A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 August 2016

តាម​រយៈ​ Fulbright ក្តី​ស្រមៃ​របស់​យុវជន​ខ្មែរ​អាច​ក្លាយ​ជា​ការពិត


05 សីហា 2016 ppp
ហឿន សុភ័ក្រ្ត


ជ័យលាភី Fulbright ឆ្នាំ​២០១៦ និង​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោកស្រី Julie Chung ឈរ​ថត​រូប​ក្នុង​ការ​ប្រជុំ​ណែនាំ​មុន​ពេល​ចេញ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឡើង​នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​ទី​ក្រុង​ភ្នំពេញ។ (រូបភាព៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា)
ជ័យលាភី Fulbright ឆ្នាំ​២០១៦ និង​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោកស្រី Julie Chung ឈរ​ថត​រូប​ក្នុង​ការ​ប្រជុំ​ណែនាំ​មុន​ពេល​ចេញ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឡើង​នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​ទី​ក្រុង​ភ្នំពេញ។ (រូបភាព៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា)



កញ្ញា​ក៏​លើក​ទឹក​ចិត្ត​យុវជន​ដទៃ​ទៀត​ឲ្យ​ក្លាហាន​ឡើង​ក្នុង​​ការ​ដាក់​អាហារូបករណ៍​ កុំ​ឲ្យ​ភាព​ភ័យខ្លាច​បន្ទច់បង្អាក់​ឱកាស​ដ៏​មាន​តម្លៃ​នេះ។


វ៉ាស៊ីនតោន —

សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នេះ យុវជន​ខ្មែរ​៧​រូប​នឹង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​តាម​រយៈ​អាហារូបករណ៍​ Fulbrgiht ក្រោម​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​អាមេរិកាំង។

កញ្ញា​ ស៊ូ ហ្សូលីដា ជា​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) និង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) និង​ជា​ជ័យ​លាភី​១​ក្នុង​ចំណោម​ជ័យ​លាភី​ទាំង​៧​នាក់​នោះ នឹង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ និង​កិច្ចការ​ការទូត​នៅ​សាកល​វិទ្យាល័យ Tufts University នៅ​ក្រុង​ Medford ក្នុង​រដ្ឋ​ Massachusetts។ កញ្ញា​ថ្លែង​ប្រាប់ VOA ថា ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដូច្នេះ​វា​ទាមទារ​ឲ្យ​មាន​ការ​ត្រៀម​រៀបចំ​ច្រើន។



«ការ​ដាក់អាហារូបករណ៍សម្រាប់​ Fulbright មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​គម្រោង​ច្បាស់​លាស់​ថា​យើង​នឹង​ទៅ​រៀន​អី ហើយ​យើង​ដឹង​ថា​យើង​ត្រូវ​សរសេរ​អី​ ហើយ​យើង​អាច​ឆ្លើយ​សំណួរ​គេ យើង​ដឹង​ថា​សំណួរ​គេ​ចង់​និយាយ​អី ហើយយើង​គោរព​ទៅ​តាម criteria (លក្ខខណ្ឌ) របស់​គេ ខ្ញុំ​គិត​ថា​វា​ក៏​អាច​កាត់​បន្ថយ​នូវ​ការ​លំបាក​របស់​យើង​ដែរ»។

កញ្ញា ស៊ូ ហ្សូលីដា ចូល​រួម​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤១ របស់​កម្ពុជា កាល​ពី​ឆ្នាំ​ ២០១៤។ (Courtesy photo៖ SSEAYP)
កញ្ញា ស៊ូ ហ្សូលីដា ចូល​រួម​កម្មវិធី នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤១ របស់​កម្ពុជា កាល​ពី​ឆ្នាំ​ ២០១៤។ (Courtesy photo៖ SSEAYP)


​កញ្ញា​បន្ត​ទៀត​ថា​ ការ​ចង់​បាន​អាហារូបករណ៍នេះ​ទៀត​សោត មិន​មែនជា​រឿង​ដែល​កញ្ញា​ទើប​តែ​នឹក​ឃើញ​ចង់​បាន​ថ្មីៗ​នេះ​ទេ។

​«ខ្ញុំ​បាន​ស្គាល់​ Fulbright តាំង​ពី​ខ្ញុំ​នៅ​រៀន​នៅ​វិទ្យាល័យ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ពី​អាហារូបករណ៍​នេះ ហើយ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ហើយ​និង​ធ្វើការ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បាន​ជាប់​ហ្នឹង​គឺ​ថា ខ្ញុំ​បាន​រៀប​ចំ​មួយ​រយៈ​ធំ​ដែរ​ មុន​ពេល​ដែល​ខ្ញុំរៀប​ចំ​ខ្លួន​ដាក់សុំ​អាហារូបករណ៍​នេះ»។

កញ្ញា​ក៏​លើក​ទឹក​ចិត្ត​យុវជន​ដទៃ​ទៀត​ឲ្យ​ក្លាហាន​ឡើង​ក្នុងការ​ដាក់​អាហារូបករណ៍​ កុំ​ឲ្យ​ភាព​ភ័យខ្លាច​បន្ទច់បង្អាក់​ឱកាស​ដ៏​មាន​តម្លៃ​នេះ។

ជ័យលាភី Fulbright ម្នាក់​ទៀត ដែល​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា គឺ​ ​លោក អ៊ួង ទីកេត្យា ក៏​កំពុង​តែ​ត្រៀម​ខ្លួនផង​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​បរិស្ថាន​នៅ​សាកល​វិទ្យាល័យ State University of New York នៅ​ទី​ក្រុង​ Syracuse រដ្ឋ New York។

លោក​បាន​ប្រាប់​ VOA ថា៖ «​ខ្ញុំ​មាន​បំណង​ apply (ដាក់​ពាក្យ) Fulbright ហ្នឹង​យូរ​ហើយ តាំង​ពី​ខ្ញុំ(នៅ)​រៀន គឺ​ខ្ញុំ​បាន​គិត​ថា​ ខ្ញុំ​នឹង​បន្ត​ថ្នាក់​អនុ​បណ្ឌិត គឺ​ខ្ញុំ​នឹង​ apply ចូល​ Fulbright ហ្មង៎!»

លោក​បន្ថែម​ថា លោក​មាន​អារម្មណ៍ច្របូក​ច្របល់​រក​អ្វី​ថ្លែង​ពុំ​បាន ពេល​លោក​ឃើញ​អ៊ីមែល​បញ្ជាក់​ថា ​លោក​ជាប់​ជា​ជ័យលាភី​ Fulbright នោះ។

«អារម្មណ៍​ពេល​ហ្នឹង​គឺ ដូច​ថា​ភ្ញាក់​ផ្អើល​ខ្លាំង​ ព្រោះ​ខ្ញុំ​អត់​ដែល​គិត​ថា​ ខ្ញុំ​អាច​ជាប់​ដល់​វគ្គ​ផ្ដាច់​ព្រាត់​អីចឹង»។​

យុវជន​អ៊ួង ទីកេត្យា កាន់​ទង់​ជាតិ​ខ្មែរពេល​នៅ​សាកលវិទ្យាល័យ University of Montana ក្រោម​កម្មវិធី Study of the United States Institute" (SUSI) ខែ​កក្កដា ឆ្នាំ​២០១៣។ (Courtesy photo)
យុវជន​អ៊ួង ទីកេត្យា កាន់​ទង់​ជាតិ​ខ្មែរពេល​នៅ​សាកលវិទ្យាល័យ University of Montana ក្រោម​កម្មវិធី Study of the United States Institute" (SUSI) ខែ​កក្កដា ឆ្នាំ​២០១៣។ (Courtesy photo)


លោក​បាន​ផ្តាំ​ដល់​អ្នក​ដែល​ចង់​ដាក់​ពាក្យសុំ​អាហារូបករណ៍ Fulbright ដែរ​ថា​ ត្រូវព្យាយាម​ធ្វើ​យ៉ាង​ណា​រៀប​ចំ​គម្រោង​សិក្សា ការងារ និង​កិច្ច​ការ​ស្ម័គ្រចិត្ត​ ឲ្យ​ស្ថិត​នៅ​ក្នុង​គន្លង​តែ​មួយ​ជាមួយ​អ្វី​ដែល​យើង​ចង់​សិក្សា នោះ​វា​នឹង​ជួយ​យើង​ក្នុង​ការ​កំណត់​មុខ​វិជ្ជា​ដែល​យើង​ចង់​សិក្សា​នោះ​បាន​ច្បាស់​លាស់។

លោក Jay Raman ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែង​ប្រាប់ VOA ថា Fulbright ផ្តល់​ឱកាស​ដល់​និស្សិត​ខ្មែរ​ឲ្យ​ទទួលបាន​ការ​អប់រំ​ពី​សាស្ត្រាចារ្យ​ដែល​មាន​សមត្ថភាព​ខ្ពស់ នៅ​តាមសាកលវិទ្យាល័យ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក។ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ គេ​អាចយក​អ្វី​ដែល​គេ​បាន​រៀន​ទៅ​អនុវត្ត ដែល​នេះ​មិន​ត្រឹម​តែ​អភិវឌ្ឍ​ខ្លួន​គេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ។

«​អតីត​និស្សិត​អាហារូបករណ៍​ Fulbright បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បទពិសោធន៍ ដែល​ជួយ​ឲ្យ​ពួកគេ​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​វិស័យ​ជា​ច្រើន ទាំង​ក្នុង​រដ្ឋាភិបាល វិស័យ​សាធារណៈ សង្គម​ស៊ីវិល សិល្បៈ និង​វប្បធម៌​ជាដើម»។

លោក បូរី ស៊ីលីវណ្ណ អតីត​និស្សិត​អាហារូបករណ៍ Fulbright ឆ្នាំ​២០១០-២០១២ និង​ជា​ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក​ ឬ​ហៅ​កាត់​ថា FUSAAC បាន​ថ្លែង​ប្រាប់​ VOA ថា ​ជោគជ័យ​មួយ​នេះ​ក៏​ហាក់​បី​ដូច​ជា​និមិត្ត​រូប​មួយ​នៃ​ការ​សង​គុណ​ដល់​មាតា​បិតា​ និង​អាណាព្យាបាល​ផង​ដែរ។

«ដូច​ពី​ជំនាន់​ខ្ញុំ ពេល​ដែល​ទៅ​ហ្នឹង ប៉ា​ម៉ាក់​សប្បាយ​ចិត្ត​។ មុន​ពេល​ដែល​យើង​ចេញ​ទៅ​អាមេរិក​អីចឹង យើង​មាន​ការ​ទៅ​ប្រជុំ ការ​ណែនាំ​ពី​ខាងស្ថាន​ទូត​អីចឹង ឪពុក​ម្តាយ​យើង​បាន​ទៅ​ចូល​រួម​។ គាត់​បាន​ទៅចូល​ទូត បាន​ជជែក​ជាមួយ​អគ្គរដ្ឋទូត​អី​ពី​មុន​អីចឹង។ ​វា​ជា​សមិទ្ធផល​មួយ​ធំសម្រាប់​ដែល​ធ្វើ​ឲ្យ​គ្រួសារ​យើង​មាន​មោទនភាព»​។

លោក​បាន​បញ្ជាក់​ដែរ​ថា ​ក្រៅ​ពី​ទទួល​បាន​ការ​អប់​រំ​ដែល​មាន​គុណភាព​ខ្ពស់ និង​រាប់​អាន​មិត្តភក្តិ​ជុំ​វិញ​ពិភពលោក​តាម​រយៈ​បណ្តាញ Fulbright ហើយ​នោះ និស្សិត​ម្នាក់​ៗ​ក៏​មាន​ឱកាស​ទទួល​បាន​បទពិសោធន៍​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​អាមេរិកាំង​តាម​រយៈ​ការ​ចុះ​កម្មសិក្សា​នានា​ផង​ដែរ។

លោក​បន្ត​ថា ជ័យលាភី​ Fulbright ដែល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ គឺ​ជា​ធនធាន​មនុស្ស​ដែល​កម្រ​រក​បាន​ ហើយ​ពួក​គេ​អាច​ធ្វើ​ជា​ជន​គំរូ​ដល់​យុវជន​ខ្មែរ​ដទៃ​ទៀត ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​សិក្សា។

​លោក​ក៏អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​បន្ត និង​បង្កើន​ចំនួន​និស្សិត​ដែល​អាច​ទទួល​អាហារូបករណ៍ Fulbright នេះ​ឲ្យ​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ផង​ដែរ។

ជ័យលាភីអាហារូបករណ៍ Fulbright​ ទាំង​៧​រូបក្នុង​ឆ្នាំនេះ​រួម​មាន៖​ កញ្ញា ស៊ូ ហ្សូលីដា កញ្ញា សូផា បូរមី កញ្ញា គង់ រតនៈវត្តី កញ្ញា ហ៊ុយ​ លីហួរ លោក ជួង ធត លោក អ៊ួង ទីកេត្យា និង​លោក ហៀង វ៉ាន់នី ។

លោក​ Jay Raman ក៏​បាន​លើក​ឡើង​ថា ជ័យលាភី​អាហារូបករណ៍ Fulbright គឺ​សុទ្ធ​តែ​មាន​ប្រវត្តិ​ខុស​គ្នា មក​ពី​ខេត្ត​ផ្សេង​គ្នា រៀន​នៅ​សាលា​ផ្សេង​គ្នា ធ្វើ​ការ​ងារ​ផ្សេង​គ្នា តែ​អ្វី​ដែល​ពួក​គេ​មាន​ដូច​គ្នា​នោះ​គឺ ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ពួក​គេ​មាន​ក្នុង​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នេះ។ ហើយ​ប្រសិន​បើ​នេះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​បាន យុវជន​ដទៃ​ក៏​អាច​ធ្វើ​បាន​ដែរ៕

No comments: