A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 August 2016

អង្គការ គ្លូបលវីតណេស អំពាវនាវឲ្យរដ្ឋាភិបាលការពារសុវត្ថិភាពអ្នកស្និទ្ធនឹងលោក កែម ឡី



អង្គការ គ្លូបលវីតណេស អំពាវនាវឲ្យរដ្ឋាភិបាលការពារសុវត្ថិភាពអ្នកស្និទ្ធនឹងលោក កែម ឡី
ដោយ កញ្ញា សន ឆវីវតី​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​


អង្គកា រគ្លូបលវីតណេស បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាការពារសុវត្ថិភាពនិងគោរពសិទ្ធិបញ្ចេញមតិរបស់មនុស្សស្និទ្ធនឹងលោកបណ្ឌិត កែម ឡី បន្ទាប់ពីពួកគេរងការគំរាមកំហែងជាបន្តបន្ទាប់។

លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃនៅក្នុងម៉ាតមួយកន្លែងនៅម្ដុំស្តុបបូកគោក្នុងរាជធានីភ្នំពេញ។

នៅក្នុងលិខិតចំហមួយច្បាប់របស់អង្គការ Global Witness ផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល VOD ទទួលបាននៅថ្ងៃនេះ សហស្ថាបនិកនិងជានាយកអង្គការគ្លូបលវីតណេស លោក Patrick Alley បាននិយាយថាចាប់ពីកើតមានឃាតកម្មលើអ្នកវិភាគនយោបាយលោក កែម ឡី កាលពីជិតមួយខែមុន សេចក្តីរាយការណ៍នានាអំពីការគំរាមកំហែងទៅលើមិត្តភក្តិនិងសហការីរបស់លោក ត្រូវបានឲ្យដឹងជាបន្តបន្ទាប់។



លោកនិយាយថា៖ «វាគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលប្រជាធិបតេយ្យមួយ ដើម្បីការពារសិទ្ធិនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន រួមទាំងអ្នកដែលរិះគន់ខ្លួនផងដែរ»។

អង្គការ គ្លូបលវីតណេស ក៏បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តបើកការស៊ើបអង្កេតមួយដែលឯករាជ្យនិងហ្មត់ចត់លើរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ដែលការស៊ើបអង្កេតដំណាក់កាលដំបូងលើឃាតកម្មលោកបណ្ឌិត កែម ឡី កន្លងមក ហាក់មិនបានបន្ធូរបន្ថយការព្រួយបារម្ភថានឹងត្រូវបរាជ័យក្នុងការកំណត់អត្តសញ្ញាណនិងកាត់ទោសអ្នកបញ្ជាផ្ទាល់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលនូវព័ត៌មានដែលថាមានការគំរាមកំហែងទៅលើមនុស្សស្និទ្ធនឹងលោក កែម ឡី ដែលនាំឲ្យពួកគេចាកចេញពីប្រទេសជាបន្តបន្ទាប់នោះ។

លោកនិយាយថា៖ “ខ្ញុំយល់ថាមនុស្សមួយចំនួនហ្នឹងមិនបានទទួលការគំរាមកំហែងឬសម្លុតអីពីគណបក្សប្រជាជនឬរដ្ឋាភិបាលឬសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ តែគាត់គិតខ្លួនឯង គាត់ភ័យខ្លាចខ្លួនឯង នឹងអាលឲ្យម្ខាងទៀតទទួលគាត់ គឺមានតែគាត់បង្កើតរឿងភ័យខ្លាចចំពោះខ្លួនគាត់ហ្នឹង”។

ចំពោះការស្នើសុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពីអង្គការ គ្លូបលវីតណេស នោះវិញ លោក សុខ ឥសាន ថាមិនឲ្យ គ្លូបលវីតណេស លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។

សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា លោកសាទរនឹងការអំពាវនាវនេះ ហើយលោកចង់ឲ្យរដ្ឋាភិបាលសម្តែងសុឆន្ទៈពិតប្រាកដ៏ក្នុងការធានាសុវត្ថិភាពប្រជាជនខ្មែរគ្រប់រូប។

អង្គការ គ្លូបលវីតណេស បានបន្តទៀតថា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលចូលរួមការដង្ហែសពលោក កែម ឡី រួមជាមួយនិងការថ្កោលទោសពីអន្តរជាតិលើរឿងឃាតកម្មនេះ បង្ហាញឲ្យឃើញច្បាស់ថាការស៊ើបអង្កេតឯករាជ្យមួយនេះខ្វះភាពជឿជាក់កម្រិតណា។

បច្ចុប្បន្ននេះមនុស្សដែលស្និទ្ធនឹងលោក កែម ឡី បានបន្តរងការគំរាមកំហែងចាកចេញពីកម្ពុជាបន្តបន្ទាប់ ក្នុងនោះកូនភ្លោះដែលជាសកម្មជនបរិស្ថាន២រូបគឺ ជុំ ហួត និង ជុំ ហួរ បានភៀសខ្លួនទៅប្រទេសថៃ មួយថ្ងៃក្រោយពីលោក កែម ឡី ត្រូវបានបាញ់សម្លាប់ ដោយបារម្ភពីសុវត្ថិភាព បន្ទាប់មកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងជាសង្ឃសកម្មនៅក្នុងពិធីបុណ្យសពលោក កែម ឡី បានភៀសព្រះកាយគេចចេញពីការគំរាមកំហែង៕

ដោយកញ្ញា សន ឆវីវតី និងលោក សូរ្យ ជ័យឧត្តម

1 comment:

Anonymous said...



សុខ​ អីសាន

អាខ្មែរមុខយួនមួយនេះ ហេតុតែចង់អោយគេថាវាជាខ្មែរសូម្បីតែឈ្មោះវា ក៏វាប្រើសុទ្ធតែស្រៈពេញតួ។

អីសាន ទៅជា ឥសាន