A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 May 2016

អាជ្ញាធរ​ខេត្ត​សៀមរាប​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​កាប់​ឈើ​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន


ដោយ ហង្ស សាវយុត
2016-05-01 rfa

កាប់​ឈើ​ភ្នំ​គូលែន សៀមរាប ២០១៦ ៨៥៥
ដើម​ឈើ​ធំៗ​នៅ​ជិត​ភូមិ​អន្លង់ធំ នៅ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប ត្រូវ​គេ​កាប់​ផ្ដួល​ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ចម្ការ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo ADHOC
 Photo ADHOC


មន្ត្រី​សាលា​ខេត្ត​សៀមរាប បាន​ព្រមាន​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ព្រៃ​រុក​រាន​យក​ដី និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ត្រូវ​ដក​ខ្លួន​ចេញ​ជា​ប្រញាប់ នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប ហើយ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​គូលែន ហើយ​ពិនិត្យ​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ នៅ​តែ​កើត​មាន​នៅ​ឡើយ ដែល​មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​បង្ក្រាប​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ និង​ឈើ​ធំៗ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​ជា​តំបន់​ឧទ្យាន​ជាតិ​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ។



អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ចាន់ ចំរើន។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា កន្លង​ទៅ លោក​បាន​ឡើង​ភ្នំ​គូលែន ហើយ​បាន​ទៅ​ពិនិត្យ​មើល​ភូមិ​អន្លង់ធំ ភូមិ​ថ្មី និង​ភូមិ​ព្រះអង្គធំ គឺ​បាន​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ចម្ការ​យ៉ាង​សម្បើម។ ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី គួបផ្សំ​នឹង​សកម្មភាព​កាប់​ឈើ​យក​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់​ខ្លះ​ផង កំពុង​ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​ដែល​មាន​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រឈម​មុខ​ផ្នែក​បរិស្ថាន​ធម្មជាតិ។

លោក ចាន់ ចំរើន ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ទីរ​បរិស្ថាន ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នេះ​ជា​បន្ទាន់ ពីព្រោះ​តំបន់​ភ្នំ​គូលែន ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​ហូរ​ចាក់​មក​ទី​រួម​ខេត្ត​សៀមរាប និង​ទីក្រុង​អង្គរ៖ «ប្រសិន​បើ​ការ​កាប់​ព្រៃ​នេះ​ហិនហោច​ទៅ ខ្ញុំ​ជឿ​ថា បញ្ហា​ប្រឈម​ទី​១ គឺ​ក្រុង​សៀមរាប អាច​ខ្វះ​ទឹក»។

មិន​មែន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​ដែល​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​លើ​ខ្នង​ភ្នំ​គូលែន នោះ សូម្បី​តែ​ប្រជាពលរដ្ឋ​ខ្លះ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​តាពេញ នៃ​ឃុំ​ខ្នងភ្នំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា ជាង ២​ឆ្នាំ​មក​ហើយ នៅ​តាម​កន្លែង​ខ្លះ​ដូចជា​តំបន់​ព្រះអង្គ​ធំ ខ្លា​ឃ្មុំ និង​ពពេល ជាដើម គឺ​អស់​ដើម​ឈើ​ធំៗ​ទៅ​ហើយ ដោយសារ​ការ​កាប់​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់។ ការ​កាប់​ឈើ​ធំៗ​ទាំង​នោះ ក៏​ធ្វើ​ឲ្យ​រលំ​បាក់​សង្កត់​ឈើ​តូចៗ​បណ្ដាល​ឲ្យ​ងាប់ រួច​ហើយ​អ្នក​ភូមិ​ដើរ​ដុត​រាន​យក​ដី​ធ្វើ​ចម្ការ​ថែម​ទៀត៖ «ខ្ញុំ​ព្រួយ​បារម្ភ ព្រោះ​វា​អស់​ហើយ តំបន់​ព្រៃ​ព្រះអង្គ​ធំ ពពេល ខ្លា​ឃ្មុំ វា​អស់​ហើយ​ឈើ​ធំៗ»។

ចាប់​តាំង​តែ​ពី​ជាង ២​ឆ្នាំ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​រុក​រាន​យក​ដី និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​តាម​កន្លែង​ជាច្រើន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នៅ​តែ​កើត​មាន បើ​ទោះ​បី​ជា​អាជ្ញាធរ​រដ្ឋាភិបាល បាន​រៀបចំ​វិធានការ​ចុះ​បង្ក្រាប​ក៏ដោយ។

កាប់​ឈើ​ភ្នំ​គូលែន សៀមរាប ២០១៦ ៦២០
ដើម​ឈើ​ធំៗ​នៅ​ជិត​ភូមិ​អន្លង់ធំ នៅ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប ត្រូវ​គេ​កាប់​ផ្ដួល​ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ចម្ការ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo ADHOC


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ពិត​ជា​មាន​ការ​កាប់​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មែន ហើយ​ក្រុម​ល្បាត​ការពារ​ព្រៃ (Ranger) កំពុង​ចុះ​ពិនិត្យ​មើល​ថា តើ​ការ​កាប់​នោះ​នៅ​លើ​ចម្ការ​ចាស់ ឬ​ក៏​រុក​រាន​ថ្មី? លោក ភួង លីណា បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​លើ​ខ្នង​ភ្នំ​គូលែន គឺ​មាន​ចម្ការ​ស្វាយ​ចន្ទី​រាប់​រយ​ហិកតារ និង​ដី​ចម្ការ​វិល​ជុំ​របស់​ប្រជាពលរដ្ឋ​ច្រើន​ហិកតារ​ទៀត ក៏ប៉ុន្តែ​ចាប់​ពេល​នេះ​ត​ទៅ គឺ​កម្លាំង​ល្បាត​របស់​មន្ទីរ​បរិស្ថាន មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ព្រៃ ដើម្បី​រុក​រាន​យក​ដី​ថ្មី​បាន​ទេ៖ «ទន្ទ្រាន​ហ្នឹង គឺ​យើង​អត់​ទាន់​កំណត់​ច្បាស់​ទេ ទាល់​យើង​ពិនិត្យ​មើល ដូច​ដឹង​ស្រាប់​ហើយ​ថា ប្រជាពលរដ្ឋ​មួយ​ឃុំ​ដែល​រស់​នៅ​លើ​ហ្នឹង»។

ចាប់​តាំង​តែ​ពី​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​មក អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ទីរ​បរិស្ថាន បាន​រៀបចំ​កម្លាំង​ឧទ្យានុរក្ស​ដែល​ភាសា​អង់គ្លេស​ហៅ​ថា រ៉េងហ្ជឺ (Ranger) ចំនួន​ជាង ៤០​នាក់ ដើម្បី​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នោះ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង បាន​ព្រមាន​ដល់​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ព្រៃ​លើ​ខ្នង​ភ្នំ​គូលែន ដើម្បី​យក​ដី និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ពេល​នេះ​អាជ្ញាធរ​កំពុង​តែ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​កាប់​ព្រៃ​នៅ​តំបន់​ឧទ្យាន​ជាតិ ដោយ​ឲ្យ​កម្លាំង​តាម​ស៊ើប​រក​មុខ​អ្នក​ដៃ​ដល់ និង​អ្នក​ដែល​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃ​ឈើ​នោះ៖ «ឥឡូវ​នេះ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ដែល​យើង​កំពុង​តែ​ពិនិត្យ​តាម​ដាន​ជុំវិញ​ជន​ល្មើស ហើយ​យើង​ក៏​បាន​ទទួល​តម្រុយ​ខ្លះៗ»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ និង​ការពារ​បេតិកភណ្ឌ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី (ICC) របស់​អង្គការ​យូណេស្កូ (UNESCO) ជាមួយ​អាជ្ញាធរ​អប្សរា ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​ការ​កាប់​ឈើ និង​រាន​ព្រៃ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែរ។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ធ្លាប់​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថា ការ​កាប់​ឈើ និង​រាន​ព្រៃ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ជា​ដំណើរ​ឈាន​ទៅ​រក​ការ​បាត់បង់​ធម្មជាតិ និង​គំរាម​កំហែង​ដល់​វត្ថុ​បុរាណ​ដែល​នៅ​សេសសល់​ប្រាសាទ​ជាង​៥០ ផ្ទាំង​ថ្ម​ចម្លាក់ និង​កន្លែង​សម្រាប់​សក្ការបូជា​ព្រហ្មញ្ញ​ជាច្រើន​ទៀត រួម​ទាំង​ព្រៃ​ឈើ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​រស់នៅ​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ​ផង​ដែរ៕

No comments: