A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 August 2016

វិភាគ៖ អ្នកនៅពីក្រោយការសម្លាប់លោក កែម ឡី ត្រូវវែកមុខទេ ពេលបែ​កធ្លាយវី​ដេ​អូ​ខ្មា​ន់កាំ​ភ្លើងរត់?


ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​



ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី



បើទោះបីជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅកណ្តាលទីក្រុងដែលឡោមព័ទ្ធដោយកាមេរាសុវត្ថិភាពស្អេកស្គះក៏ដោយ ប៉ុន្តែជិត១ខែមកនេះរដ្ឋាភិបាលមិនទាន់បង្ហាញមុខអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មនោះនៅឡើយទេ។

កត្តានេះបង្កឲ្យសាធារណជនដាក់ការសង្ស័យថាការបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦នេះ ជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មអាចនឹងត្រូវបិទបាំងដូចឃាតកម្មមុនៗដែរដូចករណីបាញ់សម្លាប់អ្នកកាសែត អ្នកនយោបាយ អ្នកការពារបរិស្ថានលោក ឈុត វុទ្ធី អ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា និងតារាចម្រៀង ពិសិដ្ឋ ពីលិកា ជាដើម។

ឃាតកម្មទាំងនេះជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មមិនត្រូវបានវែកមុខមកផ្តន្ទាទោសទេ។

ងាកមកមើលឃាតកម្មបាញ់សម្លាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមដ៏ល្បីល្បាញលោក កែម ឡី ឯណេះវិញថ្វីត្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាឃាតកម្មនោះជារឿងឃោឃៅព្រៃផ្សៃក៏ដោយ តែមកដល់ពេលនេះសាធារណជនបានដឹងនិងបានឃើញមុខជនសង្ស័យម្នាក់គត់គឺ «ជួប សម្លាប់»។



កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ត្អូញត្អែរពីការលំបាករបស់មន្ត្រីជំនាញក្នុងការទាញយកចម្លើយដើម្បីស្វែងរកអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយឃាតកម្មនេះមកផ្តន្ទាទោស បើទោះបីជាកន្លែងឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តាម៉ាតជាប់ស្តុបបូកគោនោះមានកាមេរាសុវត្ថិភាពនៅក្នុងហាង មានកាមេរាសុវត្ថិភាពបំពាក់នៅតាមបង្គោលស្តុបទាំង៤ត្រង់ផ្លូវបំបែកនោះក៏ដោយ។

លោកថា៖ «ជនដៃដល់ហ្នឹងវារឹងក្បាល វាមិនព្រមឆ្លើយអីទាំងអស់ រហូតដល់ថាវាមិនទាំងស្គាល់ម្តាយវាទៀតផង បានថាវាមានការរឹងរូសក្នុងការបង្ហាញការពិតដល់សមត្ថកិច្ចរបស់យើង នេះវាជាការលំបាកមួយដែលយើងកំពុងតែខិតខំស្វែងរកបន្ថែមទៀត»។

ប៉ុន្តែក្រោយពីមន្ត្រីរដ្ឋាភិបាលរូបនេះត្អូញត្អែរពីការលំបាកក្នុងការស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកវីដេអូឃ្លីបតៗគ្នា ដែលវីដេអូនេះបានផ្តិតបានរូបភាពខ្មាន់កាំភ្លើងចេញពីកន្លែងកើតហេតុ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលបានជួបខ្មាន់កាំភ្លើងនេះ។

បើតាមរូបភាពក្នុងវេដេអូជាកត់សម្គាល់ថាមានបុរសពាក់អាវស ពាក់មួកស ជិះម៉ូតូស្លាកលេខប៉ូលីសនេះ បានព្យាយាមជិះបញ្រ្ចាសទិសទៅអែបនឹងរថយន្តមួយគ្រឿងដែលឈប់នៅចិញ្ចើមផ្លូវ ខណៈជនសង្ស័យសំដៅទៅ គេចពីមនុស្សមួយក្រុមដែលកំពុងដេញពីក្រោយ។

បើតាមរូបភាពក្នុងវីដេអូដដែលបុរសពាក់អាវស មួកស រូបនោះបានជួបជនសង្ស័យ ហើយជនសង្ស័យលើកជើងរកឡើងជិះម៉ូតូនោះដែរ តែក្រោយមកជនសង្ស័យបានចុះពីម៉ូតូវិញ។ ដោយបាំងរថយន្តមួយគ្រឿង គេមើលមិនឃើញសកម្មភាពម៉ូតូបុរសពាក់អាវស មួកសនោះជាមួយជនសង្ស័យបន្តទៀតទេ។

ប៉ុន្តែក្រោយមកគេឃើញបុរសពាក់អាវស មួកឃ្លប់សនោះបានឈប់ម៉ូតូទទឹងផ្លូវចាំនៅខាងមុខ ហើយពេលជនសង្ស័យរត់ទៅដល់ ជនសង្ស័យក៏ហក់ឡើងជិះម៉ូតូបុរសពាក់អាវសមួកសនោះពីក្រោយ។

តែអ្នកបើកម៉ូតូពាក់អាវសនោះមិនបើកទៅមុខទេពេលមានមនុស្សចោមរោមដេញប្រផិតប្រផើយច្រើននោះ ភ្លាមៗក៏មានការវាយតប់ជនសង្ស័យដែលកំពុងអង្គុយលើម៉ូតូបុរសពាក់អាវសនោះ។ ក្រោយមកបុរសពាក់អាវស មួកសនោះក៏ឌុបជនសង្ស័យរួមជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀតចេញទៅ ក្រោយពីសមត្ថកិវាយខ្នោះជនសង្ស័យបានសម្រេច។

សំនួរសួថា តើបុរសពាក់អាវសមួកសនោះមានទំនាក់ទំនងអីជាមួយជនសង្ស័យ?

ហើយតាមរយៈវីដេអូឃ្លីបនេះអាចជំរុញឲ្យសមត្ថកិច្ចឈានទៅចាប់អ្នកពាក់ព័ន្ធមកផ្តន្ទាទោសទេ?

អ្នកតាមដានព្រឹត្តិការណ៍នេះហៅការបែកធ្លាយវិដេអូឃ្លីបនេះថាបង្ហាញពីភាពវិជ្ជាមានផងនិងអវិជ្ជមានផង ដែលឈានទៅវែកមុខអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាជីវិតឯកជនរបស់ជនសង្ស័យ «ជួប សម្លាប់» ដែលសមត្ថកិច្ចចាប់បាននោះ លោកថាគ្មានអ្វីស្ថិតក្នុងភាពអាថ៌កំបាំងដូចការអះអាងរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។ លោកថាក្រោយកើតហេតុ ទាំងអ្នកសារព័ត៌មាននិងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ផ្ទះជនសង្ស័យនិងបានសួរនាំក្រុមគ្រួសារពីប្រវិត្តខ្មាន់កាំភ្លើងមុនមន្ត្រីជំនាញទៅទៀត។

ប៉ុន្តែលោកថាតាមរយៈវីដេអូនេះអាចបញ្ជាក់ទៅរដ្ឋាភិបាលនិងសាធារណជនបានដឹងថាឃាតកម្មបាញ់សម្លាប់លោក កែម ឡី ច្រើនជាងសមត្ថកិច្ចចាប់បាន ក្រោយកើតហេតុភ្លាមៗ។

លោកថា៖ «អ្វីដែលជាការបែកធ្លាយវីដេអូថ្មីៗនេះ វាហាក់បីដូចជាវាបន្តឲ្យមានការសង្ស័យកាន់តែច្រើនទៀតថា ការសម្លាប់នេះមិនមែនមានតែមនុស្សម្នាក់ទេ បើយើងមើល [តាមវីដេអូ] ជាពិសេសអ្នកពាក់អាវសដែលពាក់មួកសជិះម៉ូតូទៅជិតជនជាប់ចោទ អ្នកណាមិនខ្លាចកាំភ្លើង។ អញ្ចឹងវាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលឃើញមនុស្សម្នាក់បើកម៉ូតូទៅជិតមនុស្សម្នាក់ទៀតដែលកំពុងកាន់កាំភ្លើង ហើយស្ថិតក្នុងភាពភ័យខ្លាចហ្នឹងណាស់ បាទ អាហ្នឹងដែលវាបង្កើតឲ្យមានការសង្ស័យ»។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាវីដេអូដែលបែកធ្លាយនេះបានបង្ហាញពីបណ្តាញទំនាក់ទំនងរវាងជនជាប់ចោទនិងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក សូ ចន្ថា វិភាគថារូបភាពក្នុងវីដេអូនេះទំនងជាពលរដ្ឋលែងឭពាក្យថាពិបាកស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសទៀតហើយ។

លោកថា៖ «មានចំនុចសង្ស័យមួយចំនួនទៀតនៅក្នុងឃ្លីបវីដេអូហ្នឹង។ ខ្ញុំថាអាហ្នឹងជាមូលដ្ឋានដ៏សំខាន់សម្រាប់ប៉ូលីសធ្វើការស៊ើបអង្កេត ហើយជាចំនុចមួយជំរុញឲ្យអាជ្ញាធរនៅកម្ពុជាហ្នឹងមានឆន្ទៈបន្ថែមទៀតក្នុងការវែកមុខឃាតកពិតប្រាកដនិងដើម្បីជម្រះមន្ទិលសង្ស័យពីសំណាក់មតិសាធារណមតិ ហើយជាពិសេសស្តានូវជំនឿជឿជាក់របស់ស្ថាប័នជាតិ ស្ថាប័នប៉ូលីសហ្នឹង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ពីព្រោះកន្លងមកពេលមានឃាតកម្មកើតឡើង ពលរដ្ឋហាក់ដូចជាអស់ជំនឿទៅលើស្ថាប័នស៊ើបអង្កេត»។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក ឯម សុវណ្ណារ៉ា វិភាគដែរថាវីដេអូបែកធ្លាយនេះអាចជាសារមួយទៀតប្រាប់ទៅអាជ្ញាធរថាឃាតកម្មសម្លាប់លោក កែម ឡី ពិតជាមានអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅពីក្រោយឃាតកម្មនេះបើទោះបីកាមេរាសុវត្ថិភាពដែលអាជ្ញាធរប្រមូលបាននៅតាមស្តុបនិងក្នុងហាងនោះមិនត្រូវបានលាតត្រដាងជាសាធារណៈក៏ដោយ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថាវីដេអូបែកធ្លាយតាមបណ្តាញសង្គមអាចមកពីមន្ត្រីខ្លះឬជនណាម្នាក់ដែលមានរូបភាពនេះចង់ជំរុញឲ្យអាជ្ញាធរស្វែងរកការពិតនៃឃាតកម្មសម្លាប់លោក កែម ឡី នេះដែលលោកគិតថា ឃាតកម្មនេះមិនមែនកើតចេញពីរឿងជំពាក់លុយដូចជនជាប់ចោទសារភាពជំហានដំបូង។

លោកថា៖ «រឿងអ្នកនៅពីក្រោយជារឿងធំ បើយើងគិតទៅ ព្រោះជនដៃដល់មិនមែនជាការធ្វើឲ្យពលរដ្ឋជឿជាក់ថាមានបំណងពិតប្រាកដក្នុងការសម្លាប់លោក កែម ឡី ទេដោយសាតែរឿងជំពាក់លុយទេ ទាំងគេទាំងខ្ញុំ មិនជឿថាជារឿងជំពាក់លុយទេ»។

បើតាមលោក ឯម សុវណ្ណារ៉ា នៅមានចម្ងល់ជាច្រើនថាហេតុអ្វីបានជាជិត១ខែមកនេះអាជ្ញាធរពាក់ព័ន្ធមិនបានបង្ហាញពីភស្តុតាងដូចជាស្នាមក្រយៅដៃជនដៃដល់ ភិនភាគអ្នកបាញ់ រួមទាំងភស្តុតាងផ្សេងៗទៀតដែលកាំមេរ៉ា ថតបាននៅហាងទំនិញនោះមកលាតត្រដាងពីចាប់បានជនសង្ស័យ។

ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកើតតែប៉ុន្មានថ្ងៃក្រោយពីអ្នកស្រាវជ្រាវរូបនោះបានអត្ថាធិប្បាយបន្ថែមលើរបាយការណ៍ស៊ើបអង្កេ របស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។

ម្យ៉ាងវិញទៀតឃាតកម្មបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះក៏បានកើតឡើងក្រោយពីលោក កែម ឡី ចុះធ្វើយុទ្ធនាការដេកតាមផ្ទះពលរដ្ឋមួយចំនួនតាមបណ្តាខេត្តនានាជាប់ព្រំដែន ដើម្បីសិក្សាពីបូរណភាពទឹកដីនិងប្រជុំកោះខ្មែរទាំង៦៤សម្រាប់ចងក្រងជាឯកសារឲ្យកូនខ្មែរជំនាន់ក្រោយទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាងដែលលោក កែម ឡី ដាក់ឈ្មោះថា «យុទ្ធនាការ១០០រាត្រី»។

អ្នកវិភាគនិងអ្នកស្រាវជ្រាវសង្គមគិតថាវីដេឃ្លីបដែលបែកធ្លាយនេះពិតជាបានបង្ហាញភស្តុតាងបន្ថែមទៀតដល់សមត្ថកិច្ចពីទំនាក់ទំនងរវាងខ្មាន់កាំភ្លើងនិងអ្នកពាក់ព័ន្ធផ្សេងទៀតករណីឃាតកម្មលោក កែម ឡី ប៉ុន្តែពួកគេថា ជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនេះនៅតែបន្តរស់នៅក្រៅសំណាញ់ច្បាប់ដដែល បើរដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដនោះ៕

No comments: