A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 August 2016

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី៖ អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ជា​ជើង​ទម្រ​សេដ្ឋកិច្ច


ដោយ សាន សែល
2016-08-04

ណាជីប រ៉ាហ្សាក់ ២០១៦ ៨៥៥
នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel


នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) គូស​បញ្ជាក់​ថា អាជីវកម្ម​ជំនួញ ពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម អេស.អិម.អ៊ី (SMEs) ជា​ជើង​ទម្រ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ប្រកប​ដោយ​ចីរភាព។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅ​ថ្ងៃ​ទី​៣ សីហា ថ្លែង​ថា រដ្ឋាភិបាល​ដើរ​តួនាទី​សំខាន់​មែន​ទែន​ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម អេស.អិម.អ៊ី (SMEs) ឲ្យ​ឈរ​បាន​នឹងនរ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម ដូចជា​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​សហគ្រិន។ សម្រាប់​លោក ណាជីប អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ជា​អ្នក​កែប្រែ​ដំណើរ​សេដ្ឋកិច្ច ហើយ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នេះ​តូច​មែន តែ​ជា​អាជីវកម្ម​ធំ​ថ្មី។



យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក អាជីវកម្ម​ចំនួន​ជិត ៧០​ភាគរយ (69%) ដែល​បាន​បង្កើត​ឡើង​ជា​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​វា​ស្រូប​យក​កម្លាំង​ការងារ​ជិត ៦៥​ភាគរយ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក ណាជីប រ៉ាហ្សាក់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ម៉ាឡេស៊ី ផង​នោះ សង្កេត​ឃើញ​ថា អាជីវកម្ម និង​បច្ចេកវិទ្យា​បាន​ផ្លាស់ប្ដូរ​ការ​គិត​របស់​មនុស្ស។ លោក​បន្ត​ថា កន្លង​មក​និស្សិត​ដែល​ចប់​ការងារ​សិក្សា​គិត​ពី​ការ​ដើរ​រក​ការងារ​ធ្វើ តែ​ពេល​បច្ចុប្បន្ន ពួក​គេ​គិត​ពី​ការ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ លោក​អះអាង​ថា អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ជាច្រើន​បាន​កើត​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​បច្ចេកវិទ្យា​បង្កើត​ថ្មី (Innovative Technology)។

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចេញ​ផែនការមេ​សម្រាប់ អេស.អិម.អ៊ី (SMEs) ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២០ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ អេស.អិម.អ៊ី និង​ជួយ​ជំរុញ​ឲ្យ​អាជីវកម្ម​ទាំងនោះ​ជួយ​សេដ្ឋកិច្ច​ម៉ាឡេស៊ី កាន់​តែ​បាន​ច្រើន។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១២ នៅ​ទីក្រុង​ហ្សាកាតា លោក ណាជីប រ៉ាហ្សាក់ បាន​ប្រកាស​សម្ពោធ​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ម៉ាឡេស៊ី ហៅ​ថា «ជី.អ៊ី.ខមម្ញូនីធី (GECommunity = Global Entrepreneurship Community)។ ព្រឹត្តិការណ៍ ជី.អ៊ី.ខមម្ញូនីធី លើក​ដំបូង​បំផុត នឹង​ត្រូវ​រៀបចំ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ វា​នឹង​ផ្ដល់​ជា​កន្លែង​មួយ​សម្រាប់​សហគ្រិន គោល​នយោបាយ មេ​ដឹកនាំ​ឧស្សាហកម្ម វិនិយោគិន និង​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម (Startup Community) ម៉ាឡេស៊ី និង​ពិភពលោក​ទាក់ទង​គ្នា និង​ចូលរួម​ចែក​រំលែក​បទពិសោធន៍ និង​គំនិត ដើម្បី​បាន​នូវ​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​ពិត​ប្រាកដ។

លោក ណាជីប រ៉ាហ្សាក់ មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ប្រែ​ក្លាយ​ប្រទេស​ម៉ាឡេស៊ី ជា​ទីតាំង​ភូមិសាស្ត្រ​សម្រាប់​សហគ្រិន​ពិភពលោក និង​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម ឬ​ចង់​បង្កើត​អាជីវកម្ម​ខ្លួន​ឯង។

រដ្ឋលេខាធិការ​រតនាគារ​នៃ​ប្រទេស​ម៉ាឡេស៊ី លោក មូដ អ៊ីវ៉ាស៊េរីហ្គា អាបដុលឡា (Mohd IrwanSerigar Abdullah) ដែល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ព្រឹត្តិការណ៍ ជី.អ៊ី.ខមម្ញូនីធី ផង​នោះ បាន​បញ្ជក់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា សហគ្រិន គឺ​ធាតុ​ផ្សំ​ដ៏​សំខាន់​ដែល​ជួយ​សេដ្ឋកិច្ច​ម៉ាឡេស៊ី ដើម្បី​ប្រែ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​ពេញលេញ​ត្រឹម​ឆ្នាំ​២០២០។ លោក​បន្ត​ថា ភាព​ក្លាហាន ការ​តស៊ូ និង​គំនិត​ច្នៃ​ប្រឌិត​របស់​សហគ្រិន ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

ប្រទេស​ម៉ាឡេស៊ី មាន​ប្រជាជន​ជាង ៣០​លាន​នាក់ ច្រើន​ជាង​កម្ពុជា ប្រហែល​ពីរ​ដង។ ចំណែក​ឯ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ ជី.ឌី.ភី (GDP) របស់​ម៉ាឡេស៊ី មាន​ចំនួន​ជិត ៣០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ ជី.ឌី.ភី កម្ពុជា មាន​ចំនួន​ជាង ១៨​ពាន់​លាន​ដុល្លារ ខុស​គ្នា​ប្រមាណ​ជាង ១៥​ដង៕

No comments: