A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ស្នើ​ឲ្យ​រដ្ឋាភិបាល​បំភ្លឺ​រឿង​ការងារ​បោះឆ្នោត

បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ស្នើ​ឲ្យ​រដ្ឋាភិបាល​បំភ្លឺ​រឿង​ការងារ​បោះឆ្នោត
ដោយ ប្រាជ្ញ ចេវ
2016-07-02

គណៈកម្មការ​ចំពោះ​កិច្ច ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
 RFA/Leng Maly


ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​នៅ​សប្ដាហ៍​ក្រោយ​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ការងារ​បោះឆ្នោត ខណៈ​គណបក្ស​នេះ​ចង់​ឃើញ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ព្រំដែន។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ ដោយ​រង់​ចាំពិនិត្យ​មើល​លិខិត​ជា​ផ្លូវការ​សិន។

​គោល​បំណង​នៃ​​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  ដោយ​គណបក្ស​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល និង គ.ជ.ប មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ពលរដ្ឋ​អាច​បោះឆ្នោត​បាន​ដោយ​ងាយស្រួល។ ជាង​នេះ​ទៅ​ទៀត គណបក្ស​នេះ​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​បោះឆ្នោត ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ព្រំដែន​បាន​មិន​ចាំបាច់​មក​ស្រុក​កំណើត។ តែ​ទោះ​យ៉ាង​ណា​ក្តី សំណើ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ គ.ជ.ប បដិសេធ។



​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ថា លិខិត​នេះ ក្រៅ​ពី​ចង់​ដឹង​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រឿង​ការងារ​បោះឆ្នោត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចង់​ដឹង​ពី​ទុក្ខ​លំបាក​របស់​រដ្ឋាភិបាល​ដែល​មិន​អាច​ឲ្យ​ពលរដ្ឋ​ក្រៅ​ប្រទេស​បោះឆ្នោត​បាន។ លោក​ថា ក្រៅ​ពី​ចង់​ដឹង​ពី​ការងារ​រដ្ឋាភិបាល គណបក្ស​ប្រឆាំង​ក៏​គ្រោង​​ចង់​បាន​ការ​ឆ្លើយ​បំភ្លឺ​ពី​ស្ថាប័ន​បោះឆ្នោត​ដែរ៖ «ពលរដ្ឋ​ចំណាក​ស្រុក​ដែល​ចំនួន​ច្រើន ដូចជា​នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​របស់​គាត់​ដើម្បី​ឲ្យ​គាត់​អាច​បោះ​ឆ្នោត​បង្កើត​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ព្រំដែន ហើយ​ដែល​អនុញ្ញាត​ឲ្យ​គាត់​មក​បោះ​ឆ្នោត​នៅ​ព្រំដែន​បាន ហើយ​ចាំ​បូក​សរុប​នៅ​ខេត្ត​ចុះ»។

​លោក សុន ឆ័យ ឲ្យ​ដឹង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ការ​ឆ្លើយ​បំភ្លឺ​នេះ តាម​រយៈ​លិខិត មិន​មែន​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​រដ្ឋសភា​ទេ។ បើ​តាម​លោក សុន ឆ័យ តាម​បែបបទ​រដ្ឋបាល ទោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ធ្វើ​ការ​នៅ​សភា ក៏​តំណាងរាស្ត្រ​គណបក្ស​នេះ អាច​ដាក់​លិខិតស្នើ​ទៅ​រដ្ឋាភិបាល​តាមរយៈ​រដ្ឋសភា​បាន​ដែរ។

បើ​តាម​គោលការណ៍ រដ្ឋ​សភា​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​បាន​រយៈពេល ៧​ថ្ងៃ រដ្ឋាភិបាល​ត្រូវ​មាន​ការ​ឆ្លើយ​តប​ត្រឡប់​ជា​ផ្លូវការ​មក​វិញ។

​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា លោក​រង់ចាំ​មើល​លិខិត​របស់​បក្ស​ប្រឆាំង​ដែល​ផ្ញើ​ចេញ​ទៅ​រដ្ឋ​សភា​ជា​ផ្លូវការ​សិន ថា​តើ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ការ​បំភ្លឺ​ពី​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋាភិបាល។

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា ការ​បោះ​ឆ្នោត​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ។ លោក​ប្រាប់​ដែរ​ថា រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ចំ​ពេល​រដូវ​ភ្ជុំបិណ្ឌ ដូច្នេះ​ពលរដ្ឋ​អាច​មក​លេង​ស្រុក​កំណើត​ផង និង​អាច​ចុះឈ្មោះ​បោះ​ឆ្នោត​ផង។ លោក​ថា ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា សំខាន់​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​បង​ប្អូន​ពលរដ្ឋ​ទេ បើ​សិន​បងប្អូន​ពុះពារ​មក​យើង​ស្វាគមន៍ ព្រោះ​យើង​ចង់​បើក​ទូលាយ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​នោះ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​បើ​បង​ប្អូន​ថា​មិន​បាច់​មក​ទេ ក៏​គ្មាន​អ្នក​ណា​បង្ខំ​បង​ប្អូន​ទេ»។

លោក សុខ ឥសាន បញ្ជាក់​ថា គ្មាន​ការ​ចរចា​ណា​មួយ​ធ្វើ​ឲ្យ​ការ​ការងារ​បោះឆ្នោត អាច​ដើរ​លើស​ធ្វើ​អ្វី​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​នោះ​ទេ។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ សព្វថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ជិត ៥០​ម៉ឺន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។

​ទាក់ទង​រឿង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ដែរ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ដោយសារ​បញ្ហា​បច្ចេកទេស គ.ជ.ប មិន​អាច​ចុះ​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​តាម​ព្រំដែន​បាន​ឡើយ។  ប៉ុន្តែ​លោក​ថា ប្រសិន​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​មាន​អាសយដ្ឋាន​នៅ​ទឹកដី​ព្រំដែន​ប្រទេស​កម្ពុជា ឬ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ព្រំដែន ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ពួកគេ​គឺ​អាច​បោះឆ្នោត៖ «បាទ! ឲ្យ​តែ​គាត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​អត្តសញ្ញាណប័ណ្ណ​មាន​ដាក់​អាសយដ្ឋាន ហើយ​អាសយដ្ឋាន​នោះ​ខុស​ពី​កន្លែង​គាត់​រស់​នៅ​គ្រាន់​តែ​គាត់​សុំ​នៅ​សាលា​ ឃុំ​ដើម្បី​បញ្ជាក់​ទីលំនៅ ឬ​ទី​សំណាក់​របស់​គាត់ ទោះ​ជា​គាត់​រស់​នៅ​មួយ​ថ្ងៃ ឬ​មួយ​ខែ​ក៏ដោយ ហើយ​ឃុំ​មើល​ទៅ​ឃើញ​ថា គាត់​ពិត​ជា​មក​ស្នាក់​នៅ​ដើម្បី​ធ្វើ​ការ ឬ​ប្រកប​មុខ​របរ គឺ​ថា គាត់​មាន​ឱកាស​ចុះ​ឈ្មោះ​បាន​ហើយ»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចាប់​ផ្ដើម​ចុះឈ្មោះ​ឆ្នោត​រយៈពេល​បី​ខែ ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា។ ដំណើរការ​នេះ គ.ជ.ប បាន​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា គ្រោង​ជ្រើសរើស​សមាជិក គ.ជ.ប ថ្នាក់​ឃុំ​សង្កាត់ ហើយ​ស្ថាប័ន​បោះឆ្នោត​កំពុង​រៀបចំ​កន្លែង​រៀបចំ​ដាក់​ឧបករណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ២.៤០០​គ្រឿង​ពី​សហភាព​អឺរ៉ុប។

​កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​មាន​សមាសភាព​គណបក្ស​ទាំង​ពីរ​ចូល​រួម​ជជែក​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះឆ្នោត​នៅ​ព្រំដែន​បាន៕

No comments: