A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 June 2016

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​លោក កឹម សុខា


Manekseka Sangkum: This constant threat of arrest of Sokha issuing from Hun Sen alone betrays his words and pretensions to the contrary over the supposed independence of the courts and the judiciary.


>>>

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​លោក កឹម សុខា
ដោយ ទីន ហ្សាការីយ៉ា
2016-06-29  

កឹម សុខា សូត្រមន្ត ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


នៅ​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​នាំ​គ្នា​ទៅ​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បែរ​ជា​មេដឹកនាំ​គណបក្ស​កាន់​អំណាច​បញ្ចេញ​ប្រតិកម្ម និង​បាន​ព្រមាន​ចាប់​ខ្លួន​លោក កឹម សុខា ដែល​កំពុង​លាក់​ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​ទៅ​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​លោក កឹម សុខា ជា​លើក​ដំបូង​ក្រោយ​ពេល​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​រយៈពេល​ជាង ១​ខែ​មក​នេះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​ទី​៦៥ នៃ​ថ្ងៃ​បង្កើត​ស្ថាប័ន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដោយ​មិន​បញ្ជាក់​ចំ​ឈ្មោះ​ក្ដី ប៉ុន្តែ​គេ​ដឹង​ថា លោក​ចង់​សំដៅ​ទៅ​លោក កឹម សុខា ថា បើ​រដ្ឋាភិបាល​ចង់​ចាប់​លោក កឹម សុខា ពេល​ណា​ក៏​បាន គ្រាន់តែ​មិន​ទាន់​ដល់​ម៉ោង​ចាប់ ទោះ​បី​ជា​មាន​កម្លាំង​ទប់ស្កាត់​ប៉ុន្មាន​នាក់​ក៏​មិន​ឈ្នះ​ដែរ៖ «ខ្ញុំ​សូម​ផ្ដាំ​ណា! ខ្ញុំ​មើល រ៉យទ័រ សម្ភាស​ថា លោក ហ៊ុន សែន ភ័យ ណែ! អា​អ្នក​នៅ​ក្នុង​កន្លែង ៤​ជ្រុង ចេញ​មក មិន​ទាន់​ដល់​ម៉ោង​ទេ! លោក​ឯង​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់​ឆ្នោត តែ​លោក​ឯង​ជាប់​គុក​គ្មាន​ថ្ងៃ​ចេញ​ទេ អញ​ប្រាប់ អា​គុក កុំ​ព្រហើន​ណា!»។



ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ នៅ​បន្ទាប់​ពី​លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ទើប​លោក​នាយករដ្ឋមន្ត្រី​ប្រើ​យុទ្ធសាស្ត្រ​ធ្វើ​បាប​មេដឹកនាំ​បក្ស​ប្រឆាំង។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ លើក​ឡើង​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ស្ដាប់​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​ជា​ប្រសាសន៍​អំពី​ការ​ស្វែង​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កំពុងតែ​ជួប​ការ​លំបាក​សព្វថ្ងៃ​នេះ មិនមែន​និយាយ​ពី​ការ​ចាប់ចង​នោះ​ទេ៖ «យើង​ដឹង​ហើយ​នាយករដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​ច្រើន​ណាស់​ពាក់ព័ន្ធ​គណបក្ស​សង្រ្គោះជាតិ តែ​យើង​យល់​ថា នេះ​ជា​ការ​ខឹងសម្បា​របស់​លោក​តែ ម្ដងម្កាល​ទេ។ យើង​ចង់​ដឹង​ប្រសាសន៍​នាយករដ្ឋមន្ត្រី​ពាក់ព័ន្ធ​បញ្ហា​អត់​ការងារ​ធ្វើ និង​បញ្ហា​ដីធ្លី​អី»។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន តែងតែ​ថ្លែង​ប្រាប់​ទៅ​អង្គទូត និង​សហគមន៍​អន្តរជាតិ​ជា​ហូរហែ​ថា ករណី​លោក កឹម សុខា ជា​រឿង​បុគ្គល មិនមែន​ជា​រឿង​នយោបាយ​អ្វី​ទេ។ ក៏ប៉ុន្តែ​ទោះបី​ជា​មាន​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ​ក្ដី តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង ព្រមទាំង​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព។

សភា​សហភាព​អឺរ៉ុប​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​ត្រូវ​ធានា​ថា ពួកគេ​បំពេញ​ការងារ​ដោយ​សេរី គ្មាន​ការ​បំភិតបំភ័យ ការ​ចាប់​ខ្លួន ឬ​ការ​ធ្វើ​បាប​នោះ​ឡើយ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ពន្យល់​ថា បើសិនជា​ករណី​លោក កឹម សុខា ជា​រឿង​ព្រហ្មទណ្ឌ​មែន​នោះ មិន​ចាំបាច់​នាយករដ្ឋមន្ត្រី​ព្រមាន​ចាប់​ខ្លួន​នោះ​ឡើយ គឺ​យន្តការ​ច្បាប់​មាន​ស្រាប់​ដែល​ព្រះរាជអាជ្ញា​ចេញ​ដីកា​ចាប់​ខ្លួន​បាន​គ្រប់​ពេល។ ក៏ប៉ុន្តែ​សំណួរ​សួរ​ថា តើ​តុលាការ​កម្ពុជា ជា​តុលាការ​ឯករាជ្យ​ហើយ​ឬ​នៅ?

លោក កែម ឡី បាន​លើក​ឧទាហរណ៍​ករណី​លោក ប៊ន សំណាង និង សុខ សំអឿន ដែល​ត្រូវ​បាន​តុលាការ​ចាប់​ដាក់គុក​រាប់​ឆ្នាំ​ពី​ករណី​សម្លាប់​ប្រធាន​សហជីព​លោក ជា វិជ្ជា តែ​ចុង​ក្រោយ​អ្នក​ទាំង​ពីរ​ជា​ឃាតក​សិប្បនិម្មិត ហើយ​ដោះលែង​វិញ ដោយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​នោះ​ឡើយ៖ «ការ​គំរាមកំហែង​ខាង​ផ្នែក​នយោបាយ​វា​ធ្ងន់ធ្ងរ ហើយ​វា​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​នយោបាយ​គ្មាន​តម្លាភាព»។

ក្រៅ​ពី​ព្រមាន​ចាប់​ខ្លួន​លោក កឹម សុខា នោះ លោក ហ៊ុន សែន ក៏​ព្រមាន​ទៅ​ដល់​ប្រទេស​ជា​ម្ចាស់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិសេស​ប្រទេស​ជប៉ុន មិន​ឲ្យ​ដាក់​គំនាប​រដ្ឋាភិបាល​លើ​ដំណើរ​ការ​បោះឆ្នោត​ឡើយ៖ «កម្ពុជា ហ៊ាន​ស៊ី​ហ៊ាន​សង ហើយ​សូម​ជម្រាប ប្រទេស​ដែល​ផ្ដល់​ជំនួយ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត កុំ​គំរាម​ថា រឿង​នេះ​មិន​អាច​ចុះ​ឈ្មោះ​បាន វា​មិន​ដែល​អា​ណា​បង្កើត​រឿង​ស្រី​ញី រឿង​សូក​សាក្សី ហើយ​ថា រឿង​នេះ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត វា​មិន​ដែល​រឿង​នេះ គឺ​មិន​ជួយ​ទេ​ហី (អត់​ទៅ)»។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ទាំង​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​អាច​ព្រមាន​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ​បញ្ឈប់​ដាក់​គំនាប​មក​លើ​ខ្លួន​បាន​ឡើយ ពីព្រោះ​ថា កម្ពុជា បាន​ជាប់​កាតព្វកិច្ច​ជាមួយ​បរទេស គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​នោះ ក៏​ដូច​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ដែរ ដែល​ចង់​បាន​រដ្ឋាភិបាល​ស្របច្បាប់ និង​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

ទោះបីជា​រដ្ឋាភិបាល​ព្រមាន​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា ក្ដី តែ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ និង​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ គឺ​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤៕ ​

1 comment:

Anonymous said...

ឆ្កែម្តងនេះវាដូចឃើញព្រុសយូម្លេះ ហេតុអ្វីបានដូច្នេះ? បែបខ្លាចអាចន៍ខ្លាហើយមើលទៅ។