A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 August 2016

សហគមន៍ក្រីក្រធ្វើពិធីបន់បន្ទន់ចិត្តរដ្ឋាភិបាលឲ្យផ្តល់សំណងបន្ថែមករណីបណ្តេញចេញ


ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦​



ប្រជាសហគមន៍ដែលបានបណ្តេញចេញទាំងបង្ខំ បានវិលត្រឡប់មកធ្វើវិធីបួងសួងក្នុងរាជធានីភ្នំពេញសុំឲ្យវត្ថុស័ក្តិសិទ្ធិជួយបន្ទន់ចិត្តឲ្យរដ្ឋាភិបាលពន្លឿនការផ្តល់សំណងបន្ថែម ដោយពួកគេអះអាងថាកំពុងប្រឈមនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងការតាំងទីលំនៅថ្មី។

ប្រជាសហគមន៍ទាំងនោះមាន អតីតអ្នកបុរីកីឡាដែលបណ្តេញទៅនៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលនិងអតីតអ្នកភូមិបឹងកក់ប្រមាណ២០នាក់ បានធ្វើពិធីបន់ស្រន់នៅសហគមន៍បុរីកីឡានិងនៅមុខព្រះបរមរាជវាំងកន្លែងព្រះអង្គដងកើនាថ្ងៃព្រហស្សតិ៍នេះ។

តំណាងប្រជាពលរដ្ឋសហគមន៍ភ្នំបាតអ្នកស្រី ខៀវ ឡៃ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងប្រារព្ធពិធីថាការដែលពួកគាត់សម្រេចនាំគ្នាមកធ្វើពិធីបួងសួងដូច្នេះ ដោយសារពួកគាត់បានសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយច្រើនដងហើយមិនបានលទ្ធផល។

អ្នកស្រីថាពលរដ្ឋជាង១៤០គ្រួសារដែលក្រុមហ៊ុន ផាន អ៊ីម៉ិច បណ្តេញឲ្យទៅនៅភ្នំបាតជិត៥ឆ្នាំមកនេះបានកំពុងជួបការលំបាក ដោយថាពួកគាត់ត្រូវបាត់បង់មុខរបរ ការរស់នៅខ្វះហេដ្ឋារចនាសម្ព័ន្ធ គ្មានប្រភពទឹក ភ្លើង មន្ទីពេទ្យ សាលារៀន និងផ្សារជាដើម។



អ្នកស្រីថា ពួកគាត់ទាមទារជំរើសពីរពីរដ្ឋាភិបាល ទីមួយសុំមករស់នៅភូមិអណ្តូង និងទីពីរសុំសំណងបន្ថែម១ម៉ឺនដុល្លារក្នុងមួយគ្រួសារ ដោយបន្តរស់នៅតំបន់ភ្នំបាតដដែល។

អ្នកស្រីបន្ថែមថា៖ “ពួកខ្ញុំដើរសុំបាយតាមវត្តមកស៊ី បើរដ្ឋាភិបាលមិនជឿសុំពួកគាត់ចុះទៅមើលដោយខ្លួនឯងទៅ ថាពួកខ្ញុំសុំបាយគេស៊ីឬអត់ សុំលុយគេឬអត់ នេះពីមុនពួកខ្ញុំមិនដែលទៅសុំទានគេទេ ដោយសារអត់”។

ចំណែកអតីតពលរដ្ឋសហគមន៍បឹងកក់ដែលក្រុមហ៊ុន ស៊ូកាកូអ៊ីន បណ្តេញឲ្យនៅតំបន់ជាយក្រុងក្នុងសហគមន៍តំណាក់ត្រយឹង កញ្ញា អ៊ីម ស្រីតូច អះអាងថាគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់របស់រដ្ឋាភិបាលធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារដែលបានបណ្តេញចេញធ្លាក់ខ្លួនក្រីក្រ ដោយសារការផ្តល់សំណងតិចតួច។

កញ្ញាថាពលរដ្ឋបានស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធច្រើនដងហើយ ប៉ុន្តែអាជ្ញាធរទាំងនោះហាក់មិនអើពើក្នុងការជួយដោះស្រាយឡើយ។

អ្នកស្រីបន្ថែមថា៖ “ក្រីក្រដោយសារពួកយើង(ពលរដ្ឋ)ពិបាកក្នុងការរកស៊ី យើងបាត់បឹងបង់មុខរបរកាលពួកយើងនៅបឹងកក់នៅក្នុងក្រុង ពួកយើងមានផ្ទះ យើងលក់ដូរវារស់ស្រួស ដល់យើងទៅនៅអ៊ីនោះ(ភូមិតំណាក់ត្រឈឹង)វាឆ្ងាយក្រុង ហើយលិចទឹកទៀត អញ្ចឹងធ្វើឲ្យយើងពិបាក”។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាស ចាន់យ៉ាដា ធ្លាប់ប្រាប់វីអូឌីថាសាលារាជធានីភ្នំពេញមិនមានគោលនយោបាយផ្តល់សំណងបន្ថែមជួនពលរដ្ឋដែលបានចាកចេញហើយនោះទេ។

តែទោះយ៉ាងណាង លោកថាសាលារាជធានីភ្នំពេញនឹងចុះសិក្សាដើម្បីធ្វើការអភិវឌ្ឍកែរចនាសម្ព័ន្ធនៅទីនោះប្រសិនបើមានការស្នើសុំពីពលរដ្ឋ។

គួររំលឹកថាកាលពីថ្ងៃទី៣មករាឆ្នាំ២០១២ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន បានសហការជាមួយកំលាំងជម្រុះរបស់សាលារាជធានីភ្នំពេញរាប់សិបនាក់អមដោយគ្រឿងចក្រឈួសផ្ទះប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡាជាង៣០០ខ្នង។ ក្នុងនោះមានពលរដ្ឋជិត១០០គ្រួសារ ត្រូវបានបញ្ជូនទៅរស់នៅភូមិអណ្តូងជាយរាជធានភ្នំពេញ ១៤០គ្រួសារទៅនៅភ្នំបាត និងជាង១០០គ្រួសារទៀតរស់នៅលើគំនរសំរាម មិនព្រមចាកចេញបន្តតវ៉ាទាមទារសំណងសមរម្យ។

ចំណែកការអភិវឌ្ឍតំបន់បឹងកក់វិញ សង្គមស៊ីវិលអះអាងថាបានធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ ក្នុងនោះជាង៣ពាន់គ្រួសារត្រូវបានបណ្តេញចេញទាំងបង្ខំឲ្យទៅរស់នៅជាយក្រុងនិងជិត១ពាន់គ្រួសារទៀតបន្តតវ៉ាជិត១០ឆ្នាំប្រឆាំងនឹងការបណ្តេញចេញ ដោយទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង៕

No comments: