ដោយ យាង សុជាមេត្តា
2016-03-30

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិ លើកទី២ នាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី៣០ ខែមីនា បានជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។
លោក កឹម សុខា សរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ក្នុងជំនួបនោះ លោកនិងអ្នកស្រី រ៉ូណា ស្មីត បានពិភាក្សាស្ថានភាពសិទ្ធិមនុស្ស ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសនយោបាយនៅមុនពេលបោះឆ្នោត។
កាលពីពេលថ្មីៗនេះ អ្នកស្រី រ៉ូណា ស្មីត ក៏បានជួបពិភាក្សាជាមួយមន្ត្រីបក្សប្រឆាំង ២រូប គឺលោក គង់ គាំ និងលោក អេង ឆៃអ៊ាង ក្នុងក្របខ័ណ្ឌលោកទាំង២ ជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា និងរដ្ឋសភា។
ទំព័រហ្វេសប៊ុក របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ដដែលនោះ អ្នកស្រី រ៉ូណា ស្មីត ក៏ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងមន្ត្រីនៃក្រសួងកិច្ចការនារីផងដែរ។
ក្នុងជំនួបជាមួយលោក ស ខេង អ្នកស្រី រ៉ូណា ស្មីត បានសម្ដែងការបារម្ភពាក់ព័ន្ធនឹងបញ្ហាមួយចំនួន រួមមានការឃុំខ្លួនបណ្ដោះអាសន្ន ចំនួនអ្នកទោសច្រើនលើសចំណុះក្នុងពន្ធនាគារ ការចេញអត្តសញ្ញាណប័ណ្ណពីការបោះពុម្ពផ្សាយ ចែកចាយ និងការផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធពិគ្រោះយោបល់ពេញលេញពីសេចក្ដីព្រាងច្បាប់ ព្រមទាំងពីការចូលរួមរបស់ស្ត្រីក្នុងជីវភាពនយោបាយ ទាំងនៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ។ ដោយឡែកក្នុងជំនួបជាមួយមន្ត្រីក្រសួងកិច្ចការនារី បញ្ហាអំពើហិង្សាលើស្ត្រី ចំណាកស្រុករបស់ស្ត្រី និងការជួញដូរស្ត្រី សុទ្ធតែជាប្រធានបទដែលត្រូវបានអ្នកស្រីលើកឡើងពិភាក្សា។
ក្នុងដំណើរទស្សនកិច្ចលើកទី២ មកកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មិនមានគម្រោងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
នៅថ្ងៃទី៣១ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលការងារ មុនពេលអ្នកស្រីធ្វើដំណើរចាកចេញពីកម្ពុជា៕
No comments:
Post a Comment