(ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបវិត)
ពុធ 18 មេសា 2012 - 8:37 pm | 223 views
ប្រភព៖ សារពត៌មានសេរី
ជនសង្ស័យជាអតីតអភិបាលក្រុងបាវិតដែលបាញ់កម្មករឲ្យរងរបួសធ្ងន់អំឡុងការតវ៉ាកាលពីខែកុម្ភៈ នៅរសៀលថ្ងៃពុធនេះ ត្រូវតុលាការខេត្តស្វាយរៀងចោទប្រកាន់ជាផ្លូវការហើយពីបទ បង្ករបួសស្នាមដោយអចេតនា។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សំណុំរឿងលោក ឈូក បណ្ឌិត ជនសង្ស័យបាញ់កម្មករ-កម្មការិនីឲ្យរងរបួសធ្ងន់៣នាក់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២នោះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបអង្កេតហើយ បន្ទាប់ពីចោទប្រកាន់ជាផ្លូវការពីបទបង្ករបួសស្នាមដោយអចេតនានោះ។
ចំពោះការចោទប្រកាន់របស់តុលាការខេត្តស្វាយរៀងទៅលើជនសង្ស័យ ឈូក បណ្ឌិត នេះ ត្រូវលោក ចាន់ សូវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមអាដហុករិះគន់ថា ជាតុលាការមួយនេះស្ថិតក្រោមសម្ពាធអ្នកនយោបាយ។ ហើយថា ទង្វើរបស់លោក ឈូក បណ្ឌិត ដែលបានបាញ់ប្រហារមកលើកម្មករស្ទើរតែបាត់បង់ជីវិតនោះ គួរតែត្រូវចោទពីបទមនុស្សឃាតដោយចេតនាមិនបានសម្រេច។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ កម្មករចំនួន៣នាក់ត្រូវបានគេបាញ់ប្រហារឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេរួមជាមួយកម្មកររាប់រយនាក់ទៀតធ្វើបាតុកម្មតវ៉ាទាមទារឲ្យមានលក្ខខណ្ឌការងារសមរម្យនៅខាងមុខរោងចក្រកៅវ៉េក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ប៉ុន្មានសប្តាហ៍ក្រោយមកជនសង្ស័យដែលបានបាញ់កម្មករឲ្យរងរបួសធ្ងន់នោះ ត្រូវក្រសួងមហាផ្ទៃប្រកាសថា គឺជាអភិបាលក្រុងបាវិតឈ្មោះ ឈូក បណ្ឌិត។ តែទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ជនសង្ស័យរូបនោះមិនត្រូវគេធ្វើការចាប់ខ្លួនយកមកផ្ដន្ទាទោសឡើយ៕
No comments:
Post a Comment