A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 January 2016

ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ក្រុម​បាតុករ​តវ៉ា​រឿង​យុត្តិធម៌​សន្លឹក​ឆ្នោត​នៅ​ទីលាន​ប្រជាធិបតេយ្យ

ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ក្រុម​បាតុករ​តវ៉ា​រឿង​យុត្តិធម៌​សន្លឹក​ឆ្នោត​នៅ​ទីលាន​ប្រជាធិបតេយ្យ
ដោយ ម៉ម មុនីរតន៍
2016-01-04 rfa

កម្លាំង​ចម្រុះ​ដែល​មាន​ចង​កន្សែង​ក្រហម​នៅ​នឹង​ដៃ បណ្ដេញ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA


ថ្វី​បើ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ដែល​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ និង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល បាន​ចុះ​បង្ក្រាប​បោស​សម្អាត​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​គណបក្ស​ជំទាស់​រាប់​ពាន់​នាក់ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​ហ៊ុមព័ទ្ធ​បន្លា​លួស​កាល​ពី​ពេល​នោះ​ក្ដី តែ​នៅ​ពេល​នេះ ទីលាន​ប្រជាធិបតេយ្យ​ប្រែ​ជា​មាន​សភាព​ស្ងប់ស្ងាត់។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គណបក្ស​ពុំ​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​បណ្ដេញ​បាតុករ​របស់​ខ្លួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ពីរ​ឆ្នាំ​មុន​ក្ដី ក៏​មេ​ដឹក​នាំ​គណបក្ស​នៅ​តែ​ចងចាំ​ជានិច្ច​ចំពោះ​ព្រឹត្តិការណ៍​នៅ​ពេល​នោះ។

នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៦ ទីលាន​ប្រជាធិបតេយ្យ​បាន​ប្រែ​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ ជំនួស​មក​វិញ​នូវ​ការ​ដាក់​តាំង​រថយន្ត កន្លែង​រក្សា​គ្រឿង​សំណង់ និង​តូប​លក់​ដូរ​តូចៗ ដែល​ខុស​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ដែល​ជា​ថ្ងៃ​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា និង​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ហេតុផល​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង​នោះ តែ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​យក​ទីតាំង​នេះ​ដើម្បី​ធ្វើ​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ទាមទារ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត​នោះ​ទេ។

នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ មក​ទល់​ពេល​នេះ​មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ។ កាល​ណោះ គឺ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​ភៀស​ខ្លួន​ចេញ​ទាំង​ព្រលឹង​ចុង​សក់ មាន​ទាំង​កុមារ មនុស្ស​ចាស់ រួម​ទាំង​ព្រះសង្ឃ​ផង នៅ​គ្រា​ពួក​គេ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​សន្លឹក​ឆ្នោត ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង​នោះ។ ម្នាក់ៗ​រត់​គេច​ពី​ការ​វាយ​ដំ​ដោយ​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល និង​ពុំ​បាន​យក​អ្វី​តាម​ខ្លួន​ច្រើន​ឡើយ។ ក្រោយ​ពី​រត់​គេច​ពី​ការ​បណ្ដេញ​នេះ មាន​សម្ភារៈ​ជាច្រើន​ត្រូវ​បន្សល់​ទុក​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ឧបករណ៍​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដក​ហូត និង​រឹប​អូស​មួយ​រយៈពេល​ដែរ មុន​នឹង​ប្រគល់​ឲ្យ​វិញ។

នៅ​មុន​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​យុត្តិធម៌​រឿង​សន្លឹក​ឆ្នោត ក្នុង​នោះ​មាន​ព្រះសង្ឃ មនុស្ស​ពេញ​វ័យ កុមារ និង​មនុស្ស​ចាស់​ផង បាន​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​របស់​ពួក​គេ​អស់​រយៈពេល​ជាច្រើន​ខែ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​ដែល​ក្រុម​អ្នក​តវ៉ា​ចាត់​ទុក​ថា គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​មិន​ត្រឹមត្រូវ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។



ការ​ចុះ​អនុវត្ត​បទបញ្ជា​ក្រោម​ហេតុផល​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង​នៅ​ពេល​នោះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ដ៏​រង្គាល​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ និង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​កម្មករ និង​សហជីព ត្រូវ​បាន​កងពល​នៃ​កង​អង្គភាព​យោធា​៩១១ ចុះ​បង្ក្រាប​នៅ​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

អ្នក​បើក​ម៉ូតូ​កង់​បី លោក វឿន ឃ្លោក បាន​រំឭក​ថា លោក​ហាក់​រន្ធត់​នៅ​ពេល​ដែល​ឃើញ​មនុស្ស​រាប់​រយ​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បណ្ដេញ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទាំង​បង្ខំ​នៅ​គ្រា​នោះ។ លើស​ពី​នេះ​ទៀត លោក​ក៏​ចង់​ឃើញ​មាន​ព្រឹត្តិការណ៍​ដើម្បី​រំឭក​ពី​ការ​ចងចាំ ចំពោះ​ហេតុការណ៍​ដ៏​សោកសៅ​មួយ​នេះ ក្នុង​ការ​ដាស់​ស្មារតី​ឲ្យ​មេ​ដឹក​នាំ​យល់​ពី​តម្រូវ​ការ និង​ភាព​ចាំបាច់​នានា ជាពិសេស​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ ក្រោយ​ពេល​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ដឹក​នាំ​ហើយ​នោះ។ លោក​បន្ត​ថា «អូ! បង​អើយ​រត់​ជាន់​គ្នា​ម៉ង​កន្លែង​ហ្នឹង។ រត់​ប្រសេចប្រសាច​ពេញ​តែ​ហ្នឹង។ រត់​ដែរ​បង រត់​ដែរ​ព្រោះ​ខ្លាច ខ្លួន​ឯង​ផ្ទាល់​រត់​ដែរ។ ដូច​ស្ងាត់​ដែរ ព្រោះ​មិន​ទាន់​ហ៊ាន និង​ធ្វើ​អី​ក៏ដោយ​ឥត​ហ៊ាន​និយាយ​ចេញ​ពី​ខ្លួន​ឯង»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ លោក ស៊ុំ ហៃ យល់​ឃើញ​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដូចជា​មាន​កំណត់​ដោយ​ច្បាប់​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច ហើយ​សិទ្ធិ​សម្ដែង​មតិ​ដែល​គាំពារ​ដោយ​ច្បាប់​នោះ​ទៀត​សោត ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​តែ​ចង់​រឹត​បន្តឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ឥត​ឈប់​ឈរ។ លោក ស៊ុំ ហៃ និយាយ​ទៀត​ថា ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ក្រុម​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពីរ​ឆ្នាំ​មុន​នោះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​អំណាច។ ម្យ៉ាង​វិញ​ទៀត យន្តការ​ដែល​រដ្ឋាភិបាល​អនុវត្ត​កាល​ណោះ គឺ​ចង់​ឲ្យ​គណបក្ស​ជំទាស់​ត្រូវ​ចុះ​ខ្សោយ​ឥទ្ធិពល។ មិន​ខុស​ពី​គ្នា​ទេ លោក ស៊ុំ ហៃ អះអាង​ថា ភាព​ស្ងប់ស្ងាត់​នៅ​ពេល​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម្បី​ធ្វើ​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ទាំង​បង្ខំ ក៏​ពុំ​អាច​ធ្វើ​ទៅ​បាន​នោះ ក៏​ព្រោះ​តែ​គណបក្ស​ជំទាស់​រង​នូវ​គំនាប ដោយសារ​រដ្ឋាភិបាល​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ត្រូវ​ចុះ​ខ្សោយ។ លោក​បន្ត​ថា «ឥឡូវ​នេះ ពេល​នេះ បច្ចុប្បន្ន​នេះ និង​ម៉ោង​នេះ ខ្ញុំ​យល់​ច្បាស់​ណាស់​ថា គំនាប​គាប​ខ្លាំង​ក្រោយ​ពេល​ធ្វើ​បាតុកម្ម​ទម្លាក់ កឹម សុខា ពី​អនុប្រធាន​រដ្ឋសភា ហើយ​ក្រោយ​មក​វាយ​ដំ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ បន្ត​មក​ទៀត ទម្លាក់ លោក សម រង្ស៊ី និង​ចាប់​ខ្លួន លោក សម រង្ស៊ី។ ក្រោយ​មក​ខ្ញុំ​ស្ដាប់ និង​ពិនិត្យ​ឃើញ​ថា អន្តរជាតិ​គាប​ទៅ​លើ​គណបក្ស​មាន​អំណាច។ ក្រោយ​មក​ឃើញ​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ស្ងប់ស្ងាត់​នេះ​ខ្ញុំ​យល់​ថា​ក៏​នៅ​តែ​មិន​ល្អ​ដែរ»។

ផ្ទុយ​ពី​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ចាត់​ទុក​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ដើម​ឆ្នាំ​២០១៤ នោះ ថា​ជា​ផ្នែក​មួយ​ក្នុង​ការ​បោស​សម្អាត​ក្រុម​អនាធិបតេយ្យ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក ឡុង ឌីម៉ង់ មិន​យល់​ឃើញ​ថា ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នោះ ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​នោះ​ឡើយ។ លោក​បន្ត​ថា «ឥត​ទេ​យើង​ប្រើប្រាស់​វិធានការ​ដើម្បី​បញ្ចប់​បញ្ហា តវ៉ា​អនាធិបតេយ្យ​បែប​ហ្នឹង។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​ជីវភាព​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ»។

ជុំវិញ​រឿង​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ជំទាស់ អះអាង​ថា ការ​ស្ងប់ស្ងាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពុំ​មែន​មាន​ន័យ​ថា ជា​ការ​បំភ្លេច​ព្រឹត្តិការណ៍​នោះ​ចោល​ទាំង​ស្រុង​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា អ្វី​ដែល​គណបក្ស​រក្សា​ជំហរ​ស្ងប់ស្ងាត់​នៅ​ពេល​នេះ ក៏​ព្រោះ​តែ​មាន​មធ្យោបាយ​ច្រើន​ណាស់​ក្នុង​ការ​រំឭក​ព្រឹត្តិការណ៍ ដូចជា​តាម​រយៈ​សេចក្ដី​រាយការណ៍ ជាដើម។ បន្ថែម​លើ​នេះ លោក យឹម សុវណ្ណ និយាយ​ថា ជម្រើស​នៃ​ការ​ផ្លាស់ប្ដូរ​តែ​មួយ​គត់​របស់​គណបក្ស​ជំទាស់​នោះ គឺ​តាម​រយៈ​មធ្យោបាយ​អហិង្សា និង​ការ​ប្រកួត​ប្រជែង​ដោយ​សន្តិវិធី។ លោក​បន្ត​ថា «កាលៈទេសៈ​ខ្លះ​យើង​រំឭក​ចេញ​ជា​ព្រឹត្តិការណ៍​ចេញ ជា​វិធី​ហើយ​កាលៈទេសៈ​រំឭក​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍។ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក​ប្រធាន សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា ក៏​តែង​តែ​សម្ដែង​មតិ​ក្នុង​នាម​គណបក្ស។ ដូច្នេះ​ការ​សម្ដែង​ទុក្ខ​ព្រួយ ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ចូលរួម​ប្រារព្ធ​ធ្វើ​ពិធី យើង​អាច​ធ្វើ​បាន​ច្រើន​ណាស់»។

ពាក់ព័ន្ធ​រឿង​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាត់​ទុក​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហាក់​នៅ​តែ​ប្រឈម​ខ្ពស់​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

របាយការណ៍​របស់​អង្គការ​ក្រុម​ការងារ ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) ចេញ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​នេះ​រក​ឃើញ​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម ៥០​ភាគរយ បាន​ន័យ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​រួម​តូច​នៅ​ឡើយ។

នៅ​អំឡុង​ពេល​ជាប់​គាំង​នយោបាយ ហើយ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ គឺ​មាន​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ បាត់​ខ្លួន​យុវជន ខឹម សុផាត និង​របួស​ជាច្រើន​នាក់​ទៀត ដោយសារ​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​បង្ក្រាប​បាតុករ​ទាំង​នោះ៕

No comments: