A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 May 2016

"អ្នក​ចង់​ចូល​រួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​តាម​អ៊ីនធឺណិត​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ"



"អ្នក​ចង់​ចូល​រួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​តាម​អ៊ីនធឺណិត​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ"
ដោយ យាង សុជាមេត្តា
2016-05-21

យុទ្ធនាការ ពណ៌​ខ្មៅ ៨៥៥ ២០១៦
ក្រុម​សមត្ថកិច្ច​ដាក់​បារាស​ស្ទាក់​ឃាត់​ពលរដ្ឋ​ដែល​ធ្វើ​យុទ្ធនាការ "ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ" មិន​អោយ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Tha Kitya


អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​មន្ត្រី​រដ្ឋាភិបាល ដែល​ឲ្យ​ពួកគេ​សុំ​អនុញ្ញាត​អាជ្ញាធរ​ជា​មុន មុន​នឹង​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ សង្គម​ស៊ីវិល​ថា នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។

អស់​ពី​រារាំង​មិន​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ពេល​នេះ អ្នក​ដែល​ចង់​ចូល​រួម​ធ្វើ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឬ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ត្រូវ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែរ។

​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​បណ្ដាញ​របស់​ព្រះអង្គ​គ្រោង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​សរសេរ​អំពាវនាវ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា មធ្យោបាយ​មួយ​ទៀត​ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះ​ទង្គិច ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច គឺ​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ អាច​សម្ដែង​ការ​ចូល​រួម​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាម​រយៈ​ការ​បង្ហោះ​សារ​អំពាវ​តៗ​គ្នា​ជាដើម។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា មធ្យោបាយ​នេះ​ពលរដ្ឋ​ណា​ក៏​អាច​ចូលរួម​បាន​ដែរ ហើយ​អាច​គេច​ផុត​ពី​​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ទៀត​ផង។ ដោយសារ​តែ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​គម្រោង​ការ​ធ្វើ​ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ត្រូវ​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន។



វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ប៉ុន្តែ​លោក ខៀវ សុភ័គ បាន​និយាយ​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បើ​ទោះ​ជា​កម្ពុជា មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ដោយ អ្នក​ដែល​មាន​បំណង​ធ្វើ​យុទ្ធនាការ​អ្វី​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​ទទួល​ការ​អនុញ្ញាត​ផ្លូវការ​ពី​អាជ្ញាធរ​ជា​មុន​សិន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​សង្គម គឺ​មិន​ល្អ​នោះ​ឡើយ។

ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​បែប​នេះ​ក្តី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រក្សា​ជំហរ​ថា ក្រុម​ព្រះតេជព្រះគុណ​នៅ​តែ​ធ្វើ​យុទ្ធនាការ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ចន្ទ ខាង​មុខ​ដដែល ព្រោះ​ព្រះតេជព្រះគុណ​ជឿ​ជាក់​ថា សកម្មភាព​នោះ​មិន​ខុស​ច្បាប់​ឡើយ៖ «ទោះ​ជា​គេ​ហាមឃាត់​ក៏​ហាម​ទៅ ពីព្រោះ​ក្រុមហ៊ុន​ហ្វេសប៊ុក មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទេ បើ​ចង់​ទៅ​រក​រឿងៗ​ក្រុមហ៊ុន​ហ្វេសប៊ុក ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក គេ​ផ្ដល់​សេរីភាព​ឲ្យ​យើង​គ្រប់គ្រាន់​យើង​គ្រាន់តែ​ជា​អ្នក​ប្រើ​តើ អ៊ីចឹង​បើ​យើង​គ្រាន់តែ​ជា​អ្នក​ប្រើ​ខ្លាច​អី​គ្រាន់តែ​បង្ហោះ​ពណ៌​ខ្មៅ​ប៉ុណ្ណឹង ហើយ​បើ​រដ្ឋាភិបាល​ខ្លាច​ពណ៌​ខ្មៅ​ពេល​ចូល​ទៅ​ប្រជុំ​ម្តងៗ​នាំ​គ្នា​ពាក់​តែ​ពណ៌​ស​ទៅ ធ្វើ​តែ​បុណ្យ​ខ្មោច​វិញ​ទៅ»។

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ មិន​ថា តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត នោះ​ឡើយ៖ «តាម​អនឡាញ (Online) តាម​បណ្ដាញ​សង្គម បើសិនជា​ការ​បញ្ចេញ​មតិ​មិន​បង្ក​ឲ្យ​វឹកវរ យើង​ត្រូវ​ចែក​ឲ្យ​ដាច់​អំពី​បទ​ញុះញង់ និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ពីព្រោះ​បើសិនជា​មតិ​ណា​មួយ​មិន​ប៉ះពាល់​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​កើត​ឡើង​ទេ វា​ជា​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​មួយៗ​ទេ»។

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល បាន​ចាប់​ផ្ដើម​សកម្មភាព​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។ ប៉ុន្តែ​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​ជួបជុំ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​នោះ​ទេ។ ចាប់​ពី​មាន​យុទ្ធនាការ​នេះ​មក អ្នក​ចូល​រួម​សរុប ១៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​សួរ​នាំ​មុន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ទោះ​ជា​អាច​ប្រឈម​នឹង​ការ​ចាប់​ឃាត់​ខ្លួន​ក្តី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ឧសភា ថា សហគមន៍​អ្នកស្រី​នឹង​នៅតែ​បន្ត​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ នៅ​រៀងរាល់ថ្ងៃ​ចន្ទ លុះណាតែ​មានការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ឲ្យ​មាន​សេរីភាព​វិញ។

​អ្នកស្រី ទេព វន្នី ថា បើ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​ពន្ធនាគារ​ព្រៃ​ស​ទេ ក្រុម​អ្នកស្រី​នឹង​នៅតែ​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ក្នុង​សហគមន៍​តែម្ដង៕

No comments: