A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 October 2015

ចលនា​ភូមិ​ថ្មី​បាន​ជួយ​ពល​រដ្ឋ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ចំណាក​ស្រុក

ចលនា​ភូមិ​ថ្មី​បាន​ជួយ​ពល​រដ្ឋ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ចំណាក​ស្រុក
Thu, 8 October 2015 ppp
ប៊ុត រស្មីគង្គា
ស្ត្រី ​អ្នក​ភូមិ​កំពង់​ថ្នល់​ម្នាក់ និង​ផ្ទះ​របស់​គាត់ ដែល​ត្រូវ​បាន​មជ្ឈមណ្ឌល​ចលនា​ភូមិ​ថ្មី​របស់​ប្រទេស​កូរ៉េ​សង់​ឲ្យ​។ ប៊ុត រស្មីគង្គា

ព្រៃវែងៈ កាល​ពី​មុន​កូន​ទាំង ៧​នាក់​របស់​លោក សុខ សុខុម បាន​ធ្វើ​ចំណាក​ស្រុក ទៅ​កាន់​ប្រទេស​ថៃ និង​បណ្តា​ខេត្ត​ ក្រុង​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​ រក​ប្រាក់​មក​ជួយ​ផ្គត់​ផ្គង់​​ជីវភាព​គ្រួសារ​ ដែល​ក្រី​ក្រ ខណៈ​ដែល​មនុស្ស​ពេញ​កម្លាំង​រហូត​ដល់​ប្រមាណ ៩០ ភាគ​រយ​ នៅក្នុង​ភូមិ​កំពង់​ថ្នល់​ ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​ ក៏​ធ្វើ​ចំណាក​ស្រុក​ដូច​គ្នា​ផង​ដែរ។

ប៉ុន្តែ​កូន​ៗ​របស់​លោក សុខុម និង​កូន​អ្នក​ភូមិ​ដទៃ​ទៀត បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​មជ្ឈ​មណ្ឌល​ចល​នា​ភូមិ​ថ្មី​ របស់​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចូល​ទៅ​ជួយ​ធ្វើ​ការ​អភិវឌ្ឍ​ភូមិ​កំពង់​ថ្នល់ ក្នុង​ឆ្នាំ​២០០៩ ដោយ​បាន​ បណ្តុះ​គំនិត​ឲ្យ​អ្នក​ភូមិ​ចេះ​ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង​។

លោក សុខុម ដែល​មាន​វ័យ ៦០ ​ឆ្នាំ បាន​និយាយ​ថា នៅ​មុន​ពេល​ដែល​ចលនា​ភូមិ​ថ្មី មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​កំពង់​ថ្នល់​ មាន​ជីវភាព​ក្រីក្រ តោក​យ៉ាក​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ពុំ​មាន​មុខ​របរ​អ្វី​ធ្វើ​ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ក្នុង​មួយ​ឆ្នាំ​ម្តង ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹក​ភ្លៀង និង​ការ​ធ្វើ​នេសាទ​ត្រី​បន្តិច​បន្តួច​។



លោក​បញ្ជាក់​ថា​៖​«ដោយ​សារ​តែ​ពុំ​មាន​មុខ​របរ​អ្វី កូន​ៗ​ទាំង​ ៧ នាក់​របស់​ខ្ញុំ បាន​ធ្វើ​ចំណាក​ស្រុក ទៅ​កាន់​ខេត្ត​ឆ្ងាយៗ និង​ទៅ​ប្រទេស​ថៃ ដើម្បី​រក​លុយ ចិញ្ចឹម​គ្រួសារ​ដែល​ទី​ទាល់​ក្រ»។ លោក សុខុម ​បន្ថែម​ថា ប៉ុន្តែ ចាប់​តាំង​ពី​ចលនា​ភូមិ​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៩ មក បាន​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ស្ទើរ​តែ​ទាំង​ស្រុង។

រហូត​មក​ទល់​ពេល​នេះ ភូមិ​កំពង់​ថ្នល់ មាន​ផ្លូវ​លំ​ស្អាត ​មាន​ប្រឡាយ​ទឹក សម្រាប់​ស្រោច​ស្រព ក្នុង​ការ​ធ្វើ​កសិកម្ម ក្នុង​មួយ​ឆ្នាំ​បាន​រហូត​ដល់​ទៅ​៣ ដង ដោយ​មិន​ធ្វើ​ស្រែ​ប្រវាស់​មេឃ​ដូច​មុន​ទៀត​ឡើយ ហើយ​អ្នក​ភូមិ​បាន​ចង​ក្រង​គ្នា​ បង្កើត​ជា​សហគមន៍​មួយ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ផង និង​សហគមន៍​ផង​ ដោយ​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ ក្នុង​ការ​ធ្វើ​កសិកម្ម​ ឲ្យ​ទទួល​បាន​ទិន្នផល​ច្រើន ការ​ចិញ្ចឹម​សត្វ ដូច​ជា​ចិញ្ចឹម​ជ្រូក គោ និង​ដាំ​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ទៀត ពី​អ្នក​ជំនាញ​កូរ៉េ និង​ការ​ផ្តល់​ទុន​ពី​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី​។

លោក​​សុខុម បាន​បញ្ជាក់​ទៀត​ថា​៖«មិន​តែ​ប៉ុណ្ណោះ ចលនា​ភូមិ​ថ្មី ភូមិ​កំពង់​ថ្នល់​នេះ បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត និង​ទម្លាប់​របស់​អ្នក​ភូមិ ឲ្យ​ចេះ​សហការ​គ្នា ធ្វើ​ការ​រួម​សាមគ្គី​គ្នា និង​ស្រុះ​ស្រួល​មូល​មតិ​គ្នា ដើម្បី​ធ្វើការ​​អភិវឌ្ឍ​ភូមិ​របស់​ពួក​យើង​ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ប្រសើរ​ជាង​មុន​ហើយ​កូន​ៗ​របស់​ខ្ញុំ ក៏​បាន​វិល​ត្រឡប់​ពី​ការ​ធ្វើ​ចំណាក​ស្រុក​វិញ​ដែរ​»។

អ្នក​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី យ៉ង់ គំអូន អាយុ​ ៤០ ឆ្នាំ ដែល​មាន​កូន​ ៥​ នាក់​ក្នុង​បន្ទុក បាន​និយាយ​ថា កាល​ពី​មិន​ទាន់​បង្កើត​ចលនា​ភូមិ​ថ្មី​ អ្នក​ភូមិ​កំពង់​ថ្នល់ មាន​ជីវភាព​ក្រីក្រ និង​រស់​នៅ​តែ​ផ្ទះ​ប្រក់​ស្លឹក​រយីក​រយាក​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវ អ្នក​ភូមិ​បាន​ប្រែ​ក្លាយ​ពី​ផ្ទះ​ប្រក់​ស្លឹក ទៅ​ជា​ផ្ទះ​ប្រក់​ស័ង្កសី ឬផ្ទះ​ថ្ម ស្ទើរ​ទាំង​អស់​គ្នា​ទៅ​ហើយ។ អ្នក​ស្រី​បញ្ជាក់​ថា​៖«ម្យ៉ាង​វិញ​ទៀត​ពួក​យើង​ក៏​មាន​ជីវភាព​ល្អ​ប្រសើរ ជាង​មុន ព្រោះ​មាន​មុខ​របរ​ពិត​ប្រាកដ​ធ្វើ និង​អាច​ធ្វើ​ស្រែ​បាន ៣ ឬ ៤ ដង ក្នុង​មួយ​ឆ្នាំ​ដោយ​ម្តង​ទទួល​បាន​ទិន្ន​ផល​ស្រូវ​ ៦ តោន​ក្នុង ​១ ហិកតា»។

ភូមិ​កំពង់​ថ្នល់ ក្នុង​ស្រុក​ព្រះ​ស្តេច គឺ​ជា​ភូមិ​គំរូ​មួយ ក្នុង​ចំណោម​ភូមិ​ចំនួន​ពីរ​ក្នុង​ខេត្ត​ព្រៃ​វែង​ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍ​យក​គំរូ​តាម​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​ ២០០៩ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​បច្ចេក​ទេស​ ពី​សំណាក់​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី​ របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចលនា​ភូមិ​ថ្មី បាន​ជួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង ឲ្យ​រួច​ផុត​ពី​ប្រទេស ដែល​ក្រ​ជាង​គេ​ នៅ​លើ​ពិភពលោក ដោយ​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​តែ​ដើរ​សុំ​ជំនួយ​ពី​គេ​ទៅ​ជា​ប្រទេស​អ្នក​មាន​ និង​ដើរ​ចែក​អំណោយ​ដល់​ប្រទេស​អ្នក​ក្រីក្រ​វិញ ដោយ​សារ​តែ​ប្រទេស​មួយ​នេះ ​បាន​អនុវត្ត​ដោយ​ផ្អែក​លើ​គោល​ការណ៍​ឧស្សាហ៍​ព្យាយាម​ជួយ​ខ្លួន​ឯង និង​សហ​ប្រតិបត្តិការ។ នេះ​បើ​តាម លោក​បណ្ឌិត ថេង ច័ន្ទ​សង្វារ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី «ដំណើរ​ឆ្ពោះ​ទៅ​ចលនា​ភូមិ​ថ្មី​ទាំង​អស់​គ្នា ​ជា​មួយ​សេចក្តី​សង្ឃឹម​ថ្មី​ ក្នុង​ប្រទេស​កម្ពុជា» ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ភូមិ​គំរូ​កំពង់​ថ្នល់ ​ខេត្ត​ព្រៃ​វែង កាល​ពីថ្ងៃ​ទី​២២ ខែ​កញ្ញា។

លោក ច័ន្ទ​សង្វារ បាន​និយាយ​ថា​៖​«នេះ​គឺជា​រឿង​អច្ឆរិយ​មួយ​ ដែល​យើង​គួរ​តែ​រៀន​សូត្រ​តាម។ ឥឡូវ​នេះ ចលនា​ភូមិ​ថ្មី​ ក្លាយ​ទៅ​ជា​គំរូ​ សម្រាប់​ការ​អភិវឌ្ឍ​ជន​បទ ប្រកប​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

លោក​បន្ត​ថា ដើម្បី​អភិវឌ្ឍ​ជន​បទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា រាជ​រដ្ឋាភិបាល​ បាន​នាំ​យក​ស្មារតី និង​ផ្នត់​គំនិត​ចលនា​ភូមិ​ថ្មី​ របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​អនុវត្ត​ នៅ​ភូមិ​ចំនួន ២ គឺ​នៅ​ភូមិ​កំពង់​ថ្នល់ និង​ភូមិ​សុណន​ចៃ ស្ថិត​ក្នុង​ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង​ នៅ​ក្នុង​ឆ្នាំ ២០០៩​។ ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី​ទាំង​ ២​ នេះ ​ត្រូវ​បាន​គាំទ្រ​ថវិកានិង​បច្ចេក​ទេស ​ពី​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

បន្ទាប់​ពី​បញ្ចាប់​គម្រោង​សាក​ល្បង​នៅ​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ ចលនា​ភូមិ​ថ្មី​ទាំង ២ បាន​សម្រេច​នូវ​ភាព​ជោគ​ជ័យ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ នៅ​ជនបទ ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ ឬសហគមន៍ ព្រម​ទាំង​បាន​ផ្តល់​នូវ​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​និង​បាន​បំផុស​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែងរ​បស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​កសាងភូមិ​ ឬ​សហគមន៍​របស់​ពួក​គេ​ឲ្យ​មាន​ការ​រីក​ចម្រើន ឥត​ឈប់​ឈរ។

លោក​ ច័ន្ទ​សង្វារ ​បន្ត​ថា​ ដោយ​សារ​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ភូមិ​គំរូ​ទាំង​ពីរ​ខាង​លើ រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បង្កើត​ភូមិ​គំរូ​ ចលនា​ភូមិ​ថ្មី​ឲ្យ​បាន​ ៤០ ភូមិ​ទៀត នៅ​ចុង​ឆ្នាំ ២០១៥ និង​ដើម​ឆ្នាំ​២០១៦ ខាង​មុខ ដែល​ក្នុង​នោះ​មាន​ ១០ ​ភូមិ​ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ១០ ភូមិ​ នៅ​ខេត្ត​តាកែវ ១០ ភូមិ​ នៅ​ខេត្ត​កំពង់ស្ពឺ និង ១០ ភូមិ​ទៀត នៅ​ក្នុង​ខេត្ត​ព្រៃវែង។

លោក ច័ន្ទសង្វារ បញ្ជាក់​ថា​៖«ដោយ​សារ​តែ​ទទួល​បាន​ជោគ​ជ័យ​ពី​ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី​ទាំង​ ២​ ខាង​លើ​នេះ រាជរដ្ឋាភិបាល​ នឹង​ពង្រីក​ចលនា​ភូមិ​ថ្មី​នេះ ឲ្យ​បាន ជាង​ ១៤០០០ ភូមិ​នៅ​ទូទាំង​ខេត្ត-ក្រុង នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ពេល​អនាគត»។

លោក​បណ្ឌិត Shim Choon Chong ប្រធាន​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា ចលានា​ភូមិ​ថ្មី​ មិន​ត្រឹម​តែ​ជា​ការ​ចូលរួម ជា​លក្ខណៈ​ចលនា​ជាតិ​ និង​ស្ម័គ្រ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ ជាមួយ​នឹង​ផ្នត់​គំនិត«ខ្ញុំ​អាច​ធ្វើ​បាន» ជាមួយ​គម្រោង​សម្រាប់​លើក​កម្ពស់​បរិស្ថាន​ជីវិត និង​ការ​បង្កើន​ប្រាក់​ចំណូល​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ជា​ចលនា​កំណែ​ទម្រង់​មនសិការ​នៃ​ប្រជា​ពលរដ្ឋ​កូរ៉េ​ទៀត​ផង។

លោក​បន្ត​ថា​៖«ហេតុ​ដូច្នេះ ​តាម​រយៈ​ការ​ផ្ទេរ និង​ការ​កំណត់​ច្បាស់​លាស់ នៃ​ចលនា​ភូមិ​ថ្មី ទៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី​ប្រទេស​កូរ៉េ ខិតខំ​ជួយ​ឧបត្ថម្ភ​នូវ​ការ​បង្កើត​ភាព​ក្សេម​ក្សាន្ត នៅ​ទី​កន្លែង ​ដែល​មនុស្ស​ម្នាក់ៗ រស់​នៅ​បាន​ល្អ»។

លោក​បន្ថែម​ថា មជ្ឈមណ្ឌល​ចលនា​ភូមិ​ថ្មី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា និង​អ្នក​បច្ចេក​ទេស ដល់​កម្ពុជា ក្នុង​ការ​បង្កើត​ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី ២ នៅ​ខេត្ត​ព្រៃ​វែង​ ដើម្បី​បង្កើត​ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី តាំងពី​ឆ្នាំ ២០០៩​ក្នុង​គោល​បំណង​ ធ្វើ​ឲ្យ​សម្រេច​នូវ​សារៈ​សំខាន់ ​នៃ​តម្លៃ​ចលនា​ភូមិ​ថ្មី ការ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង ដែល​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​បាន​ប្រសើរ​ឡើង។

លោក Noh Sichool ទីប្រឹក្សា​ចលនា​ភូមិ​ថ្មី ​របស់​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​កូរ៉េ ប្រចាំ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​ឲ្យ​ដឹង​ថា​ ចលនា​ភូមិ​ថ្មី គឺជា​កម្មវិធី​អភិវឌ្ឍន៍​ជន​បទ​សហគមន៍​ចម្រុះ​ជា​មូលដ្ឋាន​នៃ​សាធារណ​រដ្ឋ​កូរ៉េ ​ដែល​បាន​កំណែ​ទម្រង់ ​ប្រទេស​កូរ៉េ ពី​ប្រទេស​ទទួល​ជំនួយ ទៅ​ជា​ប្រទេស​ផ្តល់​ជំនួយ។ អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ នៃ​ចលនា​ភូមិ​ថ្មី ពី​កម្មវិធី​អភិវឌ្ឍន៍​ផ្សេង​ទៀត គឺ​ការ​ចូលរួម​ និង​គោល​ការណ៍​៣​យ៉ាង​គឺ ឧស្សាហ៍​ព្យាយាម ​ជួយ​ខ្លួន​ឯង និង​សហប្រតិបត្តិការ។

លោក​បន្ថែម​ថា ចលនា​ភូមិ​ថ្មី​ ផ្តោត​លើ​ ៣​ ចំណុច​ធំៗ​គឺ ទី១ ជ្រើសរើស និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ភូមិ ដោយ​ពួក​គេ​ផ្ទាល់ ក្នុង​រយៈ​ពេល​យូរ ទី ២ លើក​កម្ពស់​បរិស្ថាន​រស់​នៅ​តាម​រយៈ​ការ​សហការ​គ្នា និង​ចែក​រំលែក​ធន​ធាន​ ទី ៣ បង្កើន​ប្រាក់​ចំណូល​ តាម​រយៈ​ប្រភព​ចំណូល​ផ្សេងៗ ជា​មួយ​នឹង​បច្ចេក​ទេស​សម​ស្រប​។ ចលនា​ភូមិ​ថ្មី បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​ការ​អភិវឌ្ឍ​សហករណ៍​ក្នុង​រយៈពេល​យូរ​អង្វែង​មួយ ដោយ​ផ្តល់​អំណាច​ទៅ​សហគមន៍​មូល​ដ្ឋាន។

លោក កុក សារឿន ប្រធាន​ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី​ ភូមិ​កំពង់​ថ្នល់ ​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​មាន​ការ​បង្កើត​ចលនា​ភូមិ​ថ្មី​មក​បាន​កែប្រែ​មុខ​មាត់​ភូមិ​កំពង់​ថ្នល់​ឲ្យ​មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់ ​ជា​ពិសេស​ ធ្វើ​ឲ្យ​មាន​ផ្លូវ​ថ្នល់​ក្នុង​ភូមិ ប្រព័ន្ធ​ស្រោច​ស្រព​ សម្រាប់​ធ្វើ​កសិកម្ម ក្នុង​មួយ​ឆ្នាំ បាន​ពី ៣ ទៅ​៤ ដង ព្រម​ទាំង​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​អ្នក​ភូមិ ឲ្យ​ចេះ​ជួយ​គ្នា និង​រួម​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ផង​ដែរ។

លោក​បញ្ជាក់​ថា​៖«កាល​ពី​មុន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ ៩០​ ភាគ​រយ​បាន​ធ្វើ​ចំណាក​ស្រុក ប៉ុន្តែ​ឥឡូវ ពួក​គេ​វិល​ចូល​ភូមិ​វិញ​ហើយ​»។

ភូមិ​កំពង់​ថ្នល់ ​ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះ​សេ្តច ខេត្ត​ព្រៃវែង។ បើ​តាម​លោក​សា រឿន ភូមិ​នេះ មាន​ផ្ទៃ​ដី​សរុប​ ១១១ ហិកតា ផ្ទៃ​សម្រាប់​ធ្វើ​កសិកម្ម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ១០០​ ហិកតា មាន​ប្រជា​ពលរដ្ឋ​ចំនួន ៧៨ គ្រួសារ មាន​មនុស្ស ៣៣៦ នាក់ (ស្រី​ ២០១ ​នាក់) មាន​ចំណូល​សំខាន់ៗ ​គឺ​ធ្វើ​ស្រែ នេសាទ និង​ ចិញ្ចឹម​សត្វ។ ចំណែក​ឯ​ភូមិ​គំរូ​ចលនា​ភូមិ​ថ្មី​ សុណន់​ចៃ គឺ​ស្ថិត​នៅ​ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះ​ស្តេច មាន​ផ្ទៃ​ដី​សរុប​ ២០៥ ហិកតា ផ្ទៃ​សម្រាប់​ធ្វើ​កសិកម្ម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ១៨៧ ហិកតា មាន​ប្រជា​ពលរដ្ឋ ២១៣ គ្រួសារ ក្នុង​នោះ​មាន​មនុស្ស​ ៩១២ នាក់ (ស្រី ៤៧៤ នាក់) មាន​ចំណូល​សំខាន់ៗ ធ្វើ​ស្រែ នេសាទ និង​ចិញ្ចឹម​សត្វ។

លោក ​ប៉ិច សុង អភិបាល​ស្រុក​ព្រះ​ស្តេច បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ចុង​ឆ្នាំ​ ២០១៥ ​និង ដើម​ឆ្នាំ ២០១៦ ខាង​មុខ លោក​មាន​គម្រោង​នឹង​ពង្រីក​ចលនា​ភូមិ​ថ្មី​នេះ ​ទៅ​កាន់​ឃុំ​ចំនួន​ ៩​ ផ្សេង​ទៀត ​ដើម្បី​អភិវឌ្ឍ និង​លើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ ចេះ​គ្រប់​គ្រង​ជីវភាព​របស់​ពួក​គាត់ ​ឲ្យ​មាន​ការ​រីក​ចម្រើន​ហើយ​ប្តូរ​ផ្នត់​គំនិត​របស់​ពួក​គាត់​ដែល​ធ្លាប់​តែ មាន​គំនិត​មួយ​ថា «​រក​បាន​ប៉ុន្មាន​ហូប​ប៉ុណ្ណឹង ប្តូរ​ផ្នត់​គំនិត​ពួក​គាត់​ឲ្យ​ធ្វើ​អ្វី ក៏​លឿន គិត​អ្វី​ក៏​លឿន ធ្វើ​កិច្ចការ​អី គឺ​មាន​ការ​រួម​សហការ​គ្នា​ទាំង​ភូមិ​តែ​ម្តង​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ភូមិ​របស់​ពួក​ខ្លួន​ឲ្យ​មាន​ការ​រីក​ចម្រើន​ នា​ពេល​អនាគត»។

លោក​ប៉ិច សុង បាន​សំណូមពរ​ឲ្យ​មជ្ឈ​មណ្ឌល​ចលនា​ភូមិ​ថ្មី ប្រទេស​កូរ៉េ​ខាង​ត្បូង​ បន្ត​ជួយ​ផ្តល់​ការ​បណ្តុះ​បណ្តាលប​ច្ចេកទេស​បន្ថែម​ទៀត និង​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ផ្នត់​គំនិត និង​ថវិកា​ខ្លះ​ទៀត​ ដល់​ឃុំ​ទាំង​៩​ នោះ​ ដើម្បី​អភិវឌ្ឍ​ដូច​ជា​ការ​ជួយ​សង់​ផ្ទះ ផ្តល់​ប្រាក់​ឲ្យ​ប្រជា​ពល​រដ្ឋ​ទិញ​គោ ឬ​ជ្រូក​ចិញ្ចឹម​និង​ជួយ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ភូមិ​ដូច​ជា​ប្រឡាយ​ទឹក​សម្រាប់​ស្រោច​ស្រព​ធ្វើ​កសិកម្ម​ និង​ធ្វើ​ផ្លូវ​ក្នុង​ភូមិ​ទាំង ៩​នោះ​៕

No comments: