A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 August 2016

ការងើបឡើងវិញនៃការតែងនិពន្ធបទចម្រៀងនិងកំណាព្យទាក់ទងនឹងការស្នេហាជាតិ





បទយកការណ៍៖ ការងើបឡើងវិញនៃការតែងនិពន្ធបទចម្រៀងនិងកំណាព្យទាក់ទងនឹងការស្នេហាជាតិ
ដោយ អ្នកនាង យីម ម៉ារី​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ 



ក្នុងទឹកមុខស្រងូតស្រងាត់ជាមួយនិងទឹកភ្នែករលីងរលោងដោយក្នុងដៃកាន់ទូរសព្ទស្មាតហ្វូនស្តាប់ចំរៀងយ៉ាងស្រងេះស្រងោចខ្លោចផ្សារដែលមនុស្សមួយក្រុមទើបតែតែងនិពន្ធឡើងបង្ហោះនៅលើបណ្តាញសង្គម។ យុវជនមួយក្រុមដែលកំពុងតែអង្គុយជុំគ្នាបង្ហាញពីការអាណិតអាសូរផង ស្ញើចសរសើរ ស្តាយស្រណោះអាឡោះអាល័យ គួរអោយសង្វេកក្រោយស្តាប់បទចំរៀងចប់។

បែរមកកាន់ស្ត្រីវ័យចំណាស់ក្នុងអាយុប្រមាណជា៦០ឆ្នាំប្លាយវិញ ទឹកភ្នែកស្រក់ហូរកាត់ផែនថ្ពាល់ជរារបស់គាត់ ជាមួយនិងសំលេងខ្សឹកខ្សួលអួលដើមកពេលចៅរបស់ខ្លួនបើកចំរៀងមួយចំនួនតាមទូរសព្ទ។ បទចំរៀងដ៏អន្លង់អន្លោចទាំងនេះ ធ្វើអោយមនុស្សមិនតិចអ្នកឡើយព្រឺសម្បុរខ្ញាកៗ អង្រួនរណ្តំដួងចិត្ត ដួងព្រលឹងអ្នកស្តាប់ជាខ្លាំង ដោយបទចំរៀងទាំងនេះមិនមានឡើយនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនិងវិទ្យុក្នុងស្រុកមួយចំនួនធំ។

ការតែងនិពន្ធថ្មីយកលំនាំបទ ទំនុកភ្លេង ទំនុកច្រៀង តែងកំណាព្យ ហាក់ផុលផុសគួរអោយកត់សំគាល់ក្រោយបុរសម្នាក់ដែលគេដាក់នាមអោយជាវីរបុរសស្នេហាជាតិនិងបុគ្គលស្នេហាជាតិមួយចំនួនទៀតត្រូវបានប្រហារដោយឃាតករមិនស្គាល់មុខឬមិនអាចវែកមុខពិតរបស់ឃាតកនិងអ្នកនៅពីក្រោយខ្នងបាន។ យ៉ាងណាមិញថ្មីៗនេះ មានយុវជនមិនតិចអ្នកទេដែលក្លាយខ្លួនជាអ្នកតែងនិពន្ធចំរៀងនិងកំណាព្យដែលទាក់ទងទៅនឹងការស្លាប់របស់លោកបណ្ឌិត កែម ឡី។



នៅពេលដែលអ្នកបើកគេហទំព័រយូធូបហើយវាយជាភាសារអង់គ្លេសថា “Song related to Kem Ley” ដែលមានន័យជាភាសារខ្មែរថា “បទចំរៀងទាក់ទងនឹងបណ្ឌិត កែម ឡី” នោះលោកអ្នកនឹងឃើញបទចំរៀងជាច្រើនដូចជា បណ្តាំបណ្ឌិត កែម ឡី  អនិច្ចាបណ្ឌិត កែម ឡី  វរជនបណ្ឌិត កែម ឡី ស្តាយវីរជនខ្មែរ បណ្ឌិតកែម ឡី ខុសអ្វី? សូមកើតជាខ្មែររហូត ជាដើម។ល។ ដែលបទទាំងអស់នោះ សុទ្ធសឹងតែទើបបានចេញផ្សាយបង្ហោះនៅលើប្រព័ន្ធអ៊ីនធើណេតប្រមាណជាមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រនិងចូលទស្សនាជាច្រើនពាន់ច្រើនម៉ឺននាក់។

អ្នកនិពន្ធបទចម្រៀងទាំងនោះដែល VOD បានទាក់ទង ពួកគេសុំមិនឲ្យបង្ហាញអត្តសញ្ញាណជាសាធារណៈដោយថា ដើម្បីរក្សាសិទ្ធិនិងសុវត្ថិភាពរបស់ពួកគេ។

បើយើងក្រឡេកមើលបណ្តាញសង្គមដែលបានបង្ហោះដាក់ចំណងជើងថា “ចម្រៀង៦បទ ឆក់យកអារម្មណ៍ និងទឹកភ្នែករបស់ប្រជាជនខ្មែរ” នៅខាងក្រោមបទចម្រៀងនេះមានការបញ្ចេញយោបល់ឬខមមិន(comment)យ៉ាងច្រើនអន្លាយបង្ហាញពីអារម្មណ៍និងមតិយោបល់។ សរុបជារួមមានមនុស្សមិនតិចអ្នកទេដែលបានគាំទ្រលើកសរសើរព្រមទាំងការប្តេជ្ញាចិត្ត។  អ្នកខ្លះសរសេរថា “ប្រាំមួយបទនេះគ្រប់គ្រាន់ហើយសំរាប់ប្រជាពលរដ្ឋគិតពិចារណានូវស្ថានភាពបច្ចុប្បន្នប្រទេសជាតិដើម្បីឆ្ពោះទៅមុខដែលគ្មានទឹកភ្នែកលាយឈាម។ អរគុណប្អូនៗអ្នកនិពន្ធនឹងអ្នកច្រៀងខំប្រឹងប្រែងដើម្បីប្រទេសជាតិក្នុងស្ថានភាពមានគ្រោះថ្នាក់បែបនេះ។”  អ្នកខ្លះទៀតបន្ថែមថា “សូមអរគុណអ្នកនិពន្ធបទចំរៀងទាំងនេះសំរាប់រំលឹកអំពីវីរភាពដ៏អង់អាចក្លាហានរបស់លោក បណ្ឌិត កែម ឡី ដាស់ តឿនដល់កូនខ្មែរជំនាន់ថ្មីអោយចេះនិយាយការពិត មិនប្រឌិត មិនកុហក ធ្វើអ្វីៗដើម្បីជាតិខ្មែរទាំងស្រុង”។  ក្នុងនោះអ្នកដែលគាំទ្រអោយបង្កើតជាអាល់ប៊ុមចម្រៀងក៏មិនតិចនាក់ដែរ ខណៈមានអ្នករិះគត់ចំៗពីផលិតកម្មនិងតារាចំរៀងមួយចំនួនដែលមិនហ៊ានច្រៀងនិងផលិតបទស្នេហាជាតិ។

រីឯកំណាព្យវិញហាក់កើតមានហូរហែទាំងផ្លូវការក្តីមិនផ្លូវការក្តីពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែកំណាព្យដែលទទួលបានការគាំទ្រនិងចែកចាយបន្តគ្នាជាច្រើនហូរហែរនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលគេស្គាល់ចំណងជើងថា “សបុកបាត់បា”។

ម្ចាស់កំណាព្យនេះជាយុវជនពីរនាក់ស្ថិតក្នុងវ័យស្រករគ្នាសិក្សាក្នុងថ្នាក់ជាមួយគ្នាក្នុងកំរិតសកលវិទ្យាល័យ ហើយស្រលាញ់ការតែងកំណាព្យ បានបបួលគ្នាតែងកំណាព្យបន្តគ្នាអំពីររឿងនេះ រហូតសរសេររៀបរៀងឡើងបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម។ អារម្មណនិងកត្តាផ្លូវចិត្តបានជំរុញអោយលោក ហ៊នណា ភូមិន្ទ និពន្ធកំណាព្យនេះឡើង៖ “ខ្ញុំតែងគឺចំថ្ងៃគេហែសពពូ កែម ឡី ពេលចឹងក្នុងបណ្តាហ្វេសប៊ុកក៏មានការផុសជាច្រើន ហើយក៏ដូចជាទីក្រុងភ្នំពេញ ពេលចឹងខ្ញុំបានបើកហ្វេសប៊ុកផង ឃើញស្រាប់តែឃើញព្រឹត្តិការណ៍ដ៏ច្រើនចឹង ធ្វើអោយខ្ញុំកើតមានអារម្មណ៍មួយ ខ្ញុំគិតថា ខ្ញុំនឹងសរសេរកំណាព្យមួយពីរនាក់មិត្តភក័្កខ្ញុំហ្នឹង“។

រីឯកវីវ័យក្មេងលោក ហ៊ួន ស៊ីលូន បានបន្ថែមថា៖ “ខ្ញុំមានគំនិតថា ដើម្បីជាការកាន់ទុក្ខរបស់គាត់ ខ្ញុំនឹងបង្កើតកំណាព្យ ដើម្បីជាការតបស្នងអ្វីដែលគាត់បានផ្តល់អោយខ្ញុំ ហើយនឹងជំរុញលើកទឹកចិត្តកូនខ្មែរស្គាល់តម្លៃនៃការប្រើសិទ្ធិរបស់ខ្លួន ហើយគោលបំណងខ្ញុំមួយទៀតគឺ អោយកូនខ្មែរចេះសរសេរកំណាព្យ”។

កម្លោះសម្បូរស្នាដៃគំនិតក្នុងការសរសេរនិងមានទេពកោសល្យពីកំណើតបានខិតខំបំពេញក្តីស្រម៉ៃរបស់ខ្លួនដោយម្នាក់កំពុងបំរើការក្នុងសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងម្នាក់ទៀតកំពុងរៀនការតែងកំណាព្យនៅសមាគមអ្នកនិពន្ធខ្មែរ តែទោះជាយ៉ាងណាការតែងកំណាព្យនេះមិនមែនឆ្លុះបញ្ជាំងពីទស្សនៈរបស់សមាគមឡើយ។

លោក ស៊ីលូន បន្តថា៖ “ខ្ញុំបានបង្កប់អត្ថន័យដ៏ពិសេសម្យ៉ាង គឺខ្ញុំយកឃ្លាចុងក្រោយដែលអ្នកអានធម្មតាក្រៅពីគាត់យំកំសត់ ហើយគាត់វិភាគឃើញទៅលើស្នាដៃហ្នឹងតែម្តង ថាសង្គមមួយដែលពោរពេញដោយថ្ងៃរះភ្លឺណាស់ហ្នឹងណា មេឃមិនស្រលះជ្រះស្រមោលខ្មៅ បានន័យថាមេឃមិនស្រលះដូចជា..មិនអាចនឹងភ្លេចមហាទុក្ខមួយដ៏សោកសង្រេង“។

ចំណែកឯលោក ភូមិន្ទ បានបន្ថែមថា៖ “ខ្ញុំមិននឹកស្មានថានៅពេលដែលសរសេរភ្លាមៗហ្នឹង សរសេរចេញហើយទទួលការចាប់អារម្មណ៍ជាច្រើនពីសារធារណជនគឺឡើងដល់១៩កា (19K) share ច្រើនមែនទែន។ ហើយចំពោះការតែងនិពន្ធ ខ្ញុំមិនស្ថិតនៅក្រោមសមាគមឬក៏ពីណាគេទេ គឺវាកើតឡើងពីមនោសញ្ចេតនាពិតៗតែម្តង ហើយនៅពេលតែងហើយហ្នឹងយើងក៏បាននិយាយគ្នាដែរថា ពាក្យពេចន៍និងខ្លឹមសារគឺយើងមិនអោយវាយប្រហារទៅលើពីណាគេទេ យើងសរសេរគឺក្នុងនាមថាយើងចូលរួមរំលែកទុក្ខតែបុណ្ណឹង“។

បុរសសំដីមុតលះល្អ ហើយឆ្លើយឆ្លងដោយសុភាពរាបសារ លោក កែវ កុសល ប្រធានរដ្ឋបាលសមាគមអ្នកនិពន្ធខ្មែរបានលើកឡើងថា ការតែងនិពន្ធជាសិទ្ធិបុគ្គល ហើយការនិពន្ធដែលល្អគឺអាស្រ័យលើបរិបថ៖ “ខ្ញុំយល់ថា នេះជារឿងបុគ្គលរបស់គេ គេសរសេរពីប្រវត្តិគាត់ក្តី ពីវីរភាពរបស់គាត់ក្តី អាហ្នឹងជា ជារឿងបុគ្គលរបស់គេណា តែក្នុងនាមខ្ញុំជាអ្នកនិពន្ធម្នាក់ជាគ្រូអ្នកនិពន្ធម្នាក់ ជាចាងហ្វាងអ្នកនិពន្ធផង ខ្ញុំយល់ថានេះជាសិទ្ធិសេរីភាពបុគ្គលរបស់គេ យើងអត់មានឃាត់ឃាំងអ្នកណាបានទេ ប៉ុន្តែយើងសួរថាកាលៈទេសៈណាចង់សរសេរពីអី កាលៈទេសៈណាសរសេរពីអី ហើយខ្ញុំក៏មិនបដិសេធការសរសេររបស់យុវជនដែរជាសិទ្ធរបស់គេ ប៉ុន្តែការបោះពុម្ពនិងជារឿងបុគ្គលគេទេ ការបង្ហោះទៅតាមព័ត៌មានសង្គមវាជារឿងបុគ្គលគេដែរ យើងឈរលើគោលការណ៍រដ្ឋាភិបាល ពីព្រោះបច្ចុប្បន្នយើងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលណាអូនណាស់“។

មកដល់ត្រឹមនេះ សូមផ្អាកពីយុវជនឬអ្នកដែលជាសិល្បករទាំងអាជីពក្តីនិងអ្នកដែលមាននិស្ស័យក្តី ទាំងអ្នកលាក់មុខនិងហ៊ានចេញមុខ ដែលបានសរសេរកំណាព្យនិងបទចំរៀងឧទិ្ទសដល់លោកបណ្ឌិត កែម ឡី ហើយបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន យើងងាកមកស្តាប់ចំណាប់អារម្មណ៍របស់សាស្ត្រាចារ្យផ្នែកចិត្តវិជ្ជា លោក ផាន ចាន់ពៅ បានរៀបរាប់ពីការប៉ះទង្គិចនិងឥទ្ធិពលនៃបទចំរៀងនិងកំណាព្យ។

លោករៀបរាប់ថា៖ “សរុបសេចក្តីគឺចង់បញ្ជាក់ប្រាប់ថាក្រោយស្តាប់បទចំរៀង ទោះចំរៀងជាបទបែបមនោសញ្ចេតនាឬក៏បទចំរៀងនោះបែបណាក៏ដោយ ក៏គ្មានលទ្ធផលណាមួយដែលបញ្ជាក់ថាច្បាស់ថា វាជះឥទ្ធិពលទៅដល់ផ្លូវចិត្តមនុស្សនោះទេ។ ការឆ្លើយអញ្ជឹងគឺខ្ញុំត្រូវយោង ពីព្រោះខ្ញុំត្រូវយោងទៅលើលទ្ធផលនៃការស្រាវជ្រាវ ខ្ញុំមិនអាចនិយាយតាមមនោសញ្ចេតនាខ្លួនឯងថាយ៉ាងនេះឬយ៉ាងនោះបានទេ“។

បើយើងក្រលេកមើលបណ្តាញសារព័ត៌មានក្នុងស្រុកទាក់ទិននឹងការធ្វើអត្តឃាតដោយលោតទឹក អាករដៃ ចងក លេបថ្នាំជាដើម។ល។ សុទ្ធសឹងតែមានជាវីឌីអូខារាអូខេ ស្របពេលដែលមានបទចំរៀងតិចណាស់ដែលលើកទឹកចិត្តយុវវ័យនិងការស្នេហាជាតិ។ ការនិយមចូលចិត្តនិងការគាំទ្របទដើម (original song) របស់ប្រជាជនកម្ពុជាពិសេសពីស្រទាប់យុវវ័យហាក់មានសន្ទុះខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការតាក់តែងនិពន្ធបទចំរៀងទាំងនេះពីសំណាក់យុវវ័យចាប់ផ្តើមកើតមានជាបន្តបន្ទាប់ ខណៈពេលដែលផលិតកម្មចំរៀងល្បីៗក្នុងស្រុកមួយចំនួនមិនបានផលិតនិងនិពន្ធចំរៀងពាក់ព័ន្ធនឹងការស្រលាញ់ស្នេហាជាតិជាងស្រលាញ់ប្រុសស្រីស្នេហាយុវវ័យនាពេលប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ។ ការរិះគន់ចំៗនិងការកក្រើកពីការចម្លងនិងការត្រាប់តាមបរទេសហាក់ផុសផុល ខណៈបទចំរៀងដើម (original song) មិនទាន់បានទទួលបានការជ្រុមជ្រែងនិងលើកទឹកចិត្តឲ្យបានទូលំទូលាយពីស្ថាប័នពាក់ព័ន្ធមួយចំនួន។

No comments: