ថៃ ចូលមកដែនសមុទ្រកម្ពុជា
គេសុទ្ធតែមានអាជ្ញាប័ណ្ណពីគណៈកម្មការរបស់ខេត្ត
គឺគេមានជាក្រដាសស្នាមឲ្យគេចូលបានគេចូល។ ព្រោះទូកពួកនេះ
មិនមែនចូលអត់ច្បាប់ទេ បើចូលអត់ច្បាប់ធ្ងន់។ ដូច្នេះ
មានការឯកភាពពីគណៈបញ្ជាការឯកភាពខេត្តកោះកុង។
មានចូលមែនទូកនេសាទថៃ ក្នុងដែនសមុទ្រកម្ពុជា ប៉ុន្តែវាចូលនៅក្រៅ
គឺមិនចូលក្នុងខ្សែទឹកខាងក្នុងទេ ព្រោះទូកនេសាទថៃ មានទំហំធំៗ»។
យ៉ាងនេះក្ដី ប្រជានេសាទខ្មែរបានប្រតិកម្មថា
សមត្ថកិច្ចមិនគួរអនុញ្ញាតឲ្យទូកនេសាទប្រទេសជិតខាង មានថៃ
និងវៀតណាម ជាដើម ប្រើឧបករណ៍ល្មើសច្បាប់
ដែលច្បាប់កម្ពុជាហាមឃាត់នោះទេ។ លោកថា
សកម្មភាពប្រើឧបករណ៍ល្មើសច្បាប់ពីប្រទេសជិតខាងក្នុងដែនសមុទ្រ
កម្ពុជា នឹងអាចនាំឲ្យបាត់បង់ធនធានសមុទ្រនាថ្ងៃអនាគត
បើបទល្មើសបន្តកើតមាន និងគ្មានការទប់ស្កាត់នោះ៕
2 comments:
With Cpp Yuon did anything they wanted,kill khmers if they wanted too....What was happening to Khmer that burned Yuon fishing gears in Kampong chhnang province!? Cpp must stop help Yuon and neglect khmers.
One, you can shoot them, if that don't work, you chase them out with other means.
Post a Comment