របាយការណ៍របស់វិទ្យាស្ថានធនធានពិភពលោក (World Resources Institute-WRI) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០១៥នេះ ដោយផ្អែកលើទិន្នន័យរបស់ក្រុមហ៊ុន Google តាមរូបភាពប្រព័ន្ធផ្កាយរណប Landsat និងការប្រមូលទិន្នន័យដោយសាកលវិទ្យាល័យ Maryland នៃសហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា អត្រាបាត់បង់ផ្ទៃដីគម្របព្រៃឈើរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល១៤ឆ្នាំកន្លងទៅ មានការកើនឡើង១៤,៤% ជាលំដាប់ថ្នាក់មានអត្រាលឿនបំផុតក្នុងពិភពលោក ខណៈប្រទេស Sierra Leone ជាប់ចំណាត់ថ្នាក់លេខ២(កើនឡើង១២,៨%) និងប្រទេស Madagascar ប្រទេស Uruguay ប្រទេស Paraguay ជាប់ចំណាត់ថ្នាក់លេខ៣ ។
WRI បានលើកឡើងថា ទិន្នន័យនេះ បានធ្វើឲ្យមានការព្រួយបារម្ភខ្លាំងឡើងចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ក្តៅចំនួន៤ជុំវិញពិភពលោក ក្នុងនោះរួមមានទាំងអាងទន្លេមេគង្គផងដែរ ។
កម្មវិធីឃ្លាំមើលព្រៃឈើសកល (Global Forest Watch) ដែលជាផ្នែកមួយរបស់ WRI បានបញ្ជាក់ថា កម្ពុជាបានបាត់បង់ផ្ទៃដីព្រៃឈើសរុប ១,៤៤លានហិកតា ឬស្មើនឹង១៤.៤៧១គីឡូម៉ែត្រក្រឡានៃផ្ទៃដីព្រៃឈើចន្លោះពីឆ្នាំ២០០១ដល់ឆ្នាំ២០១៣ ។
ផែនទីស្តីពីការបាត់បង់ព្រៃឈើពិភពលោកដែលបានធ្វើបច្ចុប្បន្នភាព ដោយសាកលវិទ្យាល័យ Maryland នៃសហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា កម្ពុជារងការបាត់បង់ព្រៃឈើយ៉ាងច្រើន និងឆាប់រហ័សនៅក្នុង និងជុំវិញតំបន់ដីសម្បទានសេដ្ឋកិច្ច ក្នុងនោះមានខ្លះឋិតនៅក្នុងតំបន់អភិរក្សការពារ ជាអាទិ៍ នៅតំបន់ដីសម្បទានសេដ្ឋកិច្ចឋិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភាគខាងត្បូងខេត្តព្រះវិហារ និងក្នុងតំបន់អភិរក្សជីវៈចម្រុះស្នួលសីមា ឋិតនៅតាមបណ្តោយព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ។
វិទ្យាស្ថានធនធានពិភពលោក (WRI) បានបង្ហាញទិន្នន័យថា ពិភពលោកបានបាត់បង់ផ្ទៃដីគម្របព្រៃឈើអស់ជាង១៨លានហិកតា ក្នុងឆ្នាំ២០១៤កន្លងទៅ ។
មិនទាន់បានដឹងអំពីប្រតិកម្មតបរបស់រាជរដ្ឋាភិបាលកម្ពុជាទៅនឹងរបាយការណ៍របស់ WRI នោះយ៉ាងណានៅឡើយទេ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ៕

No comments:
Post a Comment