A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 June 2016

សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​អភិរក្ស​ដោយ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ



សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​អភិរក្ស​ដោយ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ
ដោយ ម៉ែន សុធីរ
2016-06-14

សត្វ​អង្កត់​ខ្មៅ សៀមប៉ាង ២០១៦ ៨៥៥
សត្វ​អង្កត់​ខ្មៅ​ដែល​កំពុង​កាច់​សម្បុក​នៅ​តំបន់​អភិរក្ស​សៀមប៉ាង​ខាង​លិច ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦។ Photo BirdLife International
 Photo BirdLife International


សត្វ​ចតុប្បាទ​ព្រៃ និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​រាប់​រយ​ប្រភេទ បច្ចុប្បន្ន​មាន​វត្តមាន​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​អភិរក្ស​ដោយ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (BirdLife International) ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ អង្គការ​នេះ​កំពុង​ស្រាវជ្រាវ​ពី​យុទ្ធសាស្ត្រ​សំខាន់ៗ​បន្ថែម​ទៀត ដើម្បី​ធានា​និរន្តរភាព​សត្វ​ព្រៃ​ទាំង​នោះ បន្ទាប់​ពី​មាន​បាតុភាព​គ្រោះ​រាំង​ស្ងួត សកម្មភាព​មនុស្ស និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ប្រព័ន្ធ​កន្លង​ទៅ ជា​ឧបសគ្គ​ចម្បង​យាយី​ដល់​ជម្រក​សត្វ​ព្រៃ​ទាំង​នោះ។

អ្នក​អភិរក្ស​ផ្នែក​បរិស្ថាន​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ខេត្ត​ស្ទឹងត្រែង រក​ឃើញ​ថា វត្តមាន​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​សហគមន៍ មាន​ជាអាទិ៍ រក្សា​បាន​តុល្យភាព​ធនធាន​ធម្មជាតិ បម្រើ​វិស័យ​ទេសចរណ៍ ការ​ប្រមូល​អនុផល​ព្រៃ​ឈើ ទប់ស្កាត់​ជំងឺ​អាសន្នរោគ និង​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ ជាដើម។

អង្គការ​នេះ​កំពុង​ស្រាវជ្រាវ​ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​រំពឹង​ថា​អាច​រក​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​បង្កើន​ជីវភាព​សហគមន៍​ជំនួស​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​កាប់​ព្រៃ​រាន​យក​ដី និង​ទប់ស្កាត់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។



ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (BirdLife International) លោក ប៊ូ វីរសក្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា ដើម្បី​អភិរក្ស​សត្វ​ព្រៃ​ទាំង​នោះ​ឲ្យ​គង់វង្ស ចាំបាច់​ត្រូវ​ការពារ​ទីជម្រក​របស់​វា ដូចជា​ព្រៃ​ឈើ ជាដើម។ លោក​ថា តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច​មាន​លក្ខណៈ​ពិសេស ដែល​ទ្រទ្រង់​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ៥​ប្រភេទ ដូចជា​សត្វ​ត្រយង​ចង្កំ​ក​ស ត្រយង​យក្ស ត្មាត​ប្រផេះ ត្មាត​ភ្លើង និង​ត្មាត​ត្នោត ជាដើម។ លោក​ថា សត្វ​ត្រយង​ចង្កំ​ក​ស មាន​វត្តមាន​លើ​ពិភពលោក​ប្រហែល ១.១០០​ក្បាល ហើយ​មាន​នៅ​ស្រុក​សៀមប៉ាង ជាង ៥០០​ក្បាល។ ចំណែក​ត្រយង​យក្ស​មាន​ចំនួន ២៥០​ក្បាល​នៅ​លើ​ពិភពលោក មាន​វត្តមាន​នៅ​ស្រុក​សៀមប៉ាង ជាង ៥០​ក្បាល។

លោក​បន្ត​ថា មក​ទល់​ពេល​នេះ សម្បុក​សត្វ​ស្លាប​ទាំង​នោះ​មាន​ជាង ២០​សម្បុក ដែល​អង្គការ​លោក​បាន​ចំណាយ​ថវិកា​ជួល​អ្នក​យាម​សម្បុក​អស់​ជិត ៤០​លាន​រៀល ឬ​ស្មើ ១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​រដូវ ហើយ​ការ​ចំណាយ​ទាំង​នោះ ត្រូវ​បាន​ដល់​ដៃ​សហគមន៍៖ «ចេញ​ការងារ​អភិរក្ស​យើង​អាច​ជួយ​ដល់​បង្កើន​ការពារ​ព្រៃ​ឈើ ជួយ​បង្កើន​ជីវភាព​របស់​សហគមន៍ ហើយ​និង​ពិនិត្យ​មើល​លទ្ធភាព​បន្ត​ទៀត ដោយសារ​តំបន់​ហ្នឹង​មាន​ភាព​ពិសេស​ចឹង។ យើង​អាច​យក​ភាព​ពិសេស​ទាក់ទាញ​ទេសចរ​ឲ្យ​គាត់​មក​លេង ហើយ​ចំណាយ»។

អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក លួន ប៊ុនប៉េង ឲ្យ​ដឹង​ថា អង្គការ​លោក​បាន​ផ្តល់​ចំណី​ជា​ប្រចាំ​ដល់​សត្វ​ត្មាត​ទាំង​នោះ​មួយ​ខែ​ពីរ​ដង ពេល​ផ្ដល់​ចំណី​ម្តងៗ គឺ​គោ ឬ​ក្របី ១​ក្បាល។ លោក​បារម្ភ​ថា សហគមន៍​មូលដ្ឋាន​ពុំ​សូវ​យល់​ដឹង​ពី​អត្ថប្រយោជន៍​សត្វ​ព្រៃ​ទាំង​នោះ​ទេ។ អ្នក​ភូមិ​ខ្លះ​បរបាញ់ ហើយ​ដាក់​ថ្នាំ​បំពុល​ក្នុង​ត្រពាំង និង​ខ្លះ​កម្ទេច​សម្បុក​វា ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សត្វ​កម្រ​ទាំង​នោះ។ ដូច្នេះ អង្គការ​លោក​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​អាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ បាន​ចុះ​ល្បាត និង​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​សត្វ​ព្រៃ​ទាំង​នោះ​ជា​ប្រចាំ៖ «នៅ​តំបន់​យើង​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​បាត់បង់​ព្រៃ​ឈើ​ច្រើន​ដែរ ដោយសារ​តែ​ទាក់ទង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចឹង។ ប្រភេទ​សត្វ​ព្រៃ​ភាគ​តិច​វា​អាច​ទៅ​តំបន់​គេ។ បាន​អង្គការ BirdLife អាច​ទប់ស្កាត់​បាន​មួយ​ចំនួន នៅ​សល់​សត្វ​ច្រើន​ដែរ ដើម្បី​អភិរក្ស​រាល់​ថ្ងៃ។ បើ​ពុំ​មាន​អង្គការ​នេះ​ទេ បាត់បង់​ទាំង​ព្រៃ​ឈើ បាត់បង់​ទាំង​សត្វ​ស្លាប​សត្វ​ព្រៃ​បាត់បង់​ច្រើន»។

មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សៀមប៉ាង លោក ជា វីរៈ កត់​សម្គាល់​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​មាន​កម្រិត មន្ត្រី​ជំនាញ​មិន​អាច​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​បាន​ពេញលេញ​នោះ​ទេ ទាក់ទិន​បទល្មើស​សត្វ​ព្រៃ និង​កាប់​ព្រៃ។ លោក​បារម្ភ​ថា អំឡុង​ពេល​គ្រោះ​រាំង​ស្ងួត​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ​២០១៦ សត្វ​កម្រ​ដូចជា​ប្រើស រមាំង និង​ឈ្លូស​មួយ​ចំនួន​ងាប់​ដោយសារ​ខ្វះ​ចំណី និង​ខ្វះ​ទឹក។ ក្រុម​ការងារ​លោក​កំពុង​រក​មធ្យោបាយ​ស្ដារ​ត្រពាំង​បន្ថែម​នៅ​តំបន់​សំខាន់ៗ ដើម្បី​ធានា​តម្រូវ​ការ​ប្រើប្រាស់​ទឹក​ដល់​សត្វ​ព្រៃ​ទាំង​នោះ​នា​រដូវ​ប្រាំង​ឆ្នាំ​ក្រោយៗ។ លោក​បារម្ភ​ទៀត​ថា តំបន់​អភិរក្ស​នោះ​ក៏​ប្រឈម​ការ​ដណ្ដើម​ដី​គ្នា​ជា​សម្បត្តិ​ឯកជន​ពី​សំណាក់​ពលរដ្ឋ​មូលដ្ឋាន និង​ឈ្មួញ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិរក្ស​សត្វ​កម្រ​ទាំង​នោះ៖ «ដូចជា​កូន​ក្មេង​ក្រោម​អាយុ​ជន​ល្មើស គាត់​ថា​ឃើញ​វា​រត់​អត់​រួច ដើរ​ពីងពាំង បាន​ន័យ​ថា សត្វ​នេះ​អត់​ទឹក​ផឹក​កាល​ពី​ថ្ងៃ​មុន។ ចឹង​វា​ដាច់​ទឹក ប្រជាជន​ទៅ​ឃើញ​វា​អស់​កម្លាំង​ដួល​បាត់​ហើយ។ ពីរ​ខែ​មុន គឺ​វា​ដាច់​ទឹក​ក្នុង​តំបន់​រស់នៅ​ហ្នឹង​មែន»។

របាយការណ៍​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥ មន្ត្រី​ជំនាញ​បាន​រឹប​អូស​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ីន័រ​ជាង ២០០​គ្រឿង ហើយ​ឆ្នាំ​២០១៦ ជាង ១០​គ្រឿង រឹប​អូស​កាំភ្លើង​កែច្នៃ​បាញ់​សត្វ​ព្រៃ​ជាង ១០​ដើម និង​រឹប​អូស​អន្ទាក់​បាន ៦០០​ខ្សែ។ ចំណែក​សាច់​សត្វ​ព្រៃ មន្ត្រី​ជំនាញ​រឹប​អូស​បាន ៨០០​គីឡូក្រាម ហើយ​សត្វ​រស់​បាន​ចំនួន​ជាង ៨០​ក្បាល ក្នុង​នោះ​មាន​សត្វ​ស្លាប និង​អណ្ដើក ជាដើម។ បន្ទាប់​ពី​រឹប​អូស​បាន មន្ត្រី​ជំនាញ​លែង​សត្វ​នោះ​ចូល​ក្នុង​ព្រៃ​វិញ។ ចំណែក​ជន​ល្មើស អាជ្ញាធរ​បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់។

មន្ត្រី​ជំនាញ​បរិស្ថាន​រក​ឃើញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មភាព​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​នៅ​ខេត្ត​ស្ទឹងត្រែង បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ​សត្វ​ព្រៃ​ទាំង​នៅ​តំបន់​នោះ និង​នៅ​តំបន់​ផ្សេង​ទៀត បណ្ដាល​ឲ្យ​សត្វ​កម្រ​មួយ​ចំនួន ដូចជា ខ្ទីង ប្រើស រមាំង ឈ្លូស និង​ទន្សង ជាដើម បាន​បន្លាស់​ទី​ទៅ​រស់នៅ​តំបន់​ព្រៃ​អភិរក្ស ហ្សេ ពាន (Xe Pian) ប្រទេស​ឡាវ និង​មួយ​ចំនួន​ទៀត ច្រាល​ទៅ​រស់នៅ​តំបន់​ឧទ្យាន​ជាតិ​អភិរក្ស ជឺ ម៉ម រ៉ាយ (Chư Mom Ray) ប្រទេស​វៀតណាម។

អ្នក​ជំនាញ​បរិស្ថាន​រក​ឃើញ​ថា សត្វ​ត្មាត​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​សម្អាត​បរិយាកាស​កើត​ចេញ​ពី​សាកសព។ សត្វ​ត្មាត​អាច​ឈ្នះ​ជំងឺ​អាសន្នរោគ​ដែល​កើត​ចេញ​ពី​សាកសព ខណៈ​ចំពុះ​សត្វ​ត្មាត​ផ្ទុក​មេរោគ​រាប់​រយ​ប្រភេទ។ មេរោគ​ទាំង​នោះ​មិន​អាច​ធ្វើ​ឲ្យ​សត្វ​នេះ​ងាប់​បាន​ឡើយ។ ប្រសិន​បើ​មាន​សាកសព​ងាប់​ក្នុង​ព្រៃ ឬ​នៅ​តំបន់​ផ្សេងៗ​ដែល​ពុំ​មាន​វត្តមាន​សត្វ​ត្មាត​ស៊ី​សាកសព​ទេ សាកសព​នោះ​នឹង​ហើរ​សាយភាយ​ទៅ​បរិយាកាស អាច​បង្កើត​អាសន្នរោគ​ផ្សេងៗ អាច​ងាយ​នឹង​ឆ្លង​ដល់​មនុស្ស។ សត្វ​ត្មាត​អាច​ហើរ​បាន​កម្ពស់​ចាប់​ពី ១​គីឡូម៉ែត្រ​ឡើង​ដល់ ៥​គីឡូម៉ែត្រ។ សត្វ​នេះ​មាន​ភ្នែក​មុត អាច​មើល​បាន​ឆ្ងាយ​ជាង​ភ្នែក​របស់​មនុស្ស ៦០០​ដង។

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា បាន​កំណត់​តំបន់​ព្រៃ​ការពារ​សៀមប៉ាង​ខាង​លិច គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ​លើ​ផ្ទៃ​ដី​ជាង ១០​ម៉ឺន​ហិកតារ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ។ តំបន់​អភិរក្ស​នោះ មាន​ព្រំប្រទល់​ជាប់​នឹង​តំបន់​ឧទ្យាន ហ្សេ ពាន (Xe Pian) ប្រទេស​ឡាវ និង​ជាប់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​រតនគិរី និង​ភ្ជាប់​តំបន់​ឧទ្យាន​ជាតិ ជឺ ម៉ម រ៉ាយ (Chư Mom Ray) ប្រទេស​វៀតណាម។ បណ្ដាញ​អភិរក្ស​តំបន់​ទាំង​បី​នោះ​មាន​ផ្ទៃ​ដី​ជាង ៧​សែន​ហិកតារ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ បាន​ធ្វើ​ជំរឿន​សត្វ​ត្មាត​នៅ​ទូទាំង​ប្រទេស។ ក្នុង​ជំនឿន​នោះ អង្គការ​នេះ​ប្រទះ​ឃើញ​សត្វ​ត្មាត​ចុះ​ស៊ី​ចំណី​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ខាង​លិច ៤១​ក្បាល ក្នុង​នោះ​មាន​ត្មាត​ប្រផេះ ២៧​ក្បាល ត្មាត​ភ្លើង ៥​ក្បាល ត្មាត​ត្នោត ៩​ក្បាល។ បើ​ធៀប​ឆ្នាំ​២០១៥ ធ្លាក់​ចុះ ក៏ប៉ុន្តែ​តួលេខ​នេះ​មិន​អាច​ប្រាកដ​ថា​ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ​នោះ​ទេ ដោយសារ​សត្វ​ត្មាត​មួយ​ចំនួន​បាន​ចាំ​សម្បុក និង​រក​ចំណី​នៅ​តំបន់​ផ្សេងៗ​ទៀត ខណៈ​សត្វ​ពាហនៈ​អ្នក​ស្រុក​សៀមប៉ាង ងាប់​រាប់​រយ​ក្បាល​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា។

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (BirdLife International) បាន​ចុះ​សិក្សា​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ​២០០៣ និង​បាន​គ្រប់គ្រង​ដី​ព្រៃ​ឈើ​ចំនួន​ជាង ១៣​ម៉ឺន​ហិកតារ ឋិត​នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ ក្នុង​ស្រុក​សៀមប៉ាង ដែល​មាន​ប្រភេទ​សត្វ​ស្លាប​ជាង ៣០០​ប្រភេទ និង​មាន​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​មាន ៥​ប្រភេទ ដូចជា ត្មាត​ភ្លើង ត្មាត​ប្រផេះ ត្មាត​ត្នោត សត្វ​ត្រយង​ចង្កំ​ក​ស និង​សត្វ​ត្រយង​យក្ស ជាដើម។

ក្រៅ​ពី​សត្វ​ស្លាប អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ នៅ​មិន​ទាន់​កំណត់​តួលេខ​ជាក់លាក់​ពី​ចំនួន​សត្វ​ចតុប្បាទ​ព្រៃ​បាន​ទេ បន្ទាប់​ពី​ក្រុម​ល្បាត​បាន​បង្កប់​កាមេរ៉ា​ប្រទះ​ឃើញ​សត្វ​រមាំង ឈ្លូស ខ្ទីង ប្រើស ទន្សោង ខ្លា​ឃ្មុំ និង​ឆ្កែ​ព្រៃ ជាដើម កំពុង​មាន​វត្តមាន​នៅ​តំបន់​នោះ៕

No comments: