A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 August 2016

លិខិតមិត្ត​អ្នក​អាន៖ ទ័ពធំ​ទាំង​៤ (ភាគ១)


ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦​


មានមិត្តភក្តិមួយចំនួននិយាយថា មេដឹកនាំខ្មែរល្មមឈប់ផ្តោតតែទៅលើកលយុទ្ធចម្បាំង ល្មមឈប់យកគំរូក្នុងរឿងនគរបី (សាមកុក) យកមកអនុវត្តក្នុងការដឹកនាំប្រទេសទៀតទៅ គេគួរផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងគិតគូរពីសុខទុក្ខប្រជារាស្រ្តវិញ។ តែការអនុវត្តកន្លងមកបង្ហាញថា បើមេដឹកនាំបានអំណាចដោយការធ្វើសង្រ្គាមតស៊ូពីក្នុងព្រៃ ទោះបីប្រទេសមានសន្តិភាពហើយក្តី ក៏អារម្មណ៍និងស្មារតីនៅតែគិតថាគាត់ត្រូវតែធ្វើសង្រ្គាមរហូត ជាពិសេសពេលដែលការដឹកនាំរបស់គាត់លែងទាក់ទាញប្រជាប្រិយភាពបានដូចមុនទៀត ហើយនៅពេលគាត់បារម្ភថា បើគាត់អស់អំណាចអ្វីៗក៏បាត់បង់អស់ដែរ។

ក្នុងកាលៈទេសៈមានចម្បាំង ពាក្យថាទ័ពពុំមែនសំដៅតែទៅលើកម្លាំងទាហានមួយមុខទេ គឺអាចសំដៅទៅលើក្រុមមនុស្សផ្សេងទៀតឬមធ្យោបាយផ្សេងទៀតដែលអាចផ្លាស់ប្តូរលទ្ធផលនៃការប្រយុទ្ធគ្នា។ ជោគជ័យឬបរាជ័យនៅក្នុងសង្រ្គាម មិនមែនផ្តោតតែទៅលើកម្លាំងទាហានតែមួយមុខទេ។ ឧទាហរណ៍ក្នុងរឿងនគរបីមានចម្បាំងមួយយ៉ាងធំរវាង ឆាវ ឆាវ (Cao Cao) និង យួន សាវ (Yuan Shao) ក្នុងឆ្នាំ២០០នៃគ.ស។ កាលនោះ យួន សាវ មានទ័ពដល់ទៅជាង១១ម៉ឺននាក់ ចំណែក ឆាវ ឆាវ មានត្រឹមតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ។ ឆាវ ឆាវ ទទួលជោគជ័យនាពេលនោះ ដោយសារគាត់មានកលយុទ្ធបំបែកកម្លាំងសត្រូវដោយការវាយឆ្មក់នៅតាមឃ្លាំងស្បៀងផង និងយុទ្ធសាស្រ្តបញ្ឆោត បង្វែងដានសត្រូវផង។



និយាយដោយឡែក នៅក្នុងសមរភូមិនយោបាយនៅកម្ពុជាវិញ ខ្ញុំមើលឃើញថារវាងភាគីរដ្ឋាភិបាលនិងបក្សប្រឆាំងដ៏ធំសុទ្ធតែទ័ពធំរបស់ខ្លួនម្ខាង៤ដូចគ្នា។ ជួនកាលទ័ពធំណាមួយអាចត្រូវបានបំបែកឬចុះខ្សោយទៅតាមកាលៈទេសៈនិងការប្រែប្រួលស្ថានការណ៍នយោបាយនិងភាពចាំបាច់នៃស្ថានភាពសេដ្ឋកិច្ច។

តទៅនេះ ខ្ញុំសូមលើកឡើងនូវទ័ពធំទាំង៤របស់បក្សកាន់អំណាចសិន៖

ទ័ពធំទី១ គឺកងកម្លាំងប្រដាប់អាវុធ៖ រួមមានប៉ូលីស ទាហាន ប៉េអ៊ឹម និងកងអង្គរក្ស។ ទោះបីច្បាប់កំណត់ថាកងកម្លាំងប្រដាប់អាវុធត្រូវតែជាកម្លាំងរបស់ជាតិទាំងមូលនិងត្រូវតែអព្យាក្រឹត្យក៏ដោយ តែមានមេទ័ពធំៗ សុទ្ធសឹងតែជាសមាជិកបក្សកាន់អំណាច ហើយមានអ្នកខ្លះជាសមាជិកគណៈមជ្ឈិមឬគណៈអចិន្រ្តៃយ៍ផង។ ទោះបីយ៉ាងណាក្តី ក្រោយការបោះឆ្នោតឆ្នាំ២០១៣ បដិបក្ខធំដ៏មានឥទ្ធិពលក្នុងបក្សកាន់អំណាចទំនងជាមិនអាចបញ្ជាកងទ័ពឬប៉ូលីសបានដូចមុន ទើបត្រូវប្រើប៉េអ៊ឹមនិងកងអង្គរក្ស (ដែលមនុស្សភាគច្រើនយល់ថាជាកងទ័ពឯកជនរបស់ថ្នាក់ដឹកនាំទៅវិញ)។

ក្នុងសម័យសាធារណៈប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា មានការឃោសនាថាកងកម្លាំងប្រដាប់អាវុធជាកូនចៅប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន។ ផ្ទុយទៅវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានរូបភាពឃោសនាបង្ហាញថាពួកគេចុះជួយស្ទូងស្រូវប្រជាពលរដ្ឋក៏ដោយ តែរូបភាពពួកគេវាយព្រះសង្ឃ ដុតផ្ទះប្រជាជន បណ្តេញប្រជារាស្រ្តចេញពីផ្ទះសម្បែង ដីស្រែចម្ការ និងការបាញ់សម្លាប់កម្មករនិងអ្នកតវ៉ា ធ្វើឲ្យពួកគេក្លាយជាសត្រូវរបស់ប្រជាជនទៅវិញ។

ទ័ពធំទី២ គឺគហបតីនិងបញ្ញវ័ន្ត៖ ដែលក្នុងចំណោមឧកញ៉ាជាង៧០០នាក់ មានភាគច្រើនជាអ្នកគាំទ្រថវិកាដល់បក្សកាន់អំណាច ទាំងការចេញមុខជាសាធារណៈ (តាមរយៈកាកបាទក្រហម។ល។) ទាំងការជួយស្ងាត់ៗផង។ ក្រៅពីនេះមានបញ្ញវ័ន្តជាច្រើនក៏ចូលរួមស្វែងរកលាភសក្ការៈ បុណ្យសក្តិ ទ្រព្យធនពីបក្សកាន់អំណាចដែរ។ មានបុគ្គលមួយចំនួនក្នុងចំណោមបុគ្គលទាំងនេះបានប្រើប្រាស់ឥទ្ធិពលនិងអំណាចច្រើនហួសហេតុ រហូតបំផ្លិចបំផ្លាញប្រជាពលរដ្ឋទន់ខ្សោយ ធ្វើឲ្យរាស្រ្តក្តៅក្រហាយ។ មានពាក្យចចាមអារាមថា មានឧកញ៉ាខ្លះលួចជួយបក្សប្រឆាំងស្ងាត់ៗ ព្រោះគេគិតថាបក្សនេះអាចនឹងឈ្នះឆ្នោត តែក្រោយពេលបក្សកាន់អំណាចប្រមូលអំណាចបានវិញ ពួកនោះក៏រួញក្បាលវិញ។ មានបញ្ញវ័ន្តមួយភាគតូចប៉ុណ្ណោះដែលនៅស្រឡាញ់ឧត្តមគតិស្រឡាញ់ជាតិទឹកដី ស្រឡាញ់យុត្តិធម៌ សុខចិត្តចូលរួមជួយបក្សប្រឆាំងទាំងចេញមុខផងឬលាក់មុខផងព្រោះតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

ទ័ពធំទី៣ គឺប្រព័ន្ធតុលាការ៖ ប៉ុន្មានអាណត្តិមុនតុលាការគ្រាន់តែទ័ពជំនួយតូចមួយប៉ុណ្ណោះរបស់បក្សកាន់អំណាច។ តែក្រោយឆ្នាំ២០១៣ ហើយជាពិសេសនាពេលថ្មីៗ ក្រោយពេលមានការប្រជុំបន្ទាន់ក្នុងខែកក្កដាឆ្នាំ២០១៦ មានការសម្រេចជ្រើសរើសប្រព័ន្ធតុលាការ ដើម្បីធ្វើឲ្យបក្សប្រឆាំងទន់ខ្សោយមកតុលាការក្លាយជាទ័ពធំមួយរបស់បក្សកាន់អំណាច ព្រោះសូម្បីតែមន្រ្តីជាន់ខ្ពស់ផ្នែកតុលាការក៏ក្លាយជាសមាជិកគណៈមជ្ឈិមរបស់បក្សនេះដែរ។ ទោះបីជាដឹងថា ទង្វើនេះវាប៉ះពាល់ធ្ងន់ធ្ងរដល់ឯករាជភាព ភាពមិនលម្អៀង អព្យាក្រឹតភាព សុចរិតភាព និងជំនឿជាក់មកលើប្រព័ន្ធយុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ តែបក្សកាន់អំណាចមិនខ្វល់ មិនចាប់អារម្មណ៍ទេ ព្រោះថាបើបក្សកាន់អំណាចមិនជ្រើសរើសដើរផ្លូវនេះទេ ទីបញ្ចប់នៃអំណាចរបស់ខ្លួនក៏មកដល់មិនខាន។
ទ័ពធំទី៤ គឺអ្នករាជការនិងអ្នកគាំទ្រនៅមូលដ្ឋាន៖ មុនឆ្នាំ២០១៣ ក្រុមទាំងនេះត្រូវបក្សកាន់អំណាចប្រើប្រាស់យ៉ាងគគ្រឹកគគ្រេងដោយសង្ឃឹមថាទាក់ទាញសំឡេងឆ្នោតបានច្រើន។ ផ្ទុយទៅវិញ ពួកគេបានចិត្ត រាយការណ៍កុហកបំប៉ោងតួលេខនិងចំណាយក្នុងការឃោសនា ហើយសូម្បីតែក្នុងការបោះឆ្នោតមានអ្នករាជការប្រហែល៦០% លែងបោះឆ្នោតឲ្យបក្សកាន់អំណាចទៀតហើយ។ ហេតុនេះ ចាប់ពីពេលនេះតទៅ បក្សកាន់អំណាចលែងទុកចិត្តអ្នករាជការស៊ីវិល ហើយបានជ្រើសរើសមេទ័ពមួយចំនួនឲ្យទៅកាន់តំណែងជាចៅហ្វាយខេត្តវិញ។

ក្រៅពីទ័ពធំទាំង៤នេះ មួយរយៈក្រោយនេះគេបង្កើតទ័ពជំនួយតូចៗ ដើម្បីវាយឆ្មក់សត្រូវជាមុនដូច ឆាវ ឆាវ ធ្លាប់បានធ្វើដែរ ដូចជាបង្កើតអង្គការសមាគមន៍ដើរនិយាយបរិហារកេរ្តិ៍បក្សប្រឆាំង ចលនាឲ្យមានការបង្កើតបក្សនយោបាយតូចៗឲ្យបានច្រើន។ល។និង។ល។ ក្នុងគោលបំណងបំបែកការគាំទ្រពីបក្សប្រឆាំងផង និងបំពុលបរិយាកាស និងពង្វក់យុវជនជំនាន់ក្រោយមិនឲ្យគិតគូរពីវាសនាអនាគតប្រទេសជាតិផង។ (សូមអានភាគបន្ត)

No comments: