A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​នឹង​អាជ្ញាធរ​ស្រុក​រុក្ខគិរី​ដែល​កុហក​ឲ្យ​ទៅ​ចូលរួម​វេទិកា​កញ្ញា ធី សុវណ្ណថា


ដោយ ហ៊ុំ ចំរើន

វេទិកា​ធី សុវណ្ណថា បាត់ដំបង ២០១៦ ៨៥៥
កញ្ញា ធី សុវណ្ណថា ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Courtesy of Thy Sovantha's Facebook Page
 Photo Courtesy of Thy Sovantha's Facebook Page



ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ស្រុក​នេះ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​វត្ត​ស្ដុកប្រវឹក ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ជាក់ស្ដែង បែរ​ជា​ចូលរួម​ក្នុង​វេទិកា​របស់​កញ្ញា ធី សុវណ្ណថា ទៅ​វិញ។ ក៏ប៉ុន្តែ​មេ​ឃុំ​ស្ដុកប្រវឹក បញ្ជាក់​ថា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​ក្នុង​វេទិកា គឺ​ជា​រឿង​ល្អ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​ជាតិ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទាំង​អ្នក​ដែល​បាន​ទៅ​ចូលរួម​ក្នុង​វេទិកា និង​អ្នក​ដែល​មិន​បាន​ចូលរួម សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​ឃុំ​ស្ដុកប្រវឹក ថា​មិន​គួរ​បោក​បញ្ឆោត​ពួក​គាត់​ឲ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​ខុស​ពី​ការ​ពិត​ឡើយ។

ពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់នៅ​ឃុំ​ស្ដុកប្រវឹក ស្រុក​រុក្ខគិរី ថ្លែង​ថា សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ភូមិ​ព្រៃអម្ពាន់ ឃុំ​ស្ដុកប្រវឹក កាល​ពី​រសៀល​ថ្ងៃ​ទី​២ កក្កដា បាន​មក​ប្រាប់​រូប​គាត់​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​វត្ត​ស្ដុកប្រវឹក នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា។ ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​រូប​គាត់​ទៅ​ចូលរួម ស្រាប់​តែ​ឃើញ​វេទិកា​សាធារណៈ​របស់​កញ្ញា ធី សុវណ្ណថា ទៅ​វិញ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ប្រសិន​បើ​រូប​គាត់​ដឹង​ថា កម្មវិធី​នោះ​ជា​វេទិកា​សាធារណៈ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នោះ ពួក​គាត់​នឹង​មិន​ទៅ​ចូលរួម​ឡើយ៖ «ខ្ញុំ​ទៅ​ចូលរួម​ដោយ​មិន​ដឹង​ខ្លួន​ទេ ប៉ុន្តែ​ជ្រុល​តែ​បាន​ចូលរួម​ទៅ ខ្ញុំ​ក៏​បាន​នៅ​អង្គុយ​ស្ដាប់​គេ​រហូត​ដល់​ចប់​កម្មវិធី»។



វេទិកា​សាធារណៈ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ស្ដុកប្រវឹក ឃុំ​ស្ដុកប្រវឹក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៣០០​នាក់។ ពលរដ្ឋ​ដែល​បាន​ចូលរួម​អះអាង​ថា នៅ​ក្នុង​កម្មវិធី​នោះ​មាន​កញ្ញា ធី សុវណ្ណថា លោក ស្រី ចំរើន មន្ត្រី​នគរបាល មេ​ភូមិ មេ​ឃុំ​ស្ដុកប្រវឹក និង​មន្ត្រី​នៅ​ក្នុង​ស្រុក​រុក្ខគិរី មួយ​ចំនួន​ទៀត​ចូលរួម​ប្រមាណ ២០​នាក់។

ពុំ​មែន​មាន​តែ​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​ប្រតិកម្ម​នឹង​អាជ្ញាធរ​ឃុំ​ស្ដុកប្រវឹក ដែល​បញ្ឆោត​ឲ្យ​ពួក​គាត់​ទៅ​ចូលរួម​ក្នុង​វេទិកា​ខុស​ពី​ការ​ពិត​នោះ។ ជាក់ស្ដែង ពលរដ្ឋ​នៅ​ឃុំ​ស្ដុកប្រវឹក ម្នាក់​ទៀត​ថ្លែង​ថា អាជ្ញាធរ​បាន​ប្រាប់​រូប​គាត់​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​វត្ត​ស្ដុកប្រវឹក ប៉ុន្តែ​រូប​គាត់​ជាប់​រវល់​មិន​បាន​ទៅ​ចូលរួម​នោះ​ទេ។ បើ​ទោះ​មិន​បាន​ទៅ​ចូលរួម​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​រូប​នេះ​អះអាង​ថា លោកស្រី​សោកស្ដាយ​ដែល​អាជ្ញាធរ​មិន​ប្រាប់​ការ​ពិត​ឲ្យ​ពួក​គាត់​បាន​ដឹង​ជា​មុន ថា​ជា​កម្មវិធី​វេទិកា​សាធារណៈ ដើម្បី​ឲ្យ​ពួក​គាត់​ត្រៀម​ខ្លួន​មិន​ឲ្យ​ខក​បំណង៖ «គេ​ឲ្យ​ខ្ញុំ​បើក​គោយន្ត​ទៅ​ចូលរួម​ក្នុង​កម្មវិធី គេ​នឹង​ចេញ​ថ្លៃ​ប្រេង​ឲ្យ ២​ម៉ឺន​រៀល តែ​ខ្ញុំ​ប្រាប់​ថា​មិន​បាន​ទៅ​ចូលរួម​ទេ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ស្ដុកប្រវឹក លោក អ៊ូ អៀង ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​ពិត​ជា​បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ចូលរួម​ប្រជុំ​ប្រាកដ​មែន។ លោក​អះអាង​ថា មូលហេតុ​ដែល​អាជ្ញាធរ​ធ្វើ​បែប​នេះ ដោយសារ​លោក​ទទួល​ដំណឹង​ថា ជា​កម្មវិធី​របស់​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​លោក​មិន​ចាំ​ថា​ឈ្មោះ​អង្គការ​អ្វី​នោះ​ទេ បាន​សំណូមពរ​សុំ​ឲ្យ​លោក​អញ្ជើញ​ប្រជាពលរដ្ឋ​ចូល​ប្រជុំ ដើម្បី​បញ្ចេញ​យោបល់​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​បាន​ចូលរួម​ភាគ​ច្រើន​ទទួល​ស្វាគមន៍​កញ្ញា ធី សុវណ្ណថា ដែល​ជា​វាគ្មិន​នៅ​ក្នុង​វេទិកា​នោះ៖ «បាទ! ទៅ​ប្រជុំ​វេទិកា​យុវជន។ វេទិកា​នោះ​គេ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​សួរ​ទាក់ទង​នឹង​ទង្វើ​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល ឬ​មាន​បញ្ហា​អី​ស្មុគស្មាញ ពួក​គាត់​ដាក់​សំណួរ​ទៅ​ខាង​អង្គការ គេ​នឹង​បកស្រាយ។ ហើយ​ប្រជាពលរដ្ឋ​បាន​ទះ​ដៃ​ស្វាគមន៍​ជាប់​ជានិច្ច»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការងារ​នេះ​អាជ្ញាធរ​ពិត​ជា​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​វេទិកា​នោះ​មែន គឺ​ជា​អំពើ​ខុស​ឆ្គង​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន ពីព្រោះ​លោក​បញ្ជាក់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​នយោបាយ​បាន​ឡើយ។ លោក​បន្ថែម​ថា ករណី​នេះ អាជ្ញាធរ​អាច​មាន​ទំនាក់ទំនង​ផ្នែក​នយោបាយ​ត្រូវរ៉ូវ​គ្នា​ជា​មុន​ជាមួយ​នឹង​អ្នក​រៀបចំ​វេទិកា​នោះ៖ «អ៊ីចឹង​យើង​សូម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ពាក់ព័ន្ធ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​នយោបាយ​នេះ ព្រោះ​កន្លង​ទៅ រដ្ឋាភិបាល​តែងតែ​ចោទ​ប្រកាន់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ជ្រក​ក្រោម​ស្លាក​អង្គការ តែ​ពី​ក្រោយ​គណបក្ស​នយោបាយ»។

នេះ​ជា​វេទិកា​លើក​ទី​១១ របស់​កញ្ញា ធី សុវណ្ណថា ដែល​បាន​រៀបចំ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស។ វេទិកា​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​បញ្ចប់​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ដដែល។ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ទទួល​បាន​ក្រមា​ម្នាក់​មួយ ទទួល​បាន​ការ​ពិនិត្យ​ជំងឺ និង​ថ្នាំ​ពេទ្យ​ភ្លាមៗ ក្រោយ​ពេល​គ្រូពេទ្យ​ពិនិត្យ​ដោយ​ឥត​គិត​ថ្លៃ៕

No comments: