A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 12 May 2016

អ្នក​វិភាគ​ថា​ លោក​ ហ៊ុន សែន​​ បង្ហើប​ពី​លទ្ធភាព​នៃ​ការ​លើកលែង​ទោស​មាន​លក្ខខណ្ឌ


12 ឧសភា 2016

VOA    ហ៊ុល រស្មី


រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មក​ដល់​រដ្ឋ​សភាជាតិ ខណៈ​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈរដ្ឋ​មន្ត្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ២០១៦។ (Reuters/Samrang Pring)



លោក​នាយក​រដ្ឋមន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ បាន​បញ្ជាក់​សារ​ជា​ថ្មី​​ពី​សិទិ្ធ​អំណាច​របស់​លោក​ថា ​ប្រសិន​បើ​តុលាការ​ចេញ​សាលក្រម​ដល់​សំណុំ​រឿង​ការ​សូកប៉ាន់​ និង​សម​គំនិត​នេះ លោក​អាច​នឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ ឬ​ក៏​បន្ធូរបន្ថយ​ទោស។
ភ្នំពេញ —

គ្រា​ដែល​ក្រុម​សង្គម​ស៊ីវិល​ប្តេជ្ញា​បន្ត​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ ដែល​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ ការ​ប្រើប្រាស់​ពណ៌​ណា​មួយ​ដើម្បី​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​គ.ជ.ប​ដែល​កំពុង​ជាប់​ឃុំ​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ជា​ដាច់​ខាត ប៉ុន្តែ​លោក​ថា​ ការ​លើកលែង​ទោស​អាច​កើត​មាន​ បើ​តុលាការ​ចេញ​សាលក្រម។​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ច្បាប់​ថា​ តុលាការ​នៅ​តែ​អាច​សម្រេច​ឲ្យ​អ្នក​ជាប់​ឃុំ​ស្ថិត​នៅ​ក្រៅ​ឃុំ​ មិន​បាច់​រង់​ចាំ​ដល់​ប្រកាស​សាលក្រម​នោះ​ទេ។

​បន្ទាប់​ពី​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ បាន​ចាប់​ផ្តើម​ឡើង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​សបា្តហ៍​នេះ​ ហើយ​បាន​រង​ការ​បង្រ្កាប​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ បាន​ថ្លែង​ថា​ យុទ្ធនាការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រឈម​នឹង​ផល​វិបាក​ជាច្រើន​ទៀត​ក្នុង​ការ​បញ្ចប់​រឿង​ក្តី​របស់​ពួកគេ។


រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)



ក៏​ប៉ុន្តែ​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ បាន​បញ្ជាក់​សារ​ជា​ថ្មីពី​សិទិ្ធ​អំណាច​របស់​លោក​ថា ​ប្រសិន​បើ​តុលាការ​ចេញ​សាលក្រម​ដល់​សំណុំ​រឿង​ការ​សូកប៉ាន់​ និង​សម​គំនិត​នេះ លោក​អាច​នឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ ឬ​ក៏​បន្ធូរបន្ថយ​ទោស។

លោក ហ៊ុន សែន ថ្លែង​ដោយ​មិន​និយាយ​ចំ​ដល់​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់​នោះ​ថា៖ «ឥឡូវ​អំណាច​ដំណើរ​ការ​របស់​តុលាការ​ ខ្ញុំ​អត់​មាន​សិទ្ធិ​លូក​លាន់​ទេ​ ប៉ុន្តែ​តែ​រួច​ពី​ដំណើរការ​របស់​តុលាការ​នោះ​ ពេល​សាលក្រម​ចូល​ស្ថាពរ​ វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​នាយក​រដ្ឋមន្ត្រី​វិញ​ ព្រោះ​ច្បាប់​ពន្ធនាគារ​ គេ​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ការ​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​លើក​លែង​ទោស​ ឬ​បន្ថយ​ទោស»។​

មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ជា​ចេតនា​បង្ហាញ​ភ្លើង​ខៀវ​មួយ​ឲ្យ​មាន​ការ​លើកលែង​ទោស​ ឬ​បន្ធូរបន្ថយ​ទោស​ ទោះ​បី​អ្នក​ដែល​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់​មិន​ទាន់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​រក​ឃើញ​ថា​ មាន​ទោស​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។​

មន្ត្រី​សិទ្ធិ​មនុស្ស​បន្ថែម​ថា​ ដំណាក់កាល​នេះ​ជា​ការ​សាកល្បង​ម្តង​ទៀត​លើ​ឯករាជ្យភាព​របស់​តុលាការ​ ដែល​រង​ការ​រិះគន់​ថា​ មាន​ជំហរ​មិន​នឹងនរ​ក្នុង​អំណាច​ទាំងបី។​ ប៉ុន្តែ​អ្នក​ច្បាប់​ សម្តែង​ក្តី​មន្ទិល​ថា​ អ្នក​ដែល​ជាប់​ឃុំ​គួរ​សារភាព​ទទួល​ស្គាល់​ថា​ ខ្លួន​មាន​ទោស​ ឬ​បន្ត​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ដីធ្លី​ដែល​មាន​ចំនួន​មិន​លើស​ពី​២០០​នាក់​ បាន​បើក​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ ក្នុង​ក្តី​សង្ឃឹម​ថា​ អាច​បាន​ជួបជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ប្រាំ​រូប​ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។​ ប៉ុន្តែ ពួក​គេ​យ៉ាង​ណាស់​៦នាក់​ត្រូវ​បាន​ស្វាគមន៍ ​ដោយ​ការ​ចាប់​ខ្លួន​សួរ​នាំ​ចម្លើយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ។​ បន្ទាប់​ពី​ពួក​គេ​ផ្តល់​ចម្លើយ​សារភាព​អំពី​បំណង​ពិតប្រាកដ​នៃ​ការ​បើក​យុទ្ធនាការ​នេះ ពួក​គេ​ត្រូវ​បាន​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។


​រូបឯកសារ៖ លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ VOA ​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ កាល​ពីថ្ងៃ​ពុធ​ ទី​២​ ខែ​មីនា ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)​


លោក​ អំ​ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA​ ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ អំពី​ការ​លើកលែងទោស​ អាច​ជា​ការ​ផ្តល់​ភ្លើង​ខៀវ​ដល់​ដំណើរការ​ដោះលែង​អ្នក​ដែល​បាន​ជាប់​ឃុំ​នោះ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​ លោក​បញ្ជាក់​ថា​ យ៉ាង​ណា​ក៏ដោយ​ អ្នក​ទាំង​ប្រាំ​ដែល​កំពុង​ជាប់​ឃុំ​ នៅ​តែ​មាន​សិទ្ធិ​អាច​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ដដែល។

លោក អំ សំអាត បញ្ជាក់​ប្រាប់ VOA ថា៖ «តុលាការ​ដំណាក់កាល​នេះ​ ជា​ដំណាក់កាល​ស៊ើប​អង្កេត។ ហេតុ​ដូច្នេះ​មិន​ទាន់​ដឹង​ថា​ ពួកគាត់​នឹង​មាន​ទោស​ ឬ​មិន​មាន​ទេ​ វា​មាន​ពីរ។​ ទី​មួយ​ បើ​ដំណើរការ​ផ្លូវ​ច្បាប់​ មេធាវី​ដែល​គាត់​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ រួម​ទាំង​សាមី​ខ្លួន​ផង​នោះ​ ចៅក្រម​ស៊ើប​អង្កេត​អាច​នឹង​ពិចារណា​ការ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ ទីពីរ​ បើ​សិន​ជា​ចៅក្រម​ស៊ើប​អង្កេត​ ស៊ើប​អង្កេត​ទៅ​ វា​គ្មាន​តម្រុយ​ និងគ្មាន​ភស្តុតាង​សម្រាប់​ដាក់​បន្ទុក​ ឬ​ក៏​ចោទ​ប្រកាន់​ទេ​ ចៅក្រម​លោក​មាន​សិទ្ធិ​លើក​ចោទ​ប្រកាន់​ អានេះ​ដំណាក់​កាល​នៅ​តុលាការ​បាទ»។

លោក​បន្ថែម​ថា​ ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តីអំពី​ការ​លើក​លែង​ទោ​ស​ ឬ​បន្ធូរបន្ថយ​ទោស​នេះ​ អាច​ជា​ការ​សាកល្បង​លើ​អព្យាក្រឹតភាព​របស់​តុលាការ​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​អ្នក​ទាំង​ប្រាំ​នាក់​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ ឬ​យ៉ាងណា​ ខណៈ​ដែល​សំណុំរឿង​របស់​អ្នក​ទាំង​ប្រាំ​ ត្រូវ​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​មើល​ឃើញ​ថា​ ជា​ករណី​ដែល​មាន​ចំណង​ភ្ជាប់​នឹង​នយោបាយ​នោះ។​

«រឿង​នេះ​ វា​ជា​រឿង​ល្អ​មួយ​ដែល​បង្ហាញ​ អាច​បង្ហាញ​សាធារណជន​បាន​ហើយ​ អំពី​អំណាច​ឯករាជ្យ​របស់​តុលាការ​ ឬ​ក៏​មិន​ឯករាជ្យ​នោះ»។

​អ្នក​ទាំង​ប្រាំ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន​ រួមមាន​លោក នី សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​អនុប្រធាន​ទាំង​ពីរ​របស់​លោក​ នី សុខា​ គឺ​ លោក​ យី សុខសាន្ត​ និង​លោក​ ណៃ​ វង់ដា​ លោកស្រី លឹម​ មុន្នី​ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ និង​លោក​ នី ចរិយា អគ្គលេខាធិការ​រង​ គ.ជ.ប។ ពួកគេ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី។​ រី​ឯ​លោក​ នី ចរិយា​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី។


រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)


លោក​ សុខ សំអឿន​ មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ បាន​មាន​ប្រសាសន៍​ ក្នុង​ចម្ងល់​ថា​ តើ​ការ​ត្រូវ​ចាំ​ដល់​តុលាការ​ចេញ​សាលក្រម​ជា​ស្ថាពរទើប​មាន​ការ​លើក​លែង​ទោស​នោះ​ អាច​ជា​ការ​បង្ខំ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ទទួល​កំហុស​ ដែល​ពួកគេ​មិន​បាន​ធ្វើ​ឬ​ទេ ព្រោះ​ប្រសិន​បើ​តុលាការ​មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់​ការ​ចោទ​ប្រកាន់ តុលាការ​ត្រូវ​សម្រេច​កាត់​ក្តី​ភ្លាមៗ​ទៅ​ថា​ ត្រូវ​ដោះ​លែង​ ឬក៏​បន្ត​នីតិវិធី​ទៀត។

«លើកលែង​នៅ​មាន​ភស្តុតាង មាន​ឯកសារ​រញ៉េរញ៉ៃ​ច្រើន​ទៀត​ okay ​អា​ហ្នឹង​ចាំ​រក​ឲ្យ​អស់​រឿង»។

លោក សុខ សំអឿន បន្ត​ថា៖ «ឲ្យ​គេ​ឲ្យ​គ្នា​ទទួល​សារភាព​ម៉េច?»

​លោក​បន្ថែម​ផង​ដែរ​ថា យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​នេះ​ទុក​ឲ្យ​សាធារណជន​ទូទៅ​ តាមដាន​មើល​ដំណើរការ​ផ្តល់​យុត្តិធម៌​ពី​តុលាការ​ក្នុង​សំណុំរឿង​នេះ​ ដោយ​លោក​ថា​ រឿងក្តី​នេះ​ មាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​ ពិបាក​វែក​ញែក​តាម​ទិដ្ឋភាព​ច្បាប់។

ក៏ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​អង្គារ​ដដែល​នោះ​ បាន​ប្រកាស​ឲ្យ​មាន​ការ​ស្វែងរក​មេធាវី​ មាន​សមត្ថភាព​ខ្លាំង​មក​តទល់​ក្នុង​សំណុំ​រឿង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​ គ.ជ.ប​នេះ។​

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «ឥឡូវ​ដំណើរការ​តាម​ផ្លូវ​ច្បាប់​រក​វិធី​ដោះ​បន្ទុក​ តាម​រយៈ​ការ​ផ្តល់​មេធាវី​ រក​មេធាវី​ឲ្យ​ពូកែ​ រក​វិធី​ដោះ​ស្រាយ​បន្ទុក​ ទើប​ជា​បញ្ហា​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់»។

លោក​ ហ៊ុន សែន​ បន្ថែម​ថា ​យុទ្ធនាការ​ពណ៌​អ្វី​ក៏ដោយ​ មិន​អាច​បំបែក​សំណុំ​រឿង​នេះ​បាន​ទេ។​

«មិន​អាច​មក​ដាក់​សំពាធ​តាមរយៈ​ពណ៌​នេះ​ ពណ៌​នោះ​ ថ្ងៃ​នេះ​ ថ្ងៃ​នោះ​អត់​ទេ»។

ការ​ឃុំ​ខ្លួន​ដែល​រង​ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ថា​ជា​សកម្មភាព​វាយប្រហារ​លើ​ក្រុម​សង្គមស៊ីវិល​ដោយ​អាជ្ញាធរ​នេះ​ មាន​ឫស​គល់​ចេញ​ពី​រឿងរ៉ាវ​ស្នេហា​លួចលាក់​របស់​លោក ​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក កឹម សុខា នៅ​តែ​ប្រកាន់​ជំហរ​មិន​ឆ្លង​ មិន​ឆ្លើយ​ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​ដដែល៕

No comments: