ថ្ងៃទី 19 សីហា 2012, ដោយ: រតនា CEN
ភ្នំពេញ:
មេគណបក្សប្រឆាំងសម រង្ស៊ី
ប្រឈមជួបនឹងឧបសគ្គផ្លូវច្បាប់ ក្នុងការវិលមក ក្នុងជីវិត នយោបាយ
សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសតាំង អ្នកតំណាងរាស្ត្រ
អាណត្តិទី៥ ឆ្នាំ២០១៣ និងការដឹកនាំគណបក្សថ្មី
“គណបក្សសង្គ្រោះជាតិ” ដែលជាការច្របាច់ចូលគ្នា
រវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ពីព្រោះលោកសមរង្ស៊ី
ជាប់ឈ្មោះជាទណ្ឌិត ក្រោមអំណាច សាលដីកាតុលាការ កម្ពុជា។
លោក
ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប
បានមានប្រសាសន៍ ពន្យល់នៅថ្ងៃនេះថា ៖ ចំពោះការចុះបញ្ជី គណបក្ស
គឺទាក់ទងទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវចុះបញ្ជី
នៅក្រសួងមហាផ្ទៃ ពីព្រោះនៅពេលនេះ មិនទាក់ទងនិងគ.ជ.បទេ។
លោក ទេព នីថា បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖
“ប៉ុន្តែអ្វីទាក់ទងគ.ជ.បនៅពេល ដែលគណបក្ស ត្រូវបានទទួលស្គាល់
ជាផ្លូវការ រួចហើយ នៅពេលបញ្ជូនបេក្ខជនមកចុះ
ឈ្មោះបោះឆ្នោតនៅគ.ជ.ប
គឺគ្រប់បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌច្បាប់ កំណត់ទើប យើង អនុញ្ញាត
ឲ្យចុះឈ្មោះបោះឆ្នោត ដោយយោងទៅតាបច្បាប់ ស្តីពី គណបក្សនយោបាយ និង
ស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”។
លោក
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា
“ក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រ បានកំណត់ច្បាស់ថា ទណ្ឌិត
មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតបានទេ។
អីចឹងករណីនេះ ច្បាស់ហើយថា លោកសមរង្ស៊ី មិនអាចឈរឈ្មោះ
ជាតំណាងរាស្ត្របានទេ។ ប៉ុន្តែក្នុងច្បាប់ ស្តីពី គណបក្សនយោបាយ
មិនទាន់បានចែង ថាតើទណ្ឌិត មិនអាចធ្វើជាប្រធានបក្សបាននោះទេ។
វាមិនទាន់មានកន្លែងណា កំណត់ ចែងដូច្នេះទេ”។
ប៉ុន្តែ
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្ថែមថា ក្រសួងមហាផ្ទៃ
មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទ សុំចុះឈ្មោះគណបក្សថ្មី
ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ
សម្រាប់គណបក្សថ្មីនោះ។
លោក ប៉ុល ហំ
អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស
និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស នឹងត្រូវបំពេញបែបបទ យកទៅចុះឈ្មោះ
ជាផ្លូវការ នៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២០ ខែសីហា
ឆ្នាំ២០១២។ជាមួយគ្នានោះដែរលេខាធិការដ្ឋាននៃ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានគំរោង ធ្វើសន្និសីទកាសែត នៅរសៀល
ថ្ងៃទី២០ ខែសីហា ខាងមុខនេះស្តីពីបង្កើត “គណបក្សសង្គ្រោះជាតិ”៕
No comments:
Post a Comment