A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 August 2016

ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​កំពុង​តាម​ចាប់​ឈ្មួញ​ទិញ​ក្បាល​អ្នកតា​មក​ផ្ដន្ទាទោស​តាម​ច្បាប់


ដោយ ហ៊ុំ ចំរើន
2016-08-03

ក្បាល​អ្នកតា បន្ទាយមានជ័យ ២០១៦ ៨៥៥
ព្រះកេស​ព្រះសិវៈ ឬ​ហៅ​ថា​ក្បាល​អ្នកតា ដែល​អ្នក​ភូមិ​លក់​ទៅ​ឲ្យ​ឈ្មួញ បន្ទាប់​រើស​បាន​នៅ​ភូមិ​ត្រពាំងថ្ម​ខាង​ត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
 Photo Provided


សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ កំពុង​តាម​រក​ចាប់​ឈ្មួញ​ដែល​ទិញ​វត្ថុ​បុរាណ​ជា​ព្រះកេស​ព្រះសិវៈ ឬ​ហៅ​ថា​ក្បាល​អ្នកតា​ពី​ប្រជាពលរដ្ឋ ដើម្បី​រឹប​អូស​វត្ថុ​បុរាណ​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​បាន​ទៅ​រឹប​អូស​យក​ប្រាក់​ពី​អ្នក​លក់​ក្បាល​អ្នកតា​នៅ​ស្រុក​ភ្នំស្រុក ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​រឹប​អូស​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​តក់ក្រហល់​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ រឹប​អូស​យក​ប្រាក់​ពី​អ្នក​លក់​វត្ថុ​បុរាណ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​ប្រជាពលរដ្ឋ​លក់​ក្បាល​អ្នកតា​បាន​ប្រាក់​ជាង ៧​ម៉ឺន​បាត ឬ​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា។



អធិការ​នគរបាល​ស្រុក​ភ្នំស្រុក លោក យ៉ត សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ សីហា ថា ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​តាម​រក​មុខ​សញ្ញា​ចាប់​អ្នក​ទិញ​ក្បាល​អ្នកតា​ពី​ប្រជាពលរដ្ឋ ដើម្បី​យក​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​អះអាង​ថា អ្នក​ទិញ​វត្ថុ​បុរាណ​នោះ​ជា​មន្ត្រី​ទាហាន​មាន​អំណាច ប៉ុន្តែ​លោក​សុំ​មិន​បញ្ជាក់​ឈ្មោះ​នោះ​ទេ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស៊ើប​អង្កេត​បន្ត​ទៀត៖ «ហើយ​ក៏​មាន​តម្រុយ​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​យើង​កំពុង​តាម​រក​ពី​ទីតាំង​ដែល​វា​លាក់​ខ្លួន។ អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក គេ​បិទ​ទាំង​ខ្ញុំ​ទាំង​អី​ទាំងអស់ ដោយ​មិន​វាយ​បក​ទៅ​លើ​ការ​វាយ​ប្រហារ​របស់​អ្នក​លេង​ហ្វេសប៊ុក (Facebook) នោះ​ទេ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​លក់​ព្រះកេស​ព្រះសិវៈ ឬ​ហៅ​ថា​ក្បាល​អ្នកតា រស់នៅ​ភូមិ​ត្រពាំងថ្ម​ខាង​ត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក លោក ទុំ សណ្ដាន់ ថ្លែង​ថា លោក​រើស​បាន​ក្បាល​អ្នកតា​កប់​នៅ​ក្នុង​ដី​តាម​ផ្លូវ​នៅ​ភូមិ​ត្រពាំងថ្ម​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​បាន​លក់​ឲ្យ​ទៅ​ឈ្មួញ​តាម​រយៈ​មេ​ខ្យល់​ឈ្មោះ ភឿក ក្នុង​តម្លៃ ៧​ម៉ឺន ៤​ពាន់​បាត ឬ​ប្រមាណ ២.១០០​ដុល្លារ​អាមេរិក។ លោក​អះអាង​ថា អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​បង្ខំ​ឲ្យ​លោក​ប្រគល់​ប្រាក់​នោះ​ទាំងអស់ ប៉ុន្តែ​លោក​ថា ដោយ​ភ័យ​ខ្លាច លោក​បាន​ប្រគល់​ប្រាក់​ដែល​សល់​ពី​ចាយ​វាយ​ទៅ​សមត្ថកិច្ច​ចំនួន​ជាង ៥​ម៉ឺន​បាត ឬ​ប្រមាណ ១.៥០០​ដុល្លារ​អាមេរិក៖ «គាត់​សួរ​ថា​រើស​របស់​បាន​មែន​ឬ? ខ្ញុំ​ថា​បាទ! ពិត​មែន ហើយ​គាត់​ថា​ខ្ញុំ​ក្បត់​ជាតិ ប៉ុន្តែ​ខ្ញុំ​ថា​រើស​បាន​ដោយ​មិន​ដឹង​ថា​របស់​នោះ​ជា​របស់​មាន​តម្លៃ​អ្វី​នោះ​ទេ»។

ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បញ្ជាក់​ថា លោក​ពុំ​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រគល់​ប្រាក់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ប្រាប់​អាស៊ីសេរី ពី​ខេត្ត​សៀមរាប តាម​ទូរស័ព្ទ​ថា ការ​លក់​ដូរ​វត្ថុ​បុរាណ​ចាត់​ជា​អំពើ​ខុស​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ លោក​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ត្រូវ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទៅ​រក្សា​ទុក ដោយ​យក​លេស​ថា​ធ្វើ​ជា​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​ឈ្មួញ​នោះ​ឡើយ ពីព្រោះ​លោក​ថា ការងារ​នេះ​ជា​អំណាច​របស់​មន្ត្រី​ជំនាញ ឬ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ៖ «ព្រោះ​វត្ថុ​តាង​នៃ​អំពើ​នោះ​ជា​ក្បាល​អ្នកតា ទើប​ចាត់​ទុក​ថា​ជា​បទល្មើស។ អ៊ីចឹង​សមត្ថកិច្ច​គួរ​តែ​ស្វែងរក​វត្ថុ​បុរាណ​នោះ ហើយ​ប្រសិន​ជា​សមត្ថកិច្ច​ចង់​ចោទ​ប្រកាន់​គាត់ អាច​ចោទ​ប្រកាន់​ទៅ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គាត់​យក​ប្រាក់​មក​តម្កល់​ទុក​បែប​នេះ​ឡើយ»។

រហូត​មក​ទល់​ពេល​នេះ​ជាង​មួយ​ខែ​ហើយ នៅ​ពុំ​ដឹង​ថា​ឈ្មួញ​នាំ​វត្ថុ​បុរាណ​នោះ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ឬ​យ៉ាង​ណា​ទេ? ចំណែក​ឯ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់​ឈ្មួញ​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ៕

No comments: