A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 21 September 2015

តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ពលរដ្ឋ​៣​នាក់​ពាក់ព័ន្ធ​រឿង​ដីធ្លី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ពលរដ្ឋ​៣​នាក់​ពាក់ព័ន្ធ​រឿង​ដីធ្លី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

ដោយ សូត សុខប្រាថ្នា
2015-09-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ជម្លោះ​ដីធ្លី​កំពង់ធំ ៦២០
អ្នកស្រី ឃាង សុខលាង (ពី​ឆ្វេង​ទី​២) អ្នកស្រី ឃាង សុខលាប (ពី​ឆ្វេង​ទី​៣) លោក ចង់ ប៊ុនធឿន (ស្ដាំ) រស់នៅ​ភូមិ​សូងសាង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៥។ 
Photo LICADHO
ទាញ​យក​កម្មវីធី
តុលាការ​ខេត្ត​កំពង់ធំ សម្រេច​ដោះ​លែង​ប្រជាពលរដ្ឋ​បី​នាក់​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ពាក់ព័ន្ធ​រឿង​ដីធ្លី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា។ ការ​ដោះ​លែង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​រីករាយ ដោយ​អះអាង​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឡើយ។
ដីកា​សម្រេច​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ គឺ​លោក អ៊ីវ បូរិន្ទ នៅ​ថ្ងៃ​ទី​២០ កញ្ញា បាន​សម្រេច​ដាក់​ជន​ទាំង​បី​នាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​របស់​តុលាការ។ ក្នុង​ដីកា​បញ្ជាក់​ថា ការ​សម្រេច​នេះ​ព្រោះ​សំណុំ​រឿង​មួយ​នេះ​នៅ​មិន​ទាន់​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ ទើប​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ដែល​ត្រូវ​ចោទ​ទាំង​នោះ។
យ៉ាង​ណា ក្នុង​ដីកា​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ធានា​បាន​ថា ជន​ត្រូវ​ចោទ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​តុលាការ និង​ជៀសវាង​ដល់​ការ​រាំង​ស្ទះ​នៃ​នីតិវិធី​ស៊ើបសួរ ទើប​ខាង​ចៅក្រម​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ទាំង​នោះ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ម្យ៉ាង គឺ​ឲ្យ​ស្រប​តាម​មាត្រា​២២៣ មាត្រា​២២៦ និង​មាត្រា​២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។
វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក អ៊ីវ បូរិន្ទ ដើម្បី​សាកសួរ​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ កញ្ញា។
ទោះ​ជា​បែប​នេះ​ក្តី ក្នុង​ដីកា​សម្រេច​បញ្ជាក់​ថា ជន​ដែល​ត្រូវ​ចោទ​ទាំង​បី​នាក់ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ រួម​មាន ពលរដ្ឋ​ទាំង​នោះ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ក្រយា រាល់​មួយ​ខែ​ម្តង។ លើស​ពី​នេះ ពួក​គេ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះ​ហៅ​របស់​ចៅក្រម ឬ​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ទាំង​បី​នាក់​មិន​ត្រូវ​ទៅ​កាន់​តំបន់​មាន​ជម្លោះ ឬ​ក៏​កាន់​កាប់​ដី​រដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សន្ទុក សហការ​ជាមួយ​សមត្ថកិច្ច ក្រោម​ការ​ដឹក​នាំ​ដោយ​មន្ត្រី​តុលាការ បាន​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ រួម​មាន អ្នកស្រី ឃាង សុខលាង អ្នកស្រី ឃាង សុខលាប ត្រូវ​ជា​បង​ប្អូន​នឹង​គ្នា ព្រម​ទាំង លោក ចង់ ប៊ុនធឿន ជា​ប្ដី​របស់ អ្នកស្រី ឃាង សុខលាង ពាក់ព័ន្ធ​រឿង​ចូល​កាន់​កាប់​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។ ពួក​គេ​ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​សូងសាង ឃុំ​ក្រយា និង​ជា​កម្មករ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ឈ្មោះ តាន​បៀន (Tan Bien) នៅ​ទីនោះ។
យ៉ាង​ណា ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ គឺ​អ្នកស្រី ឃាង សុខលាប សម្ដែង​អារម្មណ៍​ត្រេកអរ ខណៈ​តុលាការ​សម្រេច​ដោះ​លែង​ពួក​គេ។ អ្នកស្រី​អះអាង​ថា ពួក​គាត់​ទាំង​បី​នាក់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឡើយ ប៉ុន្តែ​ស្រប​ពេល​អាជ្ញាធរ​ចុះ​រក​ចាប់​ខ្លួន​ឪពុក​អ្នកស្រី​មិន​បាន ទើប​ឈាន​ទៅ​ចាប់​ខ្លួន​ពួក​គាត់៖ «ខ្ញុំ​អត់​បាន​មក​តវ៉ា បង​ថ្លៃ​ខ្ញុំ​ហ្នឹង​អត់​បាន​មក​តវ៉ា​ទេ ប៉ុន្តែ​ពេល​គេ​ចាប់​ទៅ ខ្ញុំ​និង​បងស្រី​ខ្ញុំ​ហ្នឹង​ឃើញ​អ៊ីចឹង ក៏​មាន​អារម្មណ៍​ថា​ភ័យ ហើយ​ទៅ ខ្ញុំ​ក៏​ជួយ​ចាប់​ដៃ​សួរ​ប៉ូលិស​ថា ចាប់​បង​ថ្លៃ​ខ្ញុំ​ធ្វើ​អី? ហើយ​ក៏​គ្រវែងគ្រវាត់​គ្នា ហើយ​ក៏​ចាប់​ខ្ញុំ បង​ខ្ញុំ បង​ថ្លៃ​ខ្ញុំ​ដក់​ខ្នោះ»


ទាក់ទង​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញ៉ូង សាមឿន មាន​ប្រសាសន៍​ថា ការ​ដោះ​លែង​ពលរដ្ឋ​ទាំង​បី​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​ពួក​គេ​ទាំង​នោះ​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «អ៊ីចឹង​ខ្ញុំ​យល់​ថា ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ហើយ ពីព្រោះ​គាត់​ពិនិត្យ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ទៅ ឃើញ​ថា ពួក​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មក​នេះ គឺ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ផ្ទាល់​នោះ​ទេ»
យ៉ាង​ណា ក្នុង​ដីកា​សម្រេច​របស់​តុលាការ​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​ទាំង​នោះ​គេចវេស​ពី​កាតព្វកិច្ច​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​ចេតនា ខាង​ចៅក្រម​ស៊ើបសួរ​ក៏​អាច​សម្រេច​ឃុំ​ខ្លួន​ជន​ទាំង​នោះ​បណ្ដោះអាសន្ន​បាន​តាម​មាត្រា​២៣០ នៃ​ក្រមព្រហ្មទណ្ឌ។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ គឺ​ជួយ​លើក​តម្កើង​ដល់​មុខ​មាត់​តុលាការ​ខេត្ត​កំពង់ធំ បាន​ច្រើន ពីព្រោះ​កន្លង​មក លោក​សង្កេត​ឃើញ​ថា តុលាការ​ខេត្ត​នេះ​មិន​បាន​លើក​កម្ពស់​ការ​អនុវត្ត​ផ្លូវ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​ករណី​នេះ​ទេ៕

No comments: