ដោយ យ៉ង ចាន់តារា
2016-03-30

យុវជន គង់ រ៉ៃយ៉ា (រូបកណ្ដាល) ពេលបញ្ជូនចេញពីនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។
RFA/Sorn Chanratha
ក្រុមគ្រួសារយុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ទាក់ទងនឹងការបង្ហោះសារអំពីបដិវត្តន៍ពណ៌ ទទូចឲ្យមន្ត្រីពន្ធនាគារព្រៃស អនុវត្តនីតិវិធីពន្ធនាគារដោយស្មើភាព មិនលម្អៀង និងគ្មានការរើសអើងចំពោះអ្នកទោស។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីពួកគេមិនអាចចូលជួបផ្ទាល់ជាមួយយុវជន គង់ រ៉ៃយ៉ា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារកាលពីថ្ងៃទី២៩ មីនា។
បងស្រីរបស់យុវជន គង់ រ៉ៃយ៉ា គឺលោកស្រី គង់ ដាលីន សម្ដែងការមិនពេញចិត្តចំពោះប្រធានពន្ធនាគារព្រៃស ដែលមិនអនុញ្ញាតឲ្យរូបគាត់ និងក្រុមគ្រួសារចូលជួបសន្ទនាដោយផ្ទាល់ជាមួយប្អូនប្រុសដែលកំពុងជាប់ពន្ធនាគារ។
លោកស្រី គង់ ដាលីន អះអាងថា កាលពីរសៀលថ្ងៃទី២៩ មីនា លោកស្រី និងក្រុមគ្រួសារ បានទៅសួរសុខទុក្ខប្អូនប្រុសនៅពន្ធនាគារព្រៃស ប៉ុន្តែប្រធានពន្ធនាគារបានប្រាប់ថា ប្អូនរបស់លោកស្រី គឺយុវជន គង់ រ៉ៃយ៉ា មិនទាន់ត្រូវបានកាត់ទោសនៅឡើយ ដូច្នេះមិនអាចចូលជួបបានទេ គឺបានត្រឹមតែឈរនិយាយពីខាងក្រៅចម្រឹងពន្ធនាគារតែប៉ុណ្ណោះ៖ «ខ្ញុំថាខ្ញុំសុំជួបផ្ទាល់ គេថាកាត់ទោសហើយ ឬនៅ? ខ្ញុំថាគេកាត់ទោសរួចហើយ គេសួរកាត់នៅថ្ងៃណា? ខ្ញុំថាគេប្រកាសសាលក្រមនៅថ្ងៃទី១៥ មីនា មកម្ល៉េះ។ គេថាឯកសារមិនទាន់ឃើញមកដល់គេទេ? គេថាតែប៉ុណ្ណឹង»។
លោកស្រីហៅការអនុវត្តបែបនេះថាជារឿងអយុត្តិធម៌ ពីព្រោះមន្ត្រីពន្ធនាគារបានអនុញ្ញាតក្រុមគ្រួសារអ្នកទោសដទៃ ចូលទៅសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ប្លែកតែលោកស្រីដែលមិនអាចចូលទៅជួបប្អូនប្រុសដែលជាអ្នកទោសនយោបាយបានដោយផ្ទាល់៖ «គាត់ត្រូវពិនិត្យឯកសារឡើងវិញ តើបានកាត់ទោសហើយឬនៅ? ដូចសម្ដីដែលគាត់និយាយ ពីព្រោះតុលាការបានប្រកាសសាលក្រមតាំងពីថ្ងៃទី១៥ មកម្ល៉េះ។ ហេតុអ្វីបានជាគាត់ថាមិនទាន់កាត់ទោស? ខ្ញុំសុំឲ្យមន្ត្រីពន្ធនាគារ លោក ស្រ៊ុន លាង ពិនិត្យឯកសារឡើងវិញ ហើយខ្ញុំសុំថាពេលខ្ញុំទៅលើកក្រោយ សុំឲ្យខ្ញុំបានចូលជួបផ្ទាល់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានពន្ធនាគារព្រៃស "ម១" លោក ស្រ៊ុន លាង បាននៅឡើយនៅថ្ងៃទី៣០ មីនា ដើម្បីបំភ្លឺជុំវិញករណីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា មិនមាននីតិវិធីណាមួយ ដែលរារាំងមិនឲ្យក្រុមគ្រួសារចូលជួបសន្ទនាដោយផ្ទាល់ជាមួយសាច់ញាតិខ្លួនក្នុងពន្ធនាគារនោះទេ។ វាលើកលែងតែក្នុងករណីដែលជនជាប់ឃុំមានទំនាស់ ឬគំនុំ ឬជាប់ពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ ទើបអាជ្ញាធរពន្ធនាគារត្រូវរឹតបន្តឹងចំពោះការចូលជួប។ លោក នុត សាវនា បន្តទៀតថា លោកនឹងទាក់ទងទៅកាន់មន្ត្រីពន្ធនាគារ ម១ ដើម្បីសួរនាំរឿងនេះ៖ «បើសិនជាពន្ធនាគារកំហិត ឬក៏ហាមឃាត់មិនឲ្យក្រុមគ្រួសារយុវជន គង់ រ៉ៃយ៉ា ជួប វាជារឿងមួយប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ ហើយជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ»។
មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា លោក សំ សុគង់ ថ្លែងថា លោកមិនទាន់បានទទួលព័ត៌មានណាមួយនៅឡើយអំពីការមិនអនុញ្ញាតឲ្យក្រុមគ្រួសារ ចូលជួបកូនក្តីរបស់លោក។ ទោះជាយ៉ាងណា លោក សំ សុគង់ អះអាងថា ជនជាប់ឃុំមានសិទ្ធិពេញលេញក្នុងការជួបជុំគ្រួសារ សិទ្ធិទទួលបានព័ត៌មាន សិទ្ធិជួបជាមួយមេធាវី និងសិទ្ធិទទួលបានការព្យាបាល៖ «វាមិនមានការរើសអើងទេ វាគ្រាន់តែមានលក្ខណៈបច្ចេកទេស ហើយជួនកាលពេលវេលាមិនអំណោយផល។ ហើយបើគាត់ថាអត់មានឯកសារ កាត់ទោសហើយ គេមិនឲ្យជួបផ្ទាល់ នោះត្រូវតែមានការពិនិត្យឡើងវិញ»។
កាលពីថ្ងៃទី១៥ មីនា កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសយុវជន គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្រោយពេលយុវជនរូបនេះលើកឡើងអំពីបដិវត្តន៍ពណ៌នៅក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួនកាលពីឆ្នាំ២០១៥ ដោយមានខ្លឹមសារថា «តើមានបងប្អូនណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
ការផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ ១៨ខែនេះ ធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ប្រព័ន្ធតុលាការកម្ពុជា កាន់តែខ្លាំង ថាមិនឯករាជ្យ និងរងឥទ្ធិពលនយោបាយ។ ទន្ទឹមនឹងនេះ ពួកគេក៏រិះគន់រដ្ឋាភិបាលកម្ពុជា ដែរ ថាបានប្រឹងប្រែងបំបិទមាត់ពលរដ្ឋតាមរយៈការដាក់ទោសទណ្ឌជនណាដែលហ៊ានរិះគន់ចំៗពីចំណុចអវិជ្ជមានរបស់ខ្លួន។
ទាក់ទងនឹងសំណុំរឿងយុវជន គង់ រ៉ៃយ៉ា នេះដែរ លោក សំ សុគង់ ដែលជាមេធាវីការពារក្តី បានបញ្ជាក់ថា លោកបានដាក់បណ្ដឹងឧទ្ធរណ៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ កាលពីថ្ងៃទី២៩ ខែមីនា។ លោក សំ សុគង់ អះអាងថា អង្គហេតុ ភស្តុតាង និងព្យសនកម្មទាំងឡាយដែលសាលាដំបូងរាជធានីភ្នំពេញប្រើប្រាស់ ដើម្បីចោទប្រកាន់កូនក្តីរបស់លោក មិនមានភាពពេញលេញ និងគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូចនេះ លោករំពឹងថា សាលាឧទ្ធរណ៍ នឹងសម្រេចក្តីនេះឡើងវិញ ដោយឈរលើគោលការណ៍ច្បាប់ និងផ្តល់ភាពយុត្តិធម៌ជូនកូនក្តីរបស់លោក៕
No comments:
Post a Comment