A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 October 2015

មន្ត្រី៖ កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន

មន្ត្រី៖ កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន
ដោយ ខែ សុណង
2015-10-02 rfa
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន លោក រស់ សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ទីស្នាក់ការ ​អង្គការ​ការីតាស់ (Caritas) នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Khe Sonorng

អង្គការសង្គម​ស៊ីវិល​ ជាង ១០​ស្ថាប័ន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​រួម​គ្នា​ផ្សព្វផ្សាយ​អំពី​ភាព​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​មុន​ផែនការ​រៀបចំ​ទិវា​អាស៊ាន​ស្ដីពី​ការ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៥។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចាត់​ទុក​ថា កម្ពុជា​អាច​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ មាន​ឡើង ដែល​មិន​ទាន់​ទាមទារ​ឲ្យ​គណៈកម្មាធិការ​អាស៊ាន ជួយ​ដោះស្រាយ​នៅ​ឡើយ។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន លោក រស់ សុវណ្ណ មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​នៅ​កម្ពុជា បាន​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ និង​គ្រោះ​រាំងស្ងួត​ជា​ច្រើន​ក្ដី ប៉ុន្តែ​កម្ពុជា​នៅ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ ឯង ពីព្រោះ​កម្រិត​នៃ​គ្រោះ​មហន្តរាយ​នេះ​នៅ​មាន​លក្ខណៈ​យឺត មិន​គំហុក​ដូច​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​នោះ​ទេ។

ថ្វី ​បើ​លោក​អះអាង​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា​ក៏​កំពុង​ប្រឈម​មុខ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ប្រទេស​ ក្នុង​តំបន់​ដែរ ដែល​ទាមទារ​ឲ្យ​កម្ពុជា ត្រៀម​ខ្លួន​បន្ត​ទៀត៖ «ប៉ុន្តែ​កន្លង​មក​យើង​អត់​ទាន់​ដែល​បាន​ស្នើ​សុំ​ឲ្យ​អាស៊ាន ជួយ​យើង​ទេ ដោយសារ​យើង​អត់​មាន​លទ្ធភាព​ដោះស្រាយ ជា​ពិសេស​យើង​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​នៅ​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល ហើយ​និង​អង្គការ​ដៃ​គូ​របស់​យើង​ទាំងអស់​ដែល​តែង​តែ​សហការ ផ្ដល់​ធុង​ចម្រោះ ផ្ដល់​តង់ ផ្ដល់​ការ​សម្របសម្រួល ជម្លៀស​ទី​ទួល​សុវត្ថិភាព គឺ​យើង​ដោះស្រាយ​បាន​ក្នុង​កម្រិត​មួយ​ដែល​គេ​ហៅ​ថា អាស៊ាន ក៏​គិត​ថា កម្ពុជា​ធ្វើ​បាន​ខ្លួន​ឯង​នៅ​ឡើយ មិន​ទាន់​ចាំបាច់​ត្រូវ​ការ​អាស៊ាន​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ក៏​ដោយ​បើ​សិន​ជា​យើង​ត្រូវ​ការ​គឺ​យើង​មាន​យន្តការ​នៃ ​ការ​ប្រតិបត្តិការ​រួម​គ្នា​ហើយ​ស្រេច»។

ការ​លើក​ឡើង​ របស់​លោក​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល នៅ​ស្នាក់ការ​អង្គការ​ការីតាស់ (Caritas) នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

កម្ពុជា ​គឺ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អាស៊ាន ឆ្នាំ​២០១៥ សហការ​ជាមួយ​លេខាធិការ​អាស៊ាន និង​អង្គការ​ដៃគូ​មួយ​ចំនួន នឹង​ប្រារព្ធ​ទិវា​អាស៊ាន​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ក្រោម​ប្រធានបទ "អាស៊ាន​ធន់​នឹង​គ្រោះ​មហន្តរាយ​តែ​មួយ" នៅ​ថ្ងៃ​ទី​៩ ថ្ងៃ​ទី​១០ ខែ​តុលា។ រី​ឯ​ប្រធានបទ​បន្ទាប់​នៃ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ឆ្នាំ​នេះ​ដែរ គឺ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឲ្យ​កុមារ​នៅ​តាម​សាលារៀន​និង​សហគមន៍​របស់​ ពួកគេ​ធន់​នឹង​គ្រោះ​មហន្តរាយ។

ផ្សារភ្ជាប់​ទៅ​នឹង​បញ្ហា​ គ្រោះ​មហន្តរាយ និង​ការ​អប់រំ​របស់​កុមារ​នេះ មន្ត្រី​ជំនាញ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​អង្គការ​ផ្លេន​អន្តរជាតិ (Plan) លោក ប៉ិល ពិសិដ្ឋ ថ្លែង​ថា អង្គការ​ផ្លេន និង​អង្គការ​ដៃគូ​ដែល​ទទួល​បាន​ឧបត្ថម្ភ​ពី​​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ធ្វើ​សកម្មភាព​ចម្បង​ក្នុង​អប់រំ​ដល់​សហគមន៍ និង​កុមារ​រស់​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ឲ្យ​មាន​ភាព​ធន់​នៅ​ក្នុង​គ្រោះ​ មហន្តរាយ។

លោក​ថា ការ​អប់រំ​បាន​ផ្ដោត​ទៅ​លើ​មុខ​សញ្ញា​គ្រោះថ្នាក់​សំខាន់ៗ ដូច​ជា គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ និង​រន្ទះ ដល់​ក្រុម​គោលដៅ ដូច​ជា សិស្ស គ្រូបង្រៀន និង​មន្ត្រី​អប់រំ ឲ្យ​ធ្វើ​ផែនការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​សាលា និង​ផែនការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៖ «សាលា​ដែល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ ឬ​នៅ​តាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ពេល​ដែល​សិស្ស​ទៅ​សាលា​រៀន​ ត្រូវ​មាន​ការ​ការពារ​របៀប​ម៉េច? ដោយសារ​គាត់​ជិះ​ទូក ឬ​ក៏​ដើរ​ឆ្លង​កាត់​ទឹក​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ឬ​ក៏​ខូចខាត​សម្ភារៈ​អប់រំ កុមារ​ត្រូវ​មាន​វិធី​ការពារ​ខ្លួន។ ក្នុង​សហគមន៍​ដូច​គ្នា ប្រជាពលរដ្ឋ​ក៏​ត្រូវ​ធ្វើ​ផែនការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​សហគមន៍​ហើយ​ ធ្វើ​សកម្មភាព​កាត់​បន្ថយ»។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៤ របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាង​គេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក​ដែល​ជា​ឧបសគ្គ ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​នេះ។ ជាក់​ស្ដែង​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ ៤៩​នាក់​ស្លាប់ និង​ពលរដ្ឋ​ជាង ១៦​ម៉ឺន ៦​ពាន់​នាក់​រង​ផល​ប៉ះពាល់។ ក្រៅ​ពី​នេះ​ផ្ទៃដី​កសិកម្ម​ជា​ច្រើន​ពាន់​ហិកតារ​រង​ការ​បំផ្លិចបំផ្លាញ ប៉ះពាល់​ដល់​សត្វ​ធាតុ និង​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។ គ្រោះ​ទឹក​ជំនន់​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជា​ដើម។

ដោយ​ឡែក​ក្រសួង​ បរិស្ថាន​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​ប្រមាណ ១.២០០​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ឆ្លើយតប​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨៕

No comments: