A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 October 2015

លោក សម រង្ស៊ី​បដិសេធ​ការ​ចោទ​ថា​បក្ស​ប្រឆាំង​នឹង​​ធ្វើ​បាប​អ្នក​មាន​ពេល​កាន់​អំណាច

លោក សម រង្ស៊ី​បដិសេធ​ការ​ចោទ​ថា​បក្ស​ប្រឆាំង​នឹង​​ធ្វើ​បាប​អ្នក​មាន​ពេល​កាន់​អំណាច
ដោយ យាង សុជាមេត្តា
2015-10-02 rfa
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះជាតិ ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Uon Chhin

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​មិន​ធ្វើ​បាប​អ្នក​មាន​ទ្រព្យធន​ពេល​ខ្លួន​ឡើង​កាន់​អំណាច ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ឡើយ។

ការ​អះអាង​របស់​លោក សម រង្ស៊ី បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី "ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ" ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែ​តុលា នា​សណ្ឋាគារ អ៊ីមភើរៀល (Imperial Garden) រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី ថ្លែង​ថា អ្នក​មាន​ទ្រព្យសម្បត្តិ​ដែល​រក​ស៊ី​សុចរិត​ត្រឹមត្រូវ មិន​ត្រូវ​ព្រួយ​បារម្ភ​ថា ខ្លួន​នឹង​ត្រូវ​គេ​ធ្វើ​បាប​នោះ​ទេ ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បែប​នេះ ទំនង​ជា​លោក​មាន​បំណង​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ថ្លែង​ឲ្យ​អ្នក​មាន​ប្រយ័ត្ន​ខ្លួន ពេល​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច។

នៅ​ចំពោះ​មុខ​មន្ត្រី ប្រធាន អនុ​ប្រធាន​ក្រុម​ការងារ និង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី-​ខេត្ត គណបក្ស​សង្គ្រោះ​ជាតិ ជាង ១៥០​នាក់ លោក សម រង្ស៊ី លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​បក្ស​ប្រឆាំង​ថា ស្អប់​អ្នក​មាន ឬ​នឹង​ធ្វើ​បាប​អ្នក​មាន គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​បក្ស​សេរី​និយម ប្រជាធិបតេយ្យ​និយម មិន​មែន​ជា​ពួក​កុម្មុយនិស្ត​ផ្ដាច់ការ​ដែល​ស្អប់​អ្នក​មាន​ដូច​ខ្មែរ​ក្រហម​នោះ​ទេ។

លោក សម រង្ស៊ី៖ «ថា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្អប់​អ្នក​មាន តែ​ឡើង​មក​កាន់​អំណាច​កម្ចាត់​អ្នក​មាន យក​ទ្រព្យសម្បត្តិ​ពី​អ្នក​មាន​ទាំង​អស់​ទៅ​ចែក​អ្នក​ក្រ រហូត​ដល់​សម្លាប់​អ្នក​មាន​នេះ មិន​មែន​ជា​ទ្រឹស្ដី​ម៉ាកលេនីន ទេ នេះ​ជា​ទ្រឹស្ដី​ខ្មែរ​ក្រហម អ្នក​ណា​ដែល​និយាយ​អ៊ីចឹង ប្រហែល​មាន​អនុស្សាវរីយ៍​ខ្មែរ​ក្រហម​ច្រើន»។

លោក សម រង្ស៊ី ថ្លែង​បន្ត​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ដូច​សហរដ្ឋអាមេរិក ឬ​បារាំង ក្តី គេ​ត្រូវការ​អ្នក​មាន​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​គេ។ យ៉ាង​ណា​ក៏ដោយ លោក​ថា ដើម្បី​ឲ្យ​សង្គម​គោរព ឬ​ឲ្យ​តម្លៃ លុះ​ណា​តែ​អ្នក​មាន​នោះ​ជា​មនុស្ស​រក​ស៊ី​ដោយ​ស្រប​ច្បាប់ សុចរិត មិន​បៀតបៀន កេងប្រវ័ញ្ច ជាន់​ឈ្លី​អ្នក​តូច​ទាប ដើម្បី​បាន​ជា​ប្រយោជន៍​របស់​ខ្លួន។ ត្រង់​ចំណុច​នេះ​ហើយ ទើប​លោក សម រង្ស៊ី ក្រើន​រម្លឹក​ថា អ្នក​មាន​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ដោយ​ការ​រក​ស៊ី​ត្រឹមត្រូវ មិន​ចាំបាច់​ខ្លាច​ថា គេ​នឹង​ធ្វើ​បាប​ខ្លួន​នោះ​ទេ ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី។

​លោក សម រង្ស៊ី ថ្លែង​ដែរ​ថា ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត បក្ស​ប្រឆាំង​មួយ​នេះ នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ឯករាជ្យ មិន​ស្ថិត​ក្រោម​គំនាប​របស់​អ្នកនយោបាយ។ លោក​ថា មានតែ​តុលាការ​ឯករាជ្យ​ទេ ទើប​អាច​សម្រេច​សេចក្ដី​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​ពិត​ប្រាកដ។

លោក សម រង្ស៊ី ក៏​មិន​ភ្លេច​ក្រើន​រម្លឹក​អ្នក​មាន​ដែល​រកស៊ី​ទុច្ចរិត ឲ្យ​បញ្ឈប់​ការ​រក​ស៊ី​មិន​ត្រឹមត្រូវ​របស់​ខ្លួន ដើម្បី​ជៀសវាង​កុំ​ឲ្យ​តុលាការ​ចាត់ការ​ខ្លួន​ពេល​ដែល​កម្ពុជា មាន​តុលាការ​មួយ​ត្រឹមត្រូវ និង​ឯករាជ្យ៖ «ក្នុង​អំណាច​ផ្ដាច់ការ តុលាការ​គឺ​តាម​បញ្ជា យើង​អត់​ធ្វើ​អ៊ីចឹង​ទេ យើង​មិន​ឲ្យ​មាន​អ្នក​ណា​ទៅ​ចង្អុល​ឲ្យ​តុលាការ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ យើង​ត្រូវ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ពេល​មាន​ពាក្យ​បណ្ដឹង។ ខ្ញុំ​ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ប្រជារាស្ត្រ​ច្រើន​ណាស់​នឹង​ដាក់​ពាក្យ​បណ្ដឹង​រក​យុត្តិធម៌។ ជម្រាប​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ បង​ប្អូន​រង់ចាំ ពេល​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨ បង​ប្អូន​ដាក់​ពាក្យ​ទៅ​តុលាការ​ឯករាជ្យ តុលាការ​ចាំ​ទទួល​ពាក្យ​បណ្ដឹង​បង​ប្អូន»។

នេះ​ជា​លើក​ទី​១ ដែល​លោក សម រង្ស៊ី បាន​ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​លោក​វិល​ត្រឡប់​ពី​បរទេស​វិញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង​គឺ​គ្រាន់តែ​ជា​សារ​ដើម្បី​ឃោសនា នយោបាយ និង​បំភ័ន្ត​មតិ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ លោក​ថា កន្លង​មក​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា តែង​ចាត់​ទុក​អ្នក​មាន​ថា​ជា​ថៅកែ​ចិត្ត​ខ្មៅ ឧកញ៉ា​ចិត្ត​ខ្មៅ ឬ​អ្នក​វិនិយោគ​ចិត្ត​ខ្មៅ។

លោក​ថា ចំណុច​នេះ​ហើយ​ដែល​បង្ហាញ​ថា មេ​បក្ស​ប្រឆាំង​ជា​អ្នក​នយោបាយ​រើសអើង​វណ្ណៈ​នៅ​ក្នុង​សង្គម​កម្ពុជា៖ «គាត់​ថា បើ​គាត់​ឈ្នះ​ឆ្នោត គឺ​គាត់​រឹប​អូស​ទ្រព្យសម្បត្តិ​ដីធ្លី​របស់​អ្នក​មាន​ទៅ​ចែក​ឲ្យ​អ្នក​ក្រ នេះ​ជា​នយោបាយ​ខ្មែរ​ក្រហម គាត់​មិន​មែន​ខ្មែរ​ក្រហម​ទេ តែ​គាត់​យក​នយោបាយ​ខ្មែរ​ក្រហម​មក​អនុវត្ត ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ច្របូកច្របល់។ រឿង​នេះ​គាត់​ថា​តាំង​ពី​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ»។

​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​នោះ​ទេ។ លើស​ពី​នេះ លោក​ថា ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត កម្ពុជា​ក៏​គ្មាន​សង្គ្រាម​អ្វី​កើត​ឡើង​នោះ​ដែរ ទាំង​សង្គ្រាម​ផ្ទៃក្នុង និង​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង ដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ពេល​កន្លង​មក​នោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើ​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ ព្រមទាំង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង៕

No comments: