A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 May 2016

តុលាការ​កោះ​ហៅ​លោក អ៊ូ វីរៈ សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១២​ឧសភា

តុលាការ​កោះ​ហៅ​លោក អ៊ូ វីរៈ សាកសួរ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១២​ឧសភា
ដោយ ខែ សុណង
2016-05-02

អ៊ូ វីរៈ ៨៥៥ ២០១៦
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ ចូល​សាកសួរ​តាម​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។ ការ​កោះ​ហៅ​នេះ បន្ទាប់​ពី​លោក អ៊ូ វីរៈ បាន​វិភាគ​ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​កោះ​ហៅ​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ គឺ​ជា​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​អ្នក​សម្ដែង​មតិ ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​ដើម្បី​បំបាក់​ស្មារតី​អ្នក​ជំនាន់​ក្រោយ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​នៅ​ថ្ងៃ​ទី​២ ឧសភា ថា នេះ​ជា​ចំណាត់​ការ​ដ៏​លឿន​មួយ ខុស​អំពី​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​បាន​ប្ដឹង​ទៅ​តុលាការ។ លោក​បន្ត​ថា សំណុំ​រឿង​លោក អ៊ូ វីរៈ គឺ​ពាក់ព័ន្ធ​នឹង​ការ​សម្ដែង​មតិ ដែល​នេះ​ជា​សារ​មួយ​ព្រមាន​ទៅ​ដល់​អ្នក​បញ្ចេញ​មតិ​ដទៃ​ទៀត ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កាត់​បន្ថយ​នូវ​ការ​បញ្ចេញ​មតិ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។



លោក អំ សំអាត ថ្លែង​ថា «ខ្ញុំ​គិត​ថា លោក អ៊ូ វីរៈ ដែល​គាត់​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ក្នុង​ការ​សម្ដែង​មតិ។ បើ​អត់​គិត​បែង​ចែក​ទេ ឲ្យ​តែ​មាន​ការ​រិះគន់ តែង​តែ​មាន​ការ​ប្ដឹងផ្ដល់ នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ តើ​នរណា​ហ៊ាន​រិះគន់​ដើម្បី​ស្ថាបនា នរណា​ហ៊ាន​សម្ដែង​មតិ​នោះ?»។

ការ​ថ្លែង​នេះ នៅ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះ​ហៅ​លោក អ៊ូ វីរៈ ជា​ផ្លូវ​ការ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា និង​កោះ​ហៅ​លោក សុខ ឥសាន ជា​ដើម​បណ្ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ដើម្បី​សាកសួរ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​លោក​ចាត់​ទុក​ថា និយាយ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ឡើយ។ លោក​ថា គណបក្ស​កាន់​អំណាច គោរព​សិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មួលបង្កាច់​បង្ខូច​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​គណបក្ស។

បន្តបន្ទាប់​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ធ្វើ​ជា​ដើម​បណ្ដឹង​ប្ដឹង​ឲ្យ​តុលាការ ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក អ៊ូ វីរៈ ចំនួន ៤០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១០​ម៉ឺន​ដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​ដីកា​នេះ​នៅ​ឡើយ ដែល​លោក​នឹង​ពិចារណា​ជាមួយ​មេធាវី​ថា នឹង​ចូល​ខ្លួន ឬ​យ៉ាង​ណា។ លោក​យល់​ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​បំផុត​ក្នុង​ពេល​នេះ គឺ​ជា​ការ​រឹតត្បិត​សេរីភាព​យុវជន​ជំនាន់​ក្រោយ​ជា​ពន្លក​ថ្មី​ទើប​ចាប់​ផ្ដើម​ចូលរួម​បញ្ចេញ​មតិ​រឿង​រសើប និង​និយាយ​ការ​ពិត។

លោក អ៊ូ វីរៈ ថ្លែង​ថា «តាម​ពិត​ត្រូវ​សួរ​ឯកឧត្ដម សុខ ឥសាន សិន ដើម្បី​សម្រេច​ចិត្ត​គិត​ថា ត្រូវ​ចាំបាច់​ហៅ​ខ្ញុំ ឬ​ក៏​អត់? បាន​ន័យ​ថា ធ្វើ​ការ​សន្និដ្ឋាន​តាម​អ្នក​ត្រូវ​បាន​គេ​ចោទ​ហ្នឹង មិន​មែន​រក​ភស្តុតាង​ដោះ​បន្ទុក​ខ្លួន​ឯង​មិន​មែន​ទេ។ អ្នក​ប្ដឹង​ទេ​បាន​មាន​កាតព្វកិច្ច​ដាក់​បន្ទុក នេះ​សំខាន់​មែន​ទែន​ស្រុក​យើង អត់​ទាន់​មាន​សោះ ខ្ញុំ​សោកស្ដាយ​ដែរ»។

លោក អ៊ូ វីរៈ បាន​វិភាគ​នៅ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ថា "យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក"។ បញ្ហា​នេះ គណបក្ស​ប្រជាជន យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​លោក អ៊ូ វីរៈ គឺ​ជា​ការ​បំភ្លៃ​រឿងរ៉ាវ​ស្នេហា​ឯកជន​របស់​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ទៅ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច គឺ​បំផ្លើស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ជា​ការ​បរិហារ​កេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទង​នឹង​ការ​ប្ដឹង​លោក អ៊ូ វីរៈ នេះ ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស អភិបាលកិច្ច​ល្អ និង​សិទ្ធិ​សេរីភាព​ជា​សកល។ កម្ពុជា មាន​សំណាង​ដោយ​មាន​អង្គការ​សង្គម​ស៊ីវិល​រឹងប៉ឹង និង​រស់​រវើក ដែល​ដឹក​នាំ​ដោយ​ប្រធាន​អង្គការ​មួយ​ចំនួន ដូចជា​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ និង​ប្រធាន​អង្គការ​មួយ​ចំនួន​ទៀត។

លោក អ៊ូ វីរៈ ជា​មេ​ដឹក​នាំ​មួយ​ក្នុង​ចំណោម​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៦៕

No comments: