A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 August 2016

ពលរដ្ឋ​បន្ត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ឯ​ខេត្ត​តាកែវ


ដោយ យ៉ង ចាន់តារា
2016-08-07

គោរព​វិញ្ញាណក្ខន្ធ កែម ឡី តាកែវ ២០១៦ ៨៥៥
ពលរដ្ឋ​នាំ​គ្នា​បន្ត​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara
 RFA/Yang Chandara



អស់​រយៈពេល​ពីរ​សប្ដាហ៍​មក​ហើយ​ដែល​សព​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​ឯ​ខេត្ត​តាកែវ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី​នៅ​តែ​បន្ត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​ឥត​ដាច់។ អ្នក​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក នៅ​តែ​មាន​ទឹក​ចិត្ត​សោកស្ដាយ និង​សោក​សង្រេង​ចំពោះ​មរណភាព​នេះ។

ប្អូន​ប្រុស​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិទ្ធិ បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ សីហា ថា ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ប្រហែល ៤០​នាក់​មក​គោរព​វិញ្ញាណក្ខន្ធ​បង​ប្រុស​របស់​លោក ហើយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​វិញ​អាច​មាន​រហូត​ដល់ ១០០​នាក់។ លោក​ថា អ្នក​ទាំង​នោះ ខ្លះ​ជា​ពលរដ្ឋ​សាមញ្ញ ខ្លះ​ជា​មន្ត្រី​រាជការ និង​ខ្លះ​ទៀ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ដែល​រស់នៅ​ខេត្ត​តាកែវ និង​មក​ពី​តំបន់​ដទៃ ដូចជា ភ្នំពេញ ខេត្ត​កណ្តាល និង​ព្រៃវែង ជាដើម។

ពលរដ្ឋ​ម្នាក់ គឺ​លោកស្រី ហេង ម៉ៅ និយាយ​ថា លោកស្រី​មិន​ដែល​បាន​ស្គាល់ និង​ឃើញ​មុខ​របស់​លោក​បណ្ឌិត កែម ឡី ឡើយ ប៉ុន្តែ​ធ្លាប់​ឮ​សំឡេង និង​ការ​វិភាគ​របស់​លោក​តាម​វិទ្យុ។ ពេល​ដែល​លោកស្រី​ឮ​ដំណឹង​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ភ្លាម លោកស្រី​រន្ធត់​ចិត្ត​ជា​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក៖ «មិន​ទាន់​ចាប់​ជន​ល្មើស​បាន អ៊ំ​អត់​ទាន់​អស់​ចិត្ត​ទេ។ រាល់​ថ្ងៃ​នេះ អត់​អស់​ចិត្ត​ទេ។ នឹក​ឃើញ​ឡើង មួម៉ៅ​ក្នុង​ចិត្ត​ថា ចាប់​ជន​ល្មើស​អត់​បាន​ទេ។ វា​នៅ​មិន​ទាន់​អស់​ចិត្ត​រឿង​ហ្នឹង។ បើ​ចាប់​បាន អ៊ំ​អរ​ណាស់ អ៊ំ​ស្លាប់​ទៅ​ក៏​បិទ​ភ្នែក​ជិត​ដែរ»។

គោរព​វិញ្ញាណក្ខន្ធ កែម ឡី តាកែវ ២០១៦ ៨៥៥
ពលរដ្ឋ​នាំ​គ្នា​បន្ត​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara




ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី គូ ចាន់ថេង ថ្លែង​ថា លោកស្រី​មិន​ទាន់​អាច​រំងាប់​ក្តី​សោក​សង្រេង​របស់​ខ្លួន​នៅ​ឡើយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី។ លោកស្រី​ថា លោក​បណ្ឌិត កែម ឡី ជា​បញ្ញាជន​ដ៏​ឆ្នើម​មួយ​រូប មិន​គួរ​ណា​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​បែប​នេះ​ឡើយ៖ «ខ្ញុំ​មិន​ដែល​ស្គាល់​សោះ មិន​ដែល​ស្គាល់​ទេ ទើប​ពេល​គេ​បាញ់​គាត់​ហ្នឹង ខ្ញុំ​ជួយ​សោកស្ដាយ។ ស្ដាយ​គាត់​សែន​ស្ដាយ គាត់​អ្នក​ស្នេហា​ជាតិ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​អត់​ចង់​ហូប​បាយ​ទេ។ តាំង​ពី​គេ​បាញ់​គាត់ ខ្ញុំ​ដូចជា​ជ្រួល​ច្របល់ មិន​ស្រណុក​ក្នុង​ចិត្ត​សោះ»។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ ក្រុង​ភ្នំពេញ។ សព​របស់​លោក​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ចាស់ អស់​រយៈពេល ២​សប្ដាហ៍ មុន​នឹង​ត្រូវ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ប្រហែល ២​លាន​នាក់​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា និង​ត្រូវ​បាន​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

ប្រធាន​ភូមិ​អង្គតាកុប លោក ភោគ សំបូរ ដែល​ត្រូវ​ជា​បង​ជីដូនមួយ​បណ្ឌិត កែម ឡី ផង បញ្ជាក់​ថា បញ្ហា​សន្តិសុខ​នៅ​កន្លែង​បញ្ចុះ​សព​ត្រូវ​បាន​ធានា ពីព្រោះ​មាន​ប្រជា​ការពារ​ភូមិ និង​សាច់ញាតិ​របស់​លោក​តែង​ចេញ​ចូល និង​សម្រាន្ត​នៅ​ទីនោះ​ជា​ប្រចាំ។

សព្វថ្ងៃ ក្រុម​គ្រួសារ​សព​បណ្ឌិត កែម ឡី បាន​សង់​រោង​ប្រក់​ស័ង្កសី​ទំហំ​ប្រហែល ៦​ម៉ែត្រ​គុណ ៧​ម៉ែត្រ នៅ​មុខ​ផ្នូរ​របស់​លោក ដើម្បី​ទទួល​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ និង​សម្រាប់​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក​នៅ​រៀង​រាល់​ថ្ងៃ​ពេញ​បូណ៌មី និង​ថ្ងៃ​ខែ​ដាច់។ លោក កែម រិទ្ធិសិទ្ធិ បញ្ជាក់​ថា លោក​កំពុង​រង់ចាំ​ប្លង់​ស្ថាបនា​ចេតិយ​លោក​បណ្ឌិត កែម ឡី ពី​ក្រុម​ជាង ហើយ​លោក​មាន​គម្រោង​សាងសង់​បណ្ណាល័យ និង​ហាង​កាហ្វេ​នៅ​ទីតាំង​បញ្ចុះ​សព​បណ្ឌិត កែម ឡី សម្រាប់​អ្នក​ចង់​សិក្សា​ឈ្វេង​យល់​ពី​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​រូប​នេះ៕

No comments: