A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 September 2016


មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ជួយ​ពលរដ្ឋ​មួយ​គ្រួសារ

ដោយ សូត សុខប្រាថ្នា
2016-09-18
   
ស៊ុយ ស៊ីម កំពង់ធំ ២០១៦ ៨៥៥
លោក ស៊ុយ ស៊ីម និង​ពលរដ្ឋ​ក្បែរ​ខាង​មួយ​រូប​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​ពេល​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ធំ រុះរើ​ផ្ទះ និង​បង្គាប់​ឲ្យ​ពួក​គេ​ចាកចេញ​ពី​ដី​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លើក​ឡើង​ថា យុទ្ធនាការ​ស្វែងរក​ថវិកា​ជួយ​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ នោះ គឺ​ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​ដីធ្លី និង​ផ្ទះ​សម្បែង​សមរម្យ​សម្រាប់​រស់នៅ​ឡើង​វិញ។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​មួយ​គ្រួសារ​នោះ ត្រូវ​បាន​តុលាការ​កាត់​ក្តី​ឲ្យ​ចាញ់​ក្ដី​អ្នក​ជិត​ខាង ហើយ​តុលាការ និង​អាជ្ញាធរ បាន​អនុវត្ត​ដីកា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា បាន​រុះរើ​ផ្ទះ​ពួក​គាត់​ចោល និង​តម្រូវ​ឲ្យ​ចាកចេញ​ពី​ដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាប់​កន្លង​មក។
យុទ្ធនាការ ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ពលរដ្ឋ​ចាញ់​ក្តី​រឿង ​ដីធ្លី​មួយ​គ្រួសារ រួម​មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយ​តាម​បណ្ដាញ​សមាជិក​បក្ស​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។
ក្រៅ ​ពី​នេះ នឹង​មាន​ចេញ​ជា​លិខិត​ផ្លូវ​ការ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្អប់​ខ្ពើម​ ភាព​អយុត្តិធម៌ និង​សប្បុរសជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ចូលរួម​ជួយ​ពលរដ្ឋ​ដែល​ពួក​គេ​អះអាង​ថា រង​ភាព​អយុត្តិធម៌​ដោយ​តុលាការ​ខេត្ត​កំពង់ធំ។
សមាជិក​ ប្រតិបត្តិ​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ លោក ថៃ ធីម មាន​ប្រសាសន៍​ថា ការ​ចូលរួម​ជួយ​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ពី​ដី​លំនៅឋាន និង​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ផ្ទះ​សម្បែង​នោះ គឺ​ជា​ការ​រួម​ចំណែក​ជួយ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​បញ្ហា​ប្រឈម​ចំពោះ​មុខ ម្យ៉ាង​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​អយុត្តិធម៌​ក្នុង​សង្គម។ លោក​ថា បច្ចុប្បន្ន​ខាង​លោក​ទទួល​បាន​ថវិកា​ចំនួន ២០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​សប្បុរសជន ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​រូប​នោះ៖ «ឥឡូវ ​គាត់​ត្រូវ​បាន​បាត់​ដី​បាត់​ធ្លី។ សំខាន់​បំផុត គឺ​ចង់​ឲ្យ​គ្រួសារ​គាត់​មាន​លំនៅឋាន​សមរម្យ​ឡើង​វិញ ពីព្រោះ​ថា​គាត់​រំលោភ​បាត់​ដី ហើយ​មិន​ដឹង​ត្រូវ​ទៅ​ជ្រក​កោន​នៅ​ឯណា​ទេ»
កាល ​ពី​ថ្ងៃ​ទី​១៦ កញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត ព្រម​ទាំង​មន្ត្រី​សមត្ថកិច្ច​ស្រុក​ជាច្រើន​នាក់ បាន​ចុះ​អនុវត្ត​សាល​ដីកា ហើយ​បាន​រុះរើ​ផ្ទះ​សម្បែង​របស់ ស៊ុយ ស៊ីម ជា​ពលរដ្ឋ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ត្នោតជុំទី២ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ព្រម​ទាំង​តម្រូវ​ឲ្យ​ពួក​គេ​រើ​ចេញ​ពី​ដី​ដែល​ធ្លាប់​រស់នៅ ពីព្រោះ​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​កាត់​សេចក្តី​ឲ្យ​ចាញ់​កាល​ពី​ពេល​ កន្លង​ទៅ។ សំណុំ​រឿង​នេះ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១ ក្រោយ​ពេល​អ្នកស្រី ហួត យី ដែល​មាន​ព្រំ​ដី​ជាប់​គ្នា​នឹង​លោក ស៊ុយ ស៊ីម ជា​ដើម​បណ្ដឹង​ប្ដឹង​ទារ​យក​ដី​ទំហំ ១៥​ម៉ែត្រ​គុណ ៣៥​ម៉ែត្រ​ពី​លោក ស៊ុយ ស៊ីម។
នៅ​ពេល​មន្ត្រី​តុលាការ និង​សមត្ថកិច្ច​ចុះ​អនុវត្ត​សាល​ដីកា​នោះ គឺ​បាន​ចាប់​ខ្លួន​លោក ស៊ុយ ស៊ីម និង​ពលរដ្ឋ​ក្បែរ​ខាង​ម្នាក់​ទៀត​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ដោយ​ចោទ​ថា​បាន​រារាំង​ការងារ​របស់​តុលាការ តែ​ក្រោយ​មក ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​មក​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ ទី​១៦ កញ្ញា។

ពលរដ្ឋ​នៅ​ឃុំ​ត្នោតជុំ លោក ស៊ុយ ស៊ីម មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​លោក​មិន​ទាន់​មាន​កន្លែង​ស្នាក់នៅ​ពិត​ ប្រាកដ​ទេ ដោយ​ផ្ទះ​សម្បែង​ត្រូវ​អាជ្ញាធរ​រុះរើ​បណ្ដាល​ឲ្យ​បាក់​បែក​ស្ទើរ​ ទាំងស្រុង។ ចំណែក​ដី​លំនៅឋាន​ទទឹង ១៥​ម៉ែត្រ និង​បណ្តោយ ៣៥​ម៉ែត្រ ត្រូវ​បាន​គេ​រឹប​អូស ព្រោះ​តុលាការ​បាន​កាត់​ក្តី​ឲ្យ​លោក​ចាញ់​អ្នក​ក្បែរ​ខាង។ លោក​ថា ប្រពន្ធ និង​កូន​របស់​លោក​មួយ​ចំនួន សុំ​ផ្ទះ​អ្នក​ជិត​ខាង​ស្នាក់​អាស្រ័យ​បណ្ដោះអាសន្ន ចំណែក​គាត់​កំពុង​រស់នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ទម្រាំ​រក​ប្រាក់​ទិញ​ដី និង​ធ្វើ​ផ្ទះ​សមរម្យ​ឡើង​វិញ​បាន៖ «បង​អើយ! ប្រពន្ធ​ខ្ញុំ​ដេក​យំ​រាល់​តែ​ថ្ងៃ ថ្ងៃ​គេ​រើរុះ ប្រពន្ធ​ខ្ញុំ​សន្លប់ ត្រូវ​គេ​យក​ទៅ​ពេទ្យ»
ប្រភព ​ដដែល​រំឭក​ថា ដី​លំនៅឋាន​ដែល​គ្រួសារ​លោក​ធ្លាប់​រស់នៅ​កន្លង​មក គឺ​រស់នៅ​ត​កូន​ត​ចៅ ប៉ុន្តែ​ក្រោយ​ពេល​ឪពុក​ម្ដាយ​លោក​ស្លាប់​ទៅ អ្នក​ជិត​ខាង​បាន​ដាក់​ពាក្យ​ប្ដឹង​គ្រួសារ​លោក ដោយ​ថា​ដី​គាត់​រស់នៅ គឺ​ជា​ដី​របស់​គេ ហើយ​តុលាការ​គ្រប់​ថ្នាក់​កាត់​ក្តី​ឲ្យ​គ្រួសារ​លោក​ចាញ់​រហូត។ ចំណែក​ពលរដ្ឋ​រូប​នេះ​យល់​ថា ការ​កាត់​ក្តី​ទាំងនោះ​អយុត្តិធម៌ មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ពួក​គាត់​ចេះ​តែ​ប្រឆាំង​ទៅ​នឹង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ជា​ បន្តបន្ទាប់។
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត ​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា គឺ​ជា​រូបភាព​ក្តៅ​តែ​ម្តង មិន​បាន​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ​ទេ។ ដោយឡែក​សកម្មភាព​រៃអង្គាស​ថវិកា​ជួយ​ក្រុម​គ្រួសារ​ពលរដ្ឋ​រូប​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​វិញ លោក​បញ្ជាក់​ថា វា​ជា​រូបភាព​មនុស្សធម៌​នៅ​ក្នុង​សង្គម។ លោក​ថា រូបភាព​នេះ ពួក​គេ​ត្រូវ​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ មិន​ចំពោះ​តែ​សកម្មជន​បក្ស​របស់​ខ្លួន​ទេ ពោល​គឺ​សម្រាប់​ពលរដ្ឋ​ទូទៅ​ឲ្យ​តែ​ពួក​គេ​រង​ភាព​អយុត្តិធម៌​ពី​សំណាក់​ ប្រព័ន្ធ​តុលាការ ឬ​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​រដ្ឋ​ជាដើម៕

No comments: