
អតីតអគ្គលេខាធិការអាស៊ាន ថា កម្ពុជា និងឡាវ ជ្រៀតជ្រែកកិច្ចការអាស៊ាន
(ចុះផ្សាយនៅថ្ងៃ 26-04-2016, 9:59 pm) | ដោយ : ទេព អ៊ីវិសាល Thmey, Thmey
ដំណើរទស្សកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍បីប្រទេស រួមមានកម្ពុជា ព្រុយណេ និងឡាវ របស់ប្រមុខការទូត ចិន ដែលបានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀង ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងផងដែរនោះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជាដំណើរផ្លែផ្កាមួយ។ តែអតីតអគ្គលេខាធិការអាស៊ាន លោក Ong Keng Yong មើលឃើញថា កិច្ចព្រមព្រៀងនោះ បានបង្ហាញថាកម្ពុជា និងឡាវកំពុងជ្រៀតជ្រែកកិច្ចការអាស៊ាន។
អតីតអគ្គលេខាធិការអាស៊ាន លោក Ong Keng Yong បានថ្លែងថា ជំហរចុងក្រោយរបស់កម្ពុជា និងឡាវ ក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង មានន័យថារដ្ឋទាំងពីរ កំពុងតែជ្រៀតជ្រែកកិច្ចការរបស់អាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសនៃវេទិកាសហគមន៍អាស៊ាន ក្នុងក្រុងហ្សាកាតានៅថ្ងៃទី២៥ ខែមេសា។
ក្នុងវេទិកានោះ លោក Ong Keng Yong បានអះអាងថា វាគឺជារឿងដ៏គួរភ្ញាក់ផ្អើល ព្រោះតែកម្ពុជា និងឡាវ មិនមែនជាភាគីទាមទារនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងផង។ នេះបើយោងតាមសារ ព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្តី អតីតអគ្គលេខាធិការរូបនោះដែរថា វា(បញ្ហា) បាន និងកំពុងតែនៅក្នុងសេចក្តីប្រកាសអាស៊ាន-ចិន ស្តីពីភាគីនៃសមុទ្រចិនខាងត្បូងរួចទៅហើយ។ សេចក្តីប្រកាសរបស់ប្រទេសដែលមិនមែនជាភាគីជម្លោះទាំងពីរនេះ បាននិយាយអំពីតួនាទីរបស់អាស៊ាន គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល។
បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះដែនអធិបតេយ្យ ដែលមានភាគីទាមទារដែលមានរដ្ឋអាស៊ានបួនប្រទេស រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយចិន។
ការលើកឡើងរបស់អតីតអគ្គលេខាធិការអាស៊ាន ធ្វើឡើងបន្ទាប់ពីប្រមុខការទូតចិនលោក វ៉ាង យី បានថ្លែងពីកិច្ចព្រមព្រៀងជាឯកច្ឆ័នរវាងចិន ជាមួយកម្ពុជា ព្រុយណេ និងឡាវ លើបញ្ហាសមុទ្រចិនខាងត្បូង។ នាសន្និសីទសារព័ត៌មានក្នុងក្រុងវៀងចន្ទ ប្រទេសឡាវ ដែលជាទិសដៅចុងក្រោយនៃទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតចិន នៅ ថ្ងៃទី២៣ ខែមេសាកន្លងទៅ លោកវ៉ាង យី បានថ្លែងថា ប្រទេសទាំងបួន បានព្រមព្រៀងគ្នាលើតំបន់មួយចំនួន ដែលជាផ្នែកនៃសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិន និងអាស៊ាននោះទេ។ បញ្ហាសមុទ្រចិនខាងត្បូង ក៏មិនប៉ះពាល់ដល់ការអភិវឌ្ឍន៍រវាងចិន និងអាស៊ានផងដែរ។
ជាមួយគ្នានោះដែរ ភាគីទាំងបួន ក៏បានព្រមព្រៀងលើចំណុចដែលថា ជម្លោះអធិបតេយ្យ និងដែនសមុទ្រ គួរតែដោះស្រាយតាមរយៈការពិគ្រោះយោបល់ និងការចរចាដោយភាគីពាក់ព័ន្ធដោយផ្ទាល់ ដោយយោងប្រការ៤ នៃសេចក្តីប្រកាសស្តីពីភាគីនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង៕
No comments:
Post a Comment