A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 February 2016

មន្ត្រី CPP៖ បាតុកម្ម​នៅ​អាមេរិក​​នឹង​មិន​ជួយ​ដល់​«វប្បធម៌​សន្ទនា‍»​ឡើយ​​

មន្ត្រី CPP៖ បាតុកម្ម​នៅ​អាមេរិក​​នឹង​មិន​ជួយ​ដល់​«វប្បធម៌​សន្ទនា‍»​ឡើយ​​

ថ្វី​បើ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ​អាស៊ាន-អាមេរិក​នៅ​រមណីយដ្ឋាន​លំហែ​កាយ Sunnylands ​ រដ្ឋ​កាលីហ្វ័រញ៉ា ​ ​សភាពការណ៍​​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​តានតឹង​ដដែល។

រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។

ពិន ស៊ីសុណ្ណ
12 កុម្ភៈ 2016

ភ្នំពេញ—rfa

ថ្វី​បើ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ​អាស៊ាន-អាមេរិក​នៅ​រមណីយដ្ឋាន​លំហែ​កាយ Sunnylands ​ រដ្ឋ​កាលីហ្វ័រញ៉ា ​ ​សភាពការណ៍នយោបាយ​នៅ​កម្ពុជា​នៅ​តែ​តានតឹង​ដដែល។ បញ្ហា​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​តែ​មិន​មាន ហើយ​លទ្ធភាព​នៃ​ការ​ជួបជុំ​រវាង​លោក ហ៊ុន សែន និង​ លោក សម រង្ស៊ី នៅ​ជា​ចំណោទ​នៅ​ឡើយ។​

គម្រោង​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន សែន​ ​នៅ​សហរដ្ឋ​អាមេរិក​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​នៅ​ពីក្រោយ​នោះ​ ​នឹង​មិន​ជួយ​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភានោះ​ទេ។ ​ហើយបរទេស​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​ការ​សម្រេច​អំពី​ជោគ​វាសនា​ប្រទេស​ជាតិ​កម្ពុជា​ដែរ។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កាន់​អំណាច។​ ​



លោក ​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៅ​ស.រ.អា.​មិនមែន​ជា​ជម្រើស​សម្រាប់​ជំរុញ​វប្បធម៌​សន្ទនា​ទេ ​នៅ​ពេល​ដែល​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ជំនួប​រវាង​លោក​ សម រង្ស៊ី​ និង​លោក ​ហ៊ុន សែន ​នៅ​ស.រ.អា.​នោះ។​

លោក​និយាយ​ថា ​ផែនការ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នេះជា​ទស្សនកិច្ច​ផ្លូវការ ​និងមាន​កម្មវិធីចង្អៀត ​ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​មិន​អាច​ជួប​ចរចា​រឿង​បុគ្គល គឺ​ទាក់ទង​នឹង​បណ្តឹង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ ហោ ណាំហុង​ ប្តឹង​លោក​សម រង្ស៊ី​នោះ​ទេ។ ​

លោក សុខ ឦសាន ថ្លែង​ថា៖

«ខ្ញុំ​យល់​ផ្ទាល់​ខ្លួន​ថា ​សម្តេច​អញ្ជើញ​ទៅ​នេះ​ក្នុង​នាម​ប្រតិភូ​ផ្លូវការ​របស់​ប្រទេស​ជាតិ។ ​អញ្ចឹង​ទេ ​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន​ ខ្ញុំ​យល់​ថា ពិបាក​ក្នុង​ការ​ជួប​គ្នា។​ ហើយ​ជា​ពិសេស​ ​បើ​មាន​សភាពការណ៍​ល្អ ​អត់​មាន​បាតុកម្ម​ប្រឆាំង​អី​ អាហ្នឹង​មាន​អំណោយ​ផល​ខ្លះ។ ​ប៉ុន្តែ​បើ​សិន​ជា​មាន​បាតុកម្ម​ប្រឆាំង​គគ្រឹក​គគ្រេង​ទេ។​ អាហ្នឹង​ដូច​ជា​មិន​មាន​លទ្ធភាព​ជួប​ទេ»។​ ​

ទោះ​ជា​យ៉ាង​ណា​ក្តី​ ​លោក​ សុខ ឦសាន​ បាន​បន្ថែម​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរច្បាស់លាស់​ត្រង់​ទៅ​ត្រង់​មក ​នោះ​ការ​ចរចាអំពី​ផល​ប្រយោជន៍ប្រទេស​ជាតិ​អាច​មាន ​តែ​មិន​មែន​រឿង​បុគ្គលដែល​លោក​ហៅ​ថា​ «អ្នក​នយោបាយ​មាន​ទោស» នេះ​ទេ។ ​

​ថ្វី​បើ​ទាំង​លោក​ សម រង្ស៊ី ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​គណបក្ស​នេះ​មិន​ទាក់ទង​នឹង​គម្រោង​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន សែន​ ក៏ដោយ ​ក៏​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន ​នៅ​តែ​ចាត់​ទុក​ថា​ គណបក្ស​ប្រឆាំង​នេះ​នៅ​ពី​ក្រោយ​គម្រោង​បាតុកម្ម​នោះ។​

«យើង​និយាយ​រឿង​នយោបាយ​ផង ​ជា​មនោសញ្ចេតនា​ផង​ បើ​ថា​ប្រឆាំង​ ហើយ​ស្រែក​វេកវូក ​ជេរ​ចុះ​ជេរ​ឡើង ​ហើយទៅ​សុំ​ជួប​ចរចា ​អាហ្នឹង​វា​អត់​មាន​ទេ។​ អាហ្នឹង​គេ​មិន​អាច​ចាប់ដៃ​ជាន់​ជើង​ ឬ​ស៊ីញ៉េ​នឹង​ដៃ ​លុប​នឹង​ជើង​ទេ»។ ​

នៅ​ថ្ងៃ​សុក្រ​នេះ ​VOA​ បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មិន​អាច​ទាក់ទង​បាន។​ ប៉ុន្តែ​ក្រោយពី​ជំនួប​រវាង​លោក​ កឹម សុខា ​និង​លោក​ឯកអង្គរដ្ឋទូត​ស.រ.អា. ​William Heidt​ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក យ៉ែម បុញ្ញឫទ្ធ​ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​មិន​មែន​ជា​អ្នក​រៀបចំបាតុកម្ម​នៅ​ស.រ.អា.​ប្រឆាំង​លោក ​ហ៊ុន សែន ​ទេ​ ហើយ​គណបក្ស​នេះ​មិន​មាន​លទ្ធភាព​រារាំង​បាតុកម្ម​នោះ​ទេ។​

«យើង​មាន​ការ​សោក​ស្តាយ​ដោយ​សារ​មាន​ការ​ចែក​មិន​ដាច់​ថា​ អ្វី​ទៅ​ជា​ស្ថាប័ន​ ជា​គោលការណ៍ ហើយ​អ្វី​ទៅ​ជា​បុគ្គល។ ​ដូច្នេះ​យើង​ចង់​ឲ្យ​មាន​ការ​យល់​ជា​លក្ខណៈ​ស្ថាប័ន​ និង​ជា​បុគ្គល​ឲ្យ​បាន​ពិត​ប្រាកដ​ ច្បាស់លាស់​បាទ»។​

ក្រោយពី​បាន​ជួប​សកម្មជន​នយោបាយ​១៥​នាក់ដែល​ជាប់​ពន្ធនាគារ​នៅ​ព្រៃស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក អ៊ូ ច័ន្ទឫទ្ធិ ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ការ​ចរចា​នយោបាយ​អាច​ជួយ​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ ​ដែល​លោក​ហៅ​ថា ​ជា​អ្នកទោស​នយោបាយ។​

«ខ្ញុំ​យល់​ថា ​អាច​ដោះ​បាន​ ពីព្រោះ​នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​វប្បធម៌​សន្ទនា​នេះ​គឺ​ជា​ស្នូល ​ជា​បេះដូង​បាទ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ចំនួន​៧​នាក់​បាន​សរសេរ​លិខិត​មក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយអំពាវនាវ​ឲ្យថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ ឬ​ការ​កាត់​ទោស។​

នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ប្រាប់​ VOA​ ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​អ៊ីមែល​នៃ​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នោះ​ តែ​លិខិត​នោះ​មិន​មាន​លក្ខណៈ​ផ្លូវការ​ ហើយមន្ត្រី​រដ្ឋាភិបាលមិន​អាន​ទេ​ ព្រោះ​គ្មាន​សារៈសំខាន់។

«អ្វី​ដែល​ខ្ញុំ​ឮ​នេះ​ គឺ​មិន​មែន​ទៅ​តាម​ការ​មើល​សំបុត្រ​នោះ​ទេ ​គឺ​ឮ​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​សមាជិក​ព្រឹទ្ធ​សភា។ ​ប៉ុន្តែ​អ្វី​ដែល​ជាក់​ស្តែង​នៅ​ក្នុង​សំបុត្រ​ យើង​អត់​បាន​មើល។ ​យើង​អត់​បាន​ដឹង​ទេ ព្រោះ​គ្មាន​ប្រយោជន៍​អី​ ទាំង​បែប​បទ ​ការ​មិន​ឆ្លើយ​តប​របៀប​រដ្ឋបាល​ ហើយ​ទាំង​ខ្លឹមសារ​ដែល​យើង​ឮ​តាម​ព័ត៌មាន ​ដូច​ជា​មិន​មាន​ប្រយោជន៍​អី​យក​មក​ពិចារណា​ទេ ​បាទ»។

លោក ​សុខ ឦសាន ​ថ្លែង​ថា​ លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន​៧​នាក់​ ​ចុះ​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ នោះ​ គឺ​តំណាង​ឲ្យ​សំឡេង​ភាគ​តិច ​ហើយ​បើ​តាម​ព័ត៌មាន​ លិខិត​នោះ​បង្កប់​ន័យ​អាណានិគម។​

ទាក់ទង​អន្តរាគមន៍​របស់​បរទេស​សម្រាប់​ដំណោះស្រាយ​នយោបាយ​កម្ពុជា ​លោក​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ VOA​ ថា ​ខ្មែរ​ជា​អ្នក​សម្រេច​អំពី​នយោបាយ​និង​ជោគ​វាសនា​ប្រទេស​ជាតិ ​រី​ឯ​បរទេស​គ្រាន់​តែ​អ្នក​សាក្សី​ប៉ុណ្ណោះ។​

នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​ លោក ​កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​បាន​ជួប​សកម្មជន​និង​អ្នក​នយោបាយ​ទាំង​១៥​នាក់​ដែល​ជាប់​ពន្ធនាគារ​ ហើយ​ពួក​គេ​មាន​ជំហរ​រឹងមាំ​ ​តែ​អ្នក​ខ្លះ​មាន​សុខភាព​ទ្រុឌទ្រោម៕

No comments: