A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 April 2016

ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ក្នុង​សង្កាត់​ក្របីរៀល​ខេត្ត​សៀមរាប​កំពុង​រង​ការ​កាប់​បំផ្លាញ


Manekseka Sangkum

Apart from their vital role in this region as spawning grounds for fish during the flooding season, tourists visiting Siem Reap are known to appreciate the beauty and serenity of what they refer to as "flooded forests". The protection and preservation of these parts and immediate vicinities of the Tonle Sap will contribute to the long term well-being of all; not only tourists and locals in the area.

....

ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ក្នុង​សង្កាត់​ក្របីរៀល​ខេត្ត​សៀមរាប​កំពុង​រង​ការ​កាប់​បំផ្លាញ
ដោយ ហង្ស សាវយុត
2016-04-04

កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ២០១៦ ៨៥៥
ដើម​រាំង ដើម​កន្សែង និង​ដើម​ត្រោះ នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប សង្កាត់​ក្របីរៀល ខេត្ត​សៀមរាប ដែល​រង​ការ​កាប់​បំផ្លាញ។ រូបភាព​សហគមន៍ ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦
 រូបភាព​សហគមន៍


ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប បាន​សង្ស័យ​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ខ្លះ ថា​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប បាន​ជា​មិន​មាន​មន្ត្រី​ជំនាញ ឬ​ក៏​អាជ្ញាធរ​ណា​ចេញ​មុខ​បង្ក្រាប​ទាល់​តែ​សោះ។

ការ​សង្ស័យ​របស់​អ្នក​ភូមិ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ភូមិសាស្ត្រ​ត្រពាំង​កន្តុត នៃ​សង្កាត់​ក្របីរៀល ជាច្រើន​ហិកតារ ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់ និង​ដុត​បំផ្លាញ​ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ស្រែ​ប្រាំង។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្របីរៀល រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ខ្លះ​នៃ​ខេត្ត​សៀមរាប បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដូចជា​មន្ទីរ​បរិស្ថាន និង​ខណ្ឌ​រដ្ឋបាល​ជលផល គួរ​តែ​ចុះ​បង្ក្រាប​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទី​៣ នៃ​បឹង​ទន្លេសាប ក្នុង​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ជា​បន្ទាន់។

ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា រយៈពេល​ជាង ២​សប្ដាហ៍​មក​ហើយ គេ​បាន​ឃើញ​ផ្សែង​ភ្លើង​អណ្ដែត​ចេញ​ពី​តំបន់​បឹង​ទន្លេសាប ហើយ​នៅ​ពេល​ដែល​គេ​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល ទើប​ឃើញ​ដើម​ឈើ​ធំៗ​ដែល​ជា​ព្រៃ​លិច​ទឹក មាន​មនុស្ស​លួច​កាប់ ព្រម​ទាំង​ដុត​បំផ្លាញ​ដើម្បី​រុក​រាន​យក​ដី​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​អស់​ជាច្រើន​ហិកតារ។



បុរស​អ្នក​ភូមិ​ព្រៃពោធិ៍ ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ក្នុង​សង្កាត់​ក្របីរៀល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា រយៈពេល​ជាង ២​សប្ដាហ៍​មក​ហើយ គឺ​មាន​មនុស្ស​លួច​ចូល​ក្នុង​តំបន់​៣ នៃ​បឹង​ទន្លេសាប ម្ដុំ​ភូមិសាស្ត្រ​ត្រពាំង​កន្តុត ហើយ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​ធំ​ធេង​ចាប់​ពី​តំបន់​ច្រក​ធំ រហូត​ទៅ​ដល់​ច្រក​តូច។ បុរស​ដដែល​បញ្ជាក់​ថា ព្រៃ​លិច​ទឹក​ទំហំ​ប្រហែល​ជាង​កន្លះ​គីឡូម៉ែត្រ ត្រូវ​គេ​កាប់ ហើយ​ដុត​បំផ្លាញ​ដោយ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​បង្ក្រាប​ទេ៖ «មុន​ដំបូង​គេ​លួច​កាប់​ពី​ក្នុង កាប់​ទាល់​តែ​ស្រឡះ ឆ្វៀល​ឡើង​អស់ ទើប​គេ​ដុត​ពី​ក្រៅ។ ប៉ុន្មាន​ថ្ងៃ​ហើយ គឺ​ព្រៃ​ឈើ​ទាំង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ​អស់​ច្រើន​ណាស់»។

ក្រុម​អ្នក​ភូមិ​សង្ស័យ​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខ្លះ អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ បាន​ជា​គេ​មិន​ដែល​ឃើញ​មន្ត្រី​ផ្នែក​ណា​មួយ​ចេញ​មុខ​បង្ក្រាប​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ក្របីរៀល បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ ហើយ​ថា អាជ្ញាធរ​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​ត្រពាំង​កន្តុត នោះ​ឡើយ។

ចៅ​សង្កាត់​ក្របីរៀល លោក ចៀម ថែ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ឃើញ​ព្រៃ​លិច​ទឹក​ទំហំ​ប្រមាណ​ជាង ៥​ហិកតារ ត្រូវ​គេ​កាប់​បំផ្លាញ។ កន្លែង​ដែល​គេ​លួច​កាប់​ព្រៃ​លិច​ទឹក​នោះ គឺ​ជា​តំបន់​៣ នៃ​បឹង​ទន្លេសាប ដែល​ហាម​ឃាត់ ក៏ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ចូល​ទៅ​លួច​កាប់ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក។ លោក​ចៅ​សង្កាត់​បញ្ជាក់​ទៀត​ថា អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ គឺ​ជា​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ នៅ​ក្នុង​សង្កាត់​ក្របីរៀល។ បច្ចុប្បន្ន លោក​កំពុង​ចាត់​ឲ្យ​អាជ្ញាធរ​ភូមិ កត់​ឈ្មោះ​ដើម្បី​កោះ​ហៅ​ពួក​គេ​មក​អប់រំ៖ «ព្រៃ​នោះ គឺ​ជា​ព្រៃ​ដែល​ហាម​ឃាត់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​តែ​លួច​កាប់​លួច​ដុត។ អាជ្ញាធរ​សង្កាត់ នឹង​ហៅ​មក​ណែនាំ និង​ឈប់​ឲ្យ​កាប់​បំផ្លាញ​ត​ទៅ​ទៀត»។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា បាន​ប្រាប់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ការ​លួច​កាប់ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ដ៏​ធំធេង​នៅ​សង្កាត់​ក្របីរៀល នោះ​នៅ​ឡើយ។ លោក ភួង លីណា បញ្ជាក់​ថា នៅ​សង្កាត់​ក្របីរៀល គឺ​មន្ទីរ​បរិស្ថាន ក៏​មាន​មន្ត្រី​គ្រប់គ្រង​ប្រចាំ​តំបន់ ហើយ​លោក​នឹង​បញ្ជា​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ជា​បន្ទាន់៖ «អត់​ទាន់​បាន​ដឹង​ផង អ៊ីចឹង​ចាំ​ខ្ញុំ​សុំ​ព័ត៌មាន​ហ្នឹង​មក ដើម្បី​ឲ្យ​ខ្ញុំ​បញ្ជូន​ព័ត៌មាន​បន្ថែម​ទៅ​នាយក​តំបន់ ហើយ​ឲ្យ​គាត់​ចុះ​ទៅ​ពិនិត្យ​មើល»។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ដែល​ចុះ​ទៅ​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ទីនោះ លោក សុខ គឹមសេង មាន​ប្រសាសន៍​ថា តំបន់​ដែល​គេ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ គឺ​ជា​តំបន់​បឹង​ទន្លេសាប ដែល​ច្បាប់​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រុក​រាន​យក​ដី​ធ្វើ​ស្រែ​ប្រាំង ឬ​ក៏​ទៅ​កាន់​កាប់​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ទេ។ លោក សុខ គឹមសេង មើល​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​សង្កាត់​ក្របីរៀល នោះ ថា​ជា​ការ​បង្ក​វិនាសកម្ម​ព្រៃ​លិច​ទឹក និង​បំផ្លាញ​ជីវចម្រុះ​យ៉ាង​ធ្ងន់ធ្ងរ៖ «អា​ហ្នឹង គឺ​ខ្ញុំ​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​នៅ​ក្នុង​ខែ​មេសា ខាង​មុខ។ ខ្ញុំ​ពិនិត្យ​មើល​ទៅ គឺ​ឃើញ​ទំហំ​នៃ​ការ​ខូចខាត និង​បាត់បង់​ព្រៃ​លិច​ទឹក វា​ច្រើន​សម្បើម​ពេក»។

លោក សុខ គឹមសេង ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជាពិសេស​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តាម​ឃុំ-សង្កាត់​ជាច្រើន​ដែល​នៅ​ជាប់​នឹង​បឹង​ទន្លេសាប​ឲ្យ​បាន​ខ្លាំងក្លា។ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ដដែល បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ខេត្ត​នេះ ព្រម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ថា​កន្លង​ទៅ​លោក​ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តាម​កន្លែង​ជាច្រើន ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​ដូចជា​ព្រងើយ​កន្តើយ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ឡើយ៕

No comments: