Mam Sonando was arrested on 17 July and charged with sedition, a charge he denied.
ពលរដ្ឋចោទអាជ្ញាធរថាបំភិតបំភ័យមិនឲ្យផ្ដិតមេដៃគាំទ្រ ម៉ម សូណង់ដូ
ដោយ សុ ជីវី
2012-07-27 Radio Free Asia
សមាជិកសមាគមអ្នកប្រជាធិបតេយ្យនៅក្នុងខេត្ត-ក្រុងចំនួន១១
បានចាប់ផ្ដើមយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ
មូលដ្ឋាន ដើម្បីការគាំទ្រសំណើអោយមានការដោះលែងប្រធានសមាគមនេះ
គឺលោក ម៉ម សូណង់ដូ ពីពន្ធនាគារ។
មកដល់ពេលនេះ មានសេចក្ដីរាយការណ៍ពីខេត្តកំពង់ចាម មកថា
អាជ្ញាធរស្រុកស្រីសន្ធរ បានសាកសួរ
និងហាមប្រាមមិនអោយពលរដ្ឋនៅតាមបណ្ដាឃុំមួយចំនួនផ្ដិតមេដៃ
ព្រមទាំងបានបង្ខំអោយពលរដ្ឋមួយចំនួនផ្ដិតមេដៃទទួលខុសត្រូវចំពោះ
ការផ្ដល់ស្នាមមេដៃទៅអោយសមាគមអ្នកប្រជាធិបតេយ្យ។
ពលរដ្ឋនៅតាមឃុំមួយចំនួនក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ចោទប្រកាន់អាជ្ញាធរមូលដ្ឋានថាបានបំភិតបំភ័យ
និងហាមប្រាមពួកគាត់ក្នុងការចូលរួមផ្ដិតមេដៃលើញត្តិគាំទ្រ
ដើម្បីអោយមានការដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យប្រចាំនៅស្រុកស្រីសន្ធរ
ខេត្តកំពង់ចាម លោក ពៅ ស៊ឺន មានប្រសាសន៍តាមទូរស័ព្ទថា
អ្នកភូមិជាច្រើននាក់ក្នុងឃុំចំនួន១៤ នៅក្នុងស្រុកនេះ
ដែលស្រឡាញ់អ្នកប្រជាធិបតេយ្យ
បាននាំគ្នាផ្ដិតមេដៃគាំទ្រអោយមានការដោះលែង លោក ម៉ម សូណង់ដូ។
ប៉ុន្តែនៅថ្ងៃទី២៦ ខែកក្កដា
តំណាងសមាគមនៅតាមឃុំមួយចំនួនក្នុងស្រុកនេះ បានផ្ដល់ដំណឹងថា
អាជ្ញាធរនៅតាមមូលដ្ឋានបានហាមប្រាមមិនអោយពួកគាត់បន្តសកម្មភាព
ប្រមូលស្នាមមេដៃនោះបន្តទៀតឡើយ។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យប្រចាំនៅស្រុកស្រីសន្ធរ លោក ពៅ ស៊ឺន
បន្តថា នៅតាមឃុំមួយចំនួន ដូចជាឃុំស្វាយពោធិ៍ ឃុំបារាយណ៍
ឃុំព្រែកដំបូក និងជីបាល ជាដើម
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបានគំរាមកំហែងអ្នកភូមិ
ដោយការហៅពួកគេទៅសាកសួរពីការផ្ដិតមេដៃនោះ
និងបានបង្ខំអោយពួកគាត់ផ្ដិតមេដៃលើឯកសាររបស់ប៉ុស្តិ៍នគរបាលនោះ
ដោយយល់ព្រមថា
ពួកគេបានផ្ដិតមេដៃអោយសមាគមអ្នកប្រជាធិបតេយ្យដោយការស្ម័គ្រចិត្ត
គឺពុំមានការបង្ខិតបង្ខំឡើយ។
ស្ត្រីអ្នកភូមិម្នាក់បាននិយាយដោយមិនបញ្ចេញឈ្មោះថា
មេប៉ុស្តិ៍រដ្ឋបាលឃុំបានហៅគាត់
និងអ្នកភូមិជាច្រើននាក់ផ្សេងទៀត អោយទៅផ្ដិតមេដៃអះអាងថា
បានស្ម័គ្រចិត្តផ្ដិតមេដៃអោយសមាគមអ្នកប្រជាធិបតេយ្យ
ដើម្បីអំពាវនាវអោយមានការដោះលែង លោក ម៉ម សូណង់ដូ។
អ្នកស្រីបន្តថា ដោយការភ័យខ្លាច
តំណាងសមាគមអ្នកប្រជាធិបតេយ្យនៅក្នុងឃុំរបស់អ្នកស្រី
បានសម្រេចដុតញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋនោះចោល។
អ្នកស្រីបានចោទសួរថា
តើពួកគាត់មានកំហុសអ្វីនៅក្នុងការផ្ដិតមេដៃ
ដែលជាការស្នើសុំដោយសន្តិវិធីនោះ?
ក្រុមអ្នកភូមិបានអះអាងថា ការហាមប្រាម
ឬការហៅប្រជាពលរដ្ឋទៅសាកសួរនោះ
ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រាប់ថា
គឺជាបញ្ជារបស់អធិការនគរបាលស្រុកស្រីសន្ធរ។
អធិការនគរបាលស្រុកស្រីសន្ធរ លោក ខេង ស្រេង មានប្រសាសន៍ថា
លោកពិតជាបានណែនាំអោយមន្ត្រីនៅតាមមូលដ្ឋានសាកសួរពីរឿងផ្ដិត
មេដៃនោះមែន ក៏ប៉ុន្តែពុំមែនជាការហាមប្រាមឡើយ។ លោកបន្តថា
លោកនឹងមានវិធានការចំពោះករណីដែលមានការលើកឡើងថា
អាជ្ញាធរមូលដ្ឋានបង្ខំអោយពលរដ្ឋផ្ដិតមេដៃនោះ។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យប្រចាំស្រុកស្រីសន្ធរ បានអោយដឹងថា
បើទោះជាមានភាពប្រទាំងប្រទើសខ្លះៗបែបនេះក៏ដោយ
ក៏ពួកគេនៅតែបន្តការប្រមូលស្នាមមេដៃពីពលរដ្ឋដែលស្ម័គ្រចិត្ត
គាំទ្រយុទ្ធនាការទាមទារយុត្តិធម៌ អោយប្រធានសមាគមអ្នកប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ។
ទោះជាយ៉ាងណា
គេនៅមិនទាន់មានតួលេខពិតប្រាកដពីចំនួនអ្នកភូមិដែលបានយល់ព្រម
ផ្ដល់ស្នាមមេដៃដល់សមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងស្រុកស្រីសន្ធរ
នោះទេ។
ដោយឡែកនៅរាជធានីភ្នំពេញ មានសេចក្តីរាយការណ៍ថា អាជ្ញាធរបានចាប់
និងឃុំខ្លួនបុរសជាអ្នកបឹងកក់ម្នាក់
នៅពេលបុរសរូបនោះបានចុះទៅប្រមូលស្នាមមេដៃអ្នកបឹងកក់
ក្នុងបំណងគាំទ្រអោយមានការដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក
ម៉ម សូណង់ដូ ដែរនោះ។
លោក ម៉ម សូណង់ដូ ត្រូវរដ្ឋាភិបាលកម្ពុជា
ចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២
ក្រោយពីលោកបញ្ចប់បេសកកម្មនៅបរទេស។ រដ្ឋាភិបាល និងតុលាការកម្ពុជា
បានចោទថា លោក ម៉ម សូណង់ដូ បានបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ
ក្នុងស្រុកឆ្លូង
បន្ទាប់ពីមានពលរដ្ឋមួយចំនួនបានចូលទៅចាប់ដីនៅក្នុងឃុំ
កំពង់ដំរី ដើម្បីរស់នៅ។
លោក ម៉ម សូណង់ដូ ធ្លាប់អះអាងមុនពេលចាប់ខ្លួនថា
លោកពុំមានកំហុសក្នុងការបង្កើតតំបន់អបគមន៍ឡើយ
គឺគ្រាន់តែបង្កើតសមាគមមួយដែលឲ្យពលរដ្ឋហ៊ាននិយាយអំពីការពិត
ដែលបានកើតឡើងក្នុងប្រទេស និងតំបន់ដែលគេរស់នៅ៕
1 comment:
The authority has no right to stop people from signing the petitions to release whomever they want,please stop interference with the wheel of justice.
Post a Comment