A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​ចាត់ការ​លើ​លោក កឹម សុខា


ដោយ ថា កិត្យា
2016-07-04

កឹម សុខា សូត្រ​មន្ត ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា និង​ភរិយា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev



សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​មោឃភាព ឬ​បញ្ឈប់​នីតិវិធី​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហើយ​បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​ចំណាត់​ការ​របស់​ខ្លួន​ដដែល។ ការ​ច្រាន​ចោល​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា ជា​រឿង​នយោបាយ​ដែល​មាន​តែ​វិធីសាស្ត្រ​ស្វះ​ស្វែងរក​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ទើប​អាច​ដោះស្រាយ​បញ្ចប់​រឿង​បាន។

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ដឹង​ថា ភាគ​ច្រើន​ឲ្យ​តែ​សាលា​ដំបូង​សម្រេច​យ៉ាង​ណា​ហើយ ពេល​ទៅ​ប្ដឹង​បន្ត​នៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ធ្វើ​ឲ្យ​ផុង​ខ្លួន​ជាង​មុន​ទៀត​ផង។

ជាក់ស្តែង​សវនាការ​លើ​បណ្ដឹង​មោឃភាព​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែល​ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទ "បដិសេធ​មិន​ចូល​ខ្លួន" មក​លើ​លោក កឹម សុខា នោះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល។



តំណាង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ហែម សុជាតិ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សាលា​ឧទ្ធរណ៍​សម្រេច​បញ្ជូន​រឿង​នេះ​ត្រឡប់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បន្ត​ស៊ើបសួរ​ទៀត​នោះ ក្រោម​ហេតុផល​ថា សាលា​ឧទ្ធរណ៍​គ្មាន​មូលភាព ឬ​សមត្ថភាព​ពិចារណា​លើ​រឿង​នេះ៖ «»។

ក្រោយ​ពី​បរាជ័យ​នៅ​សាលា​ឧទ្ធរណ៍ ក្រុម​មេធាវី​នឹង​ពិចារណា​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល និង​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​អំពី​ករណី​តុលាការ​ធ្វើ​ខុស​នីតិវិធី​នេះ​ដែរ។

ចំពោះ​សេចក្តី​សម្រេច​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា គឺ​ជា​ការ​សម្រេច​មាន​ចរិត​នយោបាយ ដោយ​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ឡើយ។ ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ភាព​លម្អៀង​របស់​តុលាការ​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ខ្លះ​ធ្វើ​ការ​អនុវត្ត និង​ធ្វើ​សេចក្តី​សម្រេច​ដោយ​រំលោភ​លើ​នីតិវិធី និង​ច្បាប់​ជា​ធរមាន រហូត​ដល់​ហ៊ាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទៀត​ផង។

ជាក់ស្តែង ការ​សម្រេច​ឲ្យ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​សមាជិក​សភា​កន្លង​មក គឺ​មិន​បាន​លើក​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន ស្រប​តាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៧ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាង​រាស្ត្រ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក គឹម សន្តិភាព បាន​ប្រាប់​សារព័ត៌មាន​ហ្វ្រែស​ញ៉ូវ (Fresh News) ថា ការ​សម្រេច​របស់​តុលាការ គឺ​ជា​ការ​សម្រេច​តាម​នីតិវិធី​នៃ​ច្បាប់​ជា​ធរមាន ពុំ​មាន​លក្ខណៈ​ត្រង់​ណា​មួយ​ដែល​បង្ហាញ​អំពី​ចរិត​នយោបាយ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា មាន​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដែល​យក​ចរិត​នយោបាយ​ដាក់​ខ្លួន​ជា​លេស​ការពារ​ខ្លួន ក្នុង​ខណៈ​ដែល​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់​ខ្លួន។

រីឯ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​ដែល​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ គឺ​ប្រព័ន្ធ​តុលាការ​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​មាន​អំណាច​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការ​ដោះស្រាយ​បណ្ដឹង​ភាគ​ច្រើន​នៅ​កម្ពុជា គឺ​មាន​ចរិត​នយោបាយ ដោយ​តែង​តែ​សង្កេត​ឃើញ​ថា តុលាការ​តែង​ចាត់​វិធានការ​យ៉ាង​តក់ក្រហល់ និង​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​មាន​បញ្ជា​របស់​អ្នក​នយោបាយ​ធំៗ៖ «»។

លោក កឹម សុខា ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន​ពីរ​លើក​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ ករណី​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង​នេះ លោក កឹម សុខា បាន​សម្រេច​ទៅ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ក្រោយ​ពី​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​រូប​លោក។ លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស៕

No comments: