A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 June 2016

សិល្បការិនី​ខ្មែរ​ ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​រួម​គ្នា​នៅ​ក្រុង​ញូយ៉ក


28 មិថុនា 2016
ហឿន សុភ័ក្រ្ត


ពិព័រណ៍​​«ការ​រួម​បញ្ចូល​គ្នា៖ សិល្បការិនី​​ក្នុង​ចំណោម​អ្នក​ភៀស​ខ្លួន​មក​នៅ​បរទេស»​ដាក់​បង្ហាញ​​នៅ​ក្រុង​ញូយ៉ក ពី​ថ្ងៃ​ទី​១០-៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ (Courtesy photo៖ InCube Arts)
ពិព័រណ៍​​«ការ​រួម​បញ្ចូល​គ្នា៖ សិល្បការិនី​​ក្នុង​ចំណោម​អ្នក​ភៀស​ខ្លួន​មក​នៅ​បរទេស»​ដាក់​បង្ហាញ​​នៅ​ក្រុង​ញូយ៉ក ពី​ថ្ងៃ​ទី​១០-៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ (Courtesy photo៖ InCube Arts)



សិល្ប​ការិនី​ខ្មែរ​​ភៀស​ខ្លួន​​​៣​នាក់ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​រួម​គ្នា​នៅនៅ​ក្នុង​វិចិត្រសាល​មួយ​ឈ្មោះ​ inCube Arts ក្នុង​ក្រុង​ញូយ៉ក​ ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នេះ។


វ៉ាស៊ីនតោន —

សិល្ប​ការិនី៣​នាក់ គឺ​អ្នក​ស្រី​ អានីដា យឺ​អាលី (Anida Yoeu Ali) អ្នក​ស្រី​ លីនដា សាភ័ណ (LinDa Saphan) និង អ្នក​នាង អេមី លីសែនហ្វឺត (Amy Lee Sanford​) បាន​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​រួម​គ្នា​នៅ​ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​រួម​បញ្ចូល​គ្នា៖ សិល្ប​ការិនី​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ដែល​ភៀស​ខ្លួន​មក​នៅ​បរទេស ឬ​ហៅកាត់​ថា Interlace ដែល​រៀប​ចំ​ឡើង​ដោយ​គទានុរក្ស(អ្នក​រៀបចំ​ពិព័រណ៍​សិល្បៈ)​ ជនជាតិ​អ៊ីតាលីម្នាក់ គឺ​អ្នក​នាង Lerodana Pazzini-Paracciani។

ពិព័រណ៍​សិល្បៈ​នេះ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​វិចិត្រសាល​មួយ​ឈ្មោះ​ inCube Arts ក្នុង​ក្រុង​ញូយ៉ក​ ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នេះ។

អ្នក​រៀបចំ​ពិព័រណ៍​សិល្បៈ​នេះ​គឺ​អ្នកនាង Lerodana ​បាន​និយាយ​ថា អ្នក​នាងចាប់​ចិត្ត​នឹង​វិធីសាស្ត្រ​ដែល​សិល្ប​ការិនី​នីមួយៗ​ប្រើ​ក្នុង​ការ​រៀប​រាប់​សាច់​រឿង​ និង​បទពិសោធន៍​ផ្ទាល់​ខ្លួននៃ​ការ​ភៀស​ខ្លួន​ពី​ប្រទេស​កំណើត​ដោយ​សារ​តែ​របប​ប្រល័យ​ពូជសាសន៍ និង​ការ​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​បរទេស។

អ្នក​នាង Lerodana បន្តថា៖ «ពួក​គេ​ពិត​ជា​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ឲ្យ​យើង​បាន​ដឹង ដែល​ខ្ញុំ​ពិត​ជា​អរគុណ ហើយ​និង​មាន​កិត្តិយស​ណាស់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើ​ភាសា​មួយ​ដែល​អន្តរជាតិ​អាច​យល់​បាន។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពិព័រណ៍​នេះ​ទទួល​បាន​ជោគ​ជ័យ»។



ពលរដ្ឋ​ខ្មែរ​ ដែល​បាន​ភៀស​ខ្លួន ឬ​កើត​ក្នុង​គ្រួសារ​ដែល​បាន​ភៀសខ្លួន​ពី​សង្គ្រាមមក​រស់​នៅ​សហរដ្ឋ​អាមេរិក​នេះ មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ខ្លួនឯង​ឲ្យ​ពិតប្រាកដ ដោយសារ​តែ​ភាព​ខុសគ្នា​ខាង​វប្បធម៌​និង​របៀប​របប​រស់នៅ​នៅ​ក្នុង​ប្រទេស​កំណើត​និង​ទឹកដី​ថ្មី​របស់​ពួកគេ។​

អ្នក​រៀបចំ​ពិព័រណ៍​សិល្បៈ ​Interlace លើក​ឡើង​ថា ស្នាដៃ​របស់សិល្ប​ការិនី​ទាំង​៣នាក់ ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ ​គឺ ការ​ស្វែង​រក​អត្តសញ្ញាណ​ និង​វិធី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​រវាង​អតីតកាល និង​បច្ចុប្បន្នភាពរបស់​ខ្លួន និង​ភាព​កាត់​ក្លាយ​ទាំង​ខាង​ផ្នែក​វប្បធម៌ និង​សាសនា។

ស្នាដៃ​មួយ​នៅ​ឯ​ពិព័រណ៍​នោះ​គឺ​រូប​ផ្គុំ ​ដោយ​អ្នក​នាង Amy ដែល​ផ្គុំ​ឡើង​ពី​បំណែក​ក្អម​ខ្មែរ​ចំនួន​១៧​ដែល​អ្នក​នាង​បាន​បំបែក​ ហើយ​ផ្គុំ​ឡើង​វិញ​ហើយ​ស្នាដៃ​នេះ​មាន​ឈ្មោះ​ថា Full Circle។

ស្នាដៃ​ឈ្មោ«Full Circle» ដោយ​អ្នក​នាង Amy Lee Sanford មាន​រាង​កោង ធ្វើ​ពី​ដី​ឥដ្ឋ កាវ ខ្សែ ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៦។ (Courtesy photo/Amy Lee Sanford និង Incube Arts)
ស្នាដៃ​ឈ្មោ«Full Circle» ដោយ​អ្នក​នាង Amy Lee Sanford មាន​រាង​កោង ធ្វើ​ពី​ដី​ឥដ្ឋ កាវ ខ្សែ ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៦។ (Courtesy photo/Amy Lee Sanford និង Incube Arts)


អ្នក​នាង Amy ពន្យល់​ថា «ស្នាដៃ​នេះ​បង្ហាញ​អំពី​អ្វី​មួយ​ដែល​អាច​ប្រែប្រួល​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ហើយ​វា​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខំ​ប្រឹង​ប្រែង កម្លាំង​ថាមពល និង​ការ​ផ្ចិត​ផ្ចង់​ដែល​យើង​ត្រូវ​ការ​ដើម្បី​ផ្គុំ​វា​ឡើង​វិញ»។

អ្នក​នាង Amy បន្ត​ថា «នេះ​គឺ​ជា​និមិត្ត​រូប​សម្រាប់​ដំណើរ​ជីវិត​របស់​បុគ្គល​ម្នាក់ សង្គម​មួយ ប្រទេស​មួយ ស្ថាន​ភាព​មួយ​ដែល​មាន​រឿងរ៉ាវធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​មួយ​ប៉ប្រិច​ភ្នែក តែ​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ស្រោច​ស្រង់​មក​វិញ»។

ស្នាដៃ​របស់​អ្នក​ស្រី លីនដា សាភ័ណ ​មាន​ឈ្មោះ​ថា Back Home ក៏​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ពិព័រណ៍ Interlace​ ផង​ដែរ។ ស្នាដៃ​នេះ​ ពណ៌នា​អំពី​បទពិសោធន៍​ក្នុង​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ការ​ចោទ​សួរថា​តើ​អ្វី​ទៅ​ដែល​ហៅ​ថា «ផ្ទះ» ហើយ​និង​ការ​ស្វែង​រក​អត្តសញ្ញាណ​ខ្លួន​ឯង។

ស្នាដៃ «Back Home» ដោយ​អ្នក​ស្រី LinDa Saphan ជា​រូប​គំនូរ​ធ្វើ​ពី​ក្រដាស ក្រណាត់ ដេរ​ភ្ជាប់​គ្នា​ទំហំ ៣០ x ៣០​សង់​ទី​ម៉ែត។ (Courtesy photo៖ Linda Saphan និង InCube Arts)
ស្នាដៃ «Back Home» ដោយ​អ្នក​ស្រី LinDa Saphan ជា​រូប​គំនូរ​ធ្វើ​ពី​ក្រដាស ក្រណាត់ ដេរ​ភ្ជាប់​គ្នា​ទំហំ ៣០ x ៣០​សង់​ទី​ម៉ែត។ (Courtesy photo៖ Linda Saphan និង InCube Arts)

«ខ្ញុំ​មើល​ទៅ​មិន​ដូច​ជា​ខ្មែរ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​ជនជាតិ​កាណាដា ហើយ​ក៏​មិន​មែន​ជា​ជនជាតិ​បារាំង។ ដូច្នេះ វា​មាន​អារម្មណ៍​ថា​ដូច​ជា​ពលរដ្ឋ​របស់ពិភព​លោក​ច្រើន​ជាង»។

អ្នក​ស្រី​ លីនដា​ បន្ថែម​ថា៖ «ការ​តាំង​ពិព័រណ៍​សិល្បៈ​នេះ ពិត​ជា​បង្ហាញ​ពី​គំនិត​ដែល​ថា​ជន​ជាតិ​ខ្មែរ ឆ្លង​កាត់​ការ​លំបាក​ស្មុគស្មាញ​ណាស់ ហើយ​គ្មាន​ការ​ពិពណ៌នា​ ឬ​សំណៅ​ណាមួយ​ដែល​អាចតំណាង​ឲ្យ​រឿង​រ៉ាវ​ទាំងអស់​នោះ​បាន​ទេ»។

អ្នក​នាង Loredana អ្នក​រៀបចំ​ពិព័រណ៍​សិល្បៈ​ Interlace និយាយ​ថា ពិព័រណ៍​នេះ​ពិត​ជា​លើស​ពី​អ្វី​ដែល​អ្នក​នាង​រំពឹង​ទុក ​ហើយ​វា​គួរ​ឲ្យ​រំជួល​ចិត្ត​ដែល​ទស្សនិកជន​ពេញ​ចិត្ត​ជា​ខ្លាំង៕

No comments: